សោម សុធា ៖ ជីវិត​ហ៊ឺហា​សុំលុយ​ម៉ែចាយ​ ទិញម៉ូតូ​រាប់ពាន់ដុល្លារ​​ខាតលុយទទេៗ​ បើយកទិញដី​ចំណេញ​រាប់ម៉ឺន​$

ពួកអ្នកមានតែងនិយាយថា “បើយើងអាចលះបង់ភាពហ៊ឺហាបានហើយ នោះយើងមិនចាំបាច់ភ័យខ្លាចនឹងការដែលគ្មានលុយចាយទៀតនោះទេ។ ការចំណាយច្រើនទៅលើសម្ភារៈនិយម វាពិតជាបង្ហាញថាយើងឡូយ និងទាន់សម័យណាស់ តែសម្រាប់ពួកអ្នកមាន ពួកគេបានស្គាល់ច្បាស់អំពីរបស់ចាំបាច់ និងរបស់ត្រូវការ ដូច្នេះការចំណាយអ្វីមួយ គឺផ្តោតសំខាន់លើរបស់ចាំបាច់ ជាជាងរបស់ហ៊ឺហា។

មកមើលខ្សែជីវិតរបស់លោក សោម សុធា ដែលជានាយករងផ្នែកបណ្តុះបណ្តាល ក្រុមហ៊ុនធានារ៉ាបរង AIA  និងជាវាគ្មិនខាងលើកទឹកចិត្តដ៏ល្បីមួយរូប គាត់បានស្គាល់ច្បាស់អំពីរបស់ចាំបាច់ និងរបស់ត្រូវការ ហើយគាត់បានប្រើប្រាស់ភាពវ័យឆ្លាតផ្នែកហិរញ្ញវត្ថុមួយនេះ បានយ៉ាងល្អជាទីបំផុត។ ជាក់ស្តែង នៅពេលគាត់ចូលធ្វើការដំបូង គាត់ក៏ទទួលបានការដូធំមួយពីគ្រួសាររបស់គាត់ ដែលជាទឹកប្រាក់សរុបប្រមាណជិត៣ពាន់ដុល្លារអាមេរិក។

មុនដំបូងឡើយ លោក សុធា គ្រោងនឹងយកលុយនោះ ទៅទិញម៉ូតូធំមួយគ្រឿងគ្រាន់ជិះទៅធ្វើការនឹងគេ ខណៈគាត់មានម៉ូតូខ្លួនឯងមួយស្រាប់។ ដោយហេតុថា ការទិញម៉ូតូធំយកមកជិះ នៅពេលលក់ចេញវិញខាតច្រើន លោក សុធា ក៏បានសម្រេចចិត្តលះបង់ភាពហ៊ឺហា យកលុយប្រមាណជិត៣ពាន់ដុល្លារនោះ ទៅទិញដីមួយកន្លែងនៅក្នុងខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ដីដែលគាត់បានទិញនោះ វាមានតម្លៃប្រមាណជាង១ម៉ឺនដុល្លារទៅហើយ ដូច្នេះគាត់ចំណេញបានជិតមួយម៉ឺនដុល្លារឯណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក សុធា មិនបានលក់ដីដែលគាត់ទិញនោះទេ គាត់បានយកដីនោះ ទៅបញ្ចាំនឹងធនាគារ បានប្រាក់មកវិញប្រមាណ៧ពាន់ដុល្លារអាមេរិក សម្រាប់យកមកធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ខណៈអាជីវកម្មទី១ ដែលលោក សុធា បានចាប់ផ្តើមនោះ គឺការចិញ្ចឹមទា នៅក្នុងខេត្តកំពត ដោយធ្វើការសហការជាមួយកសិករ ដើម្បីយកពងទាមកលក់ដល់រាជធានីភ្នំពេញ។ សព្វថ្ងៃនេះ កសិដ្ឋានចិញ្ចឹមទារបស់លោក សុធា មានទាប្រមាណជាង៧ពាន់ក្បាល។

ដោយឡែក អាជីវកម្មទី២ របស់លោក សុធា គឺការបើកហាងកាហ្វេនៅផ្ទះ។ លោក សុធា ជឿថា ដើម្បីកុំឱ្យផ្ទះដែលទិញមកក្លាយទៅជាបំណុល គាត់ត្រូវធ្វើឱ្យផ្ទះនោះ ក្លាយជាកន្លែងដែលអាចរកចំណូលមកឱ្យគាត់វិញ ដូច្នេះគាត់ក៏សម្រេចចិត្តបើកហាងកាហ្វេតែម្តងទៅ ហើយហាងកាហ្វេមួយនេះ គាត់បានដំណើរការជាង២ឆ្នាំមកហើយ និងបានទាញចំណូលឱ្យមកគាត់យ៉ាងសកម្មជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា លោក សុធា សព្វថ្ងៃនេះ ក្រៅពីមានការងារជានាយករងផ្នែកបណ្តុះបណ្តាល នៅក្នុងក្រុមហ៊ុនធានារ៉ាបរង AIA ហើយ រូបលោកក៏ជាអ្នករកស៊ីផ្នែកអចលនទ្រព្យមួយរូបផងដែរ។ ទន្ទឹមនឹងជំនាញថ្មីៗ ដែលគាត់បានចូល​ប្រឡូក ទាំងការធ្វើអាជីវកម្ម អ្នកបណ្តុះបណ្តាល និងវិស័យអចលនទ្រព្យនេះ លោក សុធា បានលើកឡើងថា “មិនថាអ្នកចង់ប្រឡូកក្នុងវិស័យអ្វីនោះទេ សូមកុំលូកជើងចូលទឹកទន្លេដែលអ្នកមិនដឹងពីជម្រៅ ម្តងជើងពីរឱ្យសោះ”។ ក្នុងន័យនេះ គាត់ចង់មានន័យថា ធ្វើអ្វីក៏ដោយ កុំចាប់ផ្តើមភ្លាមធំភ្លាម ត្រូវចាប់ផ្តើមពីតូច ហើយសិក្សាឱ្យច្បាស់សិន ចាំលោតទៅចាប់របស់ធំតាមក្រោយ ទើបមិនងាយនឹងបរាជ័យ។

ជាមួយគ្នានេះ លោក សោម សុធា ក៏បានបង្ហើបពីរបៀបទិញដីផងដែរ គឺត្រូវទិញដីណាដែលជាប់នឹងផ្លូវធំ ជិតគម្រោងរោងចក្រ និងមានក្រុមហ៊ុនធំៗច្រើនកាន់តែល្អ ជាពិសេសដីដែលចង់ទិញនោះ ត្រូវមានប្លង់រឹងត្រឹមត្រូវ កុំទិញដីណាដែលល្បីតាមតែមេខ្យល់ឱ្យសោះ៕