មហាសេដ្ឋី​ Tony Robbins ៖ មានលុយមិនប្រាកដថា ទិញ​អ្វី​បានសព្វគ្រប់យ៉ាង​ដែរ ប៉ុន្តែ​ដើម្បីជីវិត​អ្នក​គួរ​ធ្វើ​រឿងនេះ​

លុយតែមួយមិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យអ្នកសប្បាយចិត្តនោះទេ មហាសេដ្ឋី Tony Robbins បានអោយដឹងថាការជួយអ្នកដទៃអាចផ្តល់ឱ្យអ្នកនូវភាពសប្បាយរីករាយយូរអង្វែង និងអារម្មណ៍នៃទ្រព្យសម្បត្តិពិត។

លោក Robbins បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា មនុស្សជាច្រើនទទួលបានប្រាក់រាប់ពាន់លានដុល្លារ ប៉ុន្ដែពួកគេនៅតែមិនអាចក្លាយជាអ្នកមានបានដដែរ ពីព្រោះទ្រព្យសម្បត្តិគឺជាអារម្មណ៍ វាជាចិត្តគំនិត និងជាព្រលឹង។ គាត់បានបន្ថែមថា កំហុសដ៏ធំបំផុតមួយដែលមនុស្សធ្វើ គឺការស្រមើស្រមៃតែលើការរកលុយ ជំនួសឱ្យការលើកកម្ពស់គុណភាពជីវិតសម្រាប់ខ្លួនគេផ្ទាល់ និងមនុស្សដែលពួកគេយកចិត្តទុកដាក់។

មនុស្សភាគច្រើនគិតថា “ខ្ញុំត្រូវតែរកលុយនេះដើម្បីឱ្យគ្រួសាររបស់ខ្ញុំនៅជាមួយគ្នាប្រកបដោយសុភមង្គល ឬខ្ញុំត្រូវតែរកលុយយ៉ាងដូច្នេះដើម្បីមានអាហារនិងចាយវាយបានគ្រប់គ្រាន់។ លោកបានបន្ដថាវិធីនៃការគិតនេះជារឿយៗត្រូវបានគេចាប់ទុកថាជា “ការខ្វះខាតចិត្តគំនិត” ដែលមនុស្សជាច្រើនគិតថាពួកគេមានមិនចេះគ្រប់គ្រាន់នោះទេ។ ដូច្នេះពួកគេស្រមើស្រមៃគោលដៅនៃការចងភ្ជាប់នឹងប្រាក់ជានិច្ច ហើយមិនដែលអើពើនឹងប្រភពនៃសុភមង្គលផ្សេងទៀតឡើយ។ ពួកគេតែងតែគិតថាការមានលុយនឹងធ្វើឲ្យគេមានអ្វីៗគ្រប់យ៉ាង។

លោក Robbins បានសង្កត់ធ្ងន់ថា “ពិតណាស់គុណភាពនៃជីវិតបានមកពីការស្វែងរកមធ្យោបាយដើម្បីបន្ថែមតម្លៃបន្ថែមដល់ជីវិតរបស់អ្នកដទៃ”។

លោក Robbins និយាយថាបើនិយាយពីលុយនិងការទិញសម្ភារៈឬវត្ថុអ្វីមួយ អាចផ្តល់ឱ្យអ្នកនូវការសប្បាយបន្តិចបន្តួច ប៉ុន្តែអារម្មណ៍ល្អនោះមិនមានរយៈពេលយូរទេបន្ទាប់ពីអ្នកបានទិញ។ គាត់បានបញ្ជាកថា «អ្វីដែលមានតម្លៃជាងនេះទៀត ប្រសិនបើអ្នកចង់បានសុភមង្គលពិតនោះគឺបទពិសោធន៏។ អ្នកខ្លះអាចគិតថាដើម្បីទទួលបានបទពិសោធន៍ល្អសម្រាប់ជីវិតគឺការធ្វើដំណើរកម្សាន្ដជាមួយគ្រួសារឬមនុស្សជាទីស្រលាញ់។

ប៉ុន្ដែលោក Robbins បានលើកឡើងថា បទពិសោធដូចវិស្សមកាលមួយអាចបង្កើតនូវការចងចាំយូរអង្វែងដែលផ្តល់សុភមង្គលយូរអង្វែង ប៉ុន្ដែអារម្មណ៍នោះនៅតែមិនប្រៀបធៀបទៅនឹងការធ្វើឱ្យអ្នកដទៃសប្បាយចិត្ត។ គាត់បាននិយាយថា “នៅពេលអ្នកទិញអ្វីមួយសម្រាប់ខ្លួនឯងការសប្បាយនេះស្ទើរតែមិនអាចមានរយៈពេលយូរនោះទេ។ តែការផ្តល់ប្រាក់ឱ្យទៅឲ្យអ្នកដទៃ ពិតជាការផ្តល់នូវសេចក្តីអំណរច្រើនជាងអ្វីៗទាំងអស់នៅលើភពផែនដី។”

មហាសេដ្ឋី Tony Robbins បាននិយាយថា សេចក្តីរីករាយដែលអ្នកទទួលបានពីការជួយអ្នកដទៃអាចផ្លាស់ប្តូរជីវិត។ “អ្នកនឹងស្វែងរកការផ្លាស់ប្តូរដ៏ធំមួយ ហើយការផ្លាស់ប្តូរនោះនឹងផ្លាស់ប្តូររបៀបដែលអ្នកធ្វើជំនួញវានឹងផ្លាស់ប្តូររបៀបដែលអ្នកទាក់ទងគ្រួសារ មិត្ដភក្ដីនិងមនុស្សនៅជុំវិញខ្លួនអ្នក។ អ្នកវានឹងផ្លាស់ប្តូររបៀបដែលអ្នកធ្លាប់មានអារម្មណ៍អាក្រក់ចំពោះ ខ្លួនអ្នកហើយវានឹងផ្តល់ឱ្យអ្នកនូវបទពិសោធន៍វិសេសវិសាលក្នុងជីវិត៕