បើអ្នកចង់រកស៊ីបែបអាជីវកម្មសរីរាង្គ គួរតែយល់ដឹងពីចំណុចគ្រោះហានិភ័យជាមុនសិន នោះអ្នកនឹងឆាប់ជោគជ័យ
ក្នុងប្រទេសកម្ពុជាមានប្រជាពលរដ្ឋជាច្រើនដែលកំពុងប្រកបរបរដាំបន្លែផ្លៃឈើ កសិកម្ម ច្រើនជាងនាំចូលបន្លែផ្លៃឈើពីខាងក្រៅប្រទេស ព្រោះថាការដាំដំណាំខ្លួនឯងនាំឲ្យមានប្រាក់ចំណូលខ្ពស់ ហើយជាមុខរបរបែបបុរាណសម្រាប់ប្រជាជនកម្ពុជាយើងផងដែរ។
សម្រាប់ប្រជាពលរដ្ឋទូទៅមានការខ្លាចចំពោះផលិតផលសរីរាង្គដែលមានសារធាតុគីមីខ្លាំងបំផុត ទើបពួកគេស្វែងរកទីតាំងលក់បន្លែផ្លែឈើដោយខ្លួនឯង ដោយមានទំនុកចិត្តខ្ពស់។ ចំពោះអាជីវករសព្វថ្ងៃមានអ្នកទើបចូលប្រឡូកក្នុងការប្រកបអាជីវកម្មបែបសរីរាង្គនេះជាច្រើន ប៉ុន្តែដោយសារពួកគេទើបនឹងប្រឡូក ដោយមិនបានដឹងពីហានិភ័យជាមុននោះ វាពិតជាគ្រោះថ្នាក់ខ្លាំងជាទីបំផុតសម្រាប់ការដួលនៃអាជីវកម្ម។
ទន្ទឹមនឹងនេះដែរលោក លាង សុខលី ស្ថាបនិកផ្សារគ្រួសារ ជាប្រភេទផ្សារដែលលក់តែ បន្លៃ ផ្លែឈើ អង្ករ ត្រី សាច់ និងគ្រឿងទេសបែបសរីរាង្គគ្រប់មុខទាំងអស់។ ហើយរាល់បន្លែ ផ្លែឈើ និងត្រីនៅហាងរបស់គាត់សុទ្ធតែប្រមូលយកមកពីអ្នកភូមិនៅតាមបណ្ដាលខេត្ដផ្សេងៗ ដែលលោកនិងមិត្ដភក្ដិបានចុះទៅបណ្ដុះបណ្ដាលដោយផ្ទាល់ពីចំណេះដឹងនៃការដាំដុះបន្លៃសរីរាង្គ និងរួមផ្សំពីរបៀបក្នុងការធ្វើជីធម្មជាតិផងដែរ។
លោក លាង សុខលី បានថ្លែងប្រាប់ឲ្យដឹងថា ការដំណើរការអាជីវកម្មប្រទេសសរីរាង្គនេះគឺមានផលវិបាកខ្លាំងណាស់ មិនអ្នកណាៗក៏អាចធ្វើវាបាននោះទេ សូម្បីតែរូបលោកផ្ទាល់ជាអ្នករៀនចប់ខាងកសិកម្មក៏ដូចជាមានជំនាញខាងវិស័យនេះផងនោះ ក៏លោកនៅតែជួបនូវបព្ហាប្រឈមយ៉ាងច្រើន។ លោក សុខលី ក៏បានលើកឡើងថា បញ្ហាប្រឈមដែលបានជួបប្រទះ ក្នុងអំឡុងពេល៣ឆ្នាំ ដែលដំណើរការអាជីវកម្មនេះគឺបញ្ហាផលិតកម្ម ជាបញ្ហាចម្បងដែលកើតមាន។
លោកបានបន្តថា បញ្ហាផលិតកម្មនេះ ទៀតសោតគឺបានបង្កការលំបាកយ៉ាងខ្លាំងក្នុងការដំណើរការអាជីវកម្មប្រភេទនេះ។ ម្ចាស់យីហោ ផ្សារគ្រួសាររូបនេះបានឲ្យដឹងថា ការដាំដុះបន្លែផ្លែឈើដែលមិនដាក់សារជាតិគីមីបែបនេះ គឺទទួលបានទិន្នផលទាបខ្លាំងណាស់ គឺវាផ្ទុយការដាំដុះដាក់ជីគីមី ដែលផលទិន្នផលច្រើនៗរាប់តោននោះទេ ដែលជាហេតុបណ្ដាលទិន្នផលមិនអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គា្រន់នោះទេ។ ដោយឡែកដើម្បីទប់ស្កាត់ ក៏ដូចជាដោះស្រាយបញ្ហាផលិតកម្មនេះ ដើម្បីកុំឲ្យខកខានការផ្គត់ផ្គង់អ្នកអតិថិជន ស្ថាបនិកផ្សារគ្រួសារបានបង្កើនចំនួនកសិករដាំដុះ នៅតាមបណ្ដាលខេត្ដនានា។
មួយវិញទៀតការធ្វើបែបនេះមិនតែអាចជួយឲ្យអតិថិជនទទួលបានបន្លែសុខភាពប៉ុណ្ណោះទេ គឺអាជីវកម្មមួយនេះបានជួយឲ្យកសិករឲ្យចេះដាំដំណាំដោយប្រើជីធម្មជាតិ ដែលមិនប៉ះពាល់ដល់សុខភាព លើសពីនេះទៀតបន្លែ ផ្លែឈើ របស់កសិករក៏អាចទទួលបានតម្លៃខ្ពស់ជាបន្លែដែលដាំដោយប្រើជីគីមី។
ចុងបញ្ចប់ស្ថាបនិកផ្សារគ្រួសារ បានអំពាវនាវដល់យុវជនជំនាន់ក្រោយមុននឹងចូលប្រឡូកអាជីវកម្មបែប គួរតែស្វែងយល់ឲ្យបានច្បាស់សិនអំពីបញ្ហាដែលកំពុងប្រឈម បញ្ហាផលិតកម្ម បញ្ហាផលិតផលបែបប្រភេទគីមី និងប្រភេទដាំដុះបែបធម្មជាតិ ដើម្បីជាទំនុកចិត្តដល់អតិថិជន៕