​អ្នក​ប្រាជ្ញ​ចិន​ ឡៅ​ សឺ​ ៖ «​ពាក្យ​ពិត​ តែង​ពិបាក​ស្ដាប់ ​តែ​​ពាក្យ​ផ្អែមវិញ​​តែង​តែ​មិន​ពិត​»

«​ពាក្យ​ពិត​ តែង​ពិបាក​ស្ដាប់ ​តែពាក្យ​ផ្អែម​វិញ​​តែង​តែ​មិន​ពិត​»។ ​

នេះ​ជា​ សម្ដី​របស់​លោក​ ឡៅ​ សឺ​ ដែល​ជា​អ្នក​ប្រាជ្ញ​របស់​ចិន​ ក្នុង​សម័យ​បុរាណ​។ ​ក្នុង​ន័យ​នេះ ​លោក​ចង់​ប្រាប់​មនុស្ស​​ឲ្យ​​យល់​ច្បាស់​អំពី​មនុស្ស​ដែល​​ចូលចិត្ត​ប្រើប្រាស់​ពាក្យ​សម្ដី«​ផ្អែម» តែ​មានលក្ខណៈ​​ពិសពុល​នៅ​ខាងក្នុង​។

​ជា​ធម្មជាតិ​របស់​មនុស្ស​ គឺ​ចូលចិត្ត​សម្ដី​ផ្អែម ​​និង ​​សម្ដី​ដែល​លើក​សរសើរ​ ប៉ុន្តែ​ភ្លេច​គិត​អំពី​ធាតុ​ពិត​របស់​សម្ដី​ទាំង​នោះ ​ថា​តើ​វា​មាន​លក្ខណៈ​ពិត​ ឬ អត់? ​ហើយ​ហេតុ​អ្វី​បាន​ជា​គេ​និយាយ​ផ្អែម​បែប​នេះ? ​សម្រាប់​មនុស្ស​ដែល​ចង់​បាន​ប្រយោជន៍​ពី​អ្នក ​ឬ ​ចង់​បោក​ប្រាស់​អ្នក ​​ពួក​គេ​មិន​ដែល​ប្រើប្រាស់​ពាក្យ​សម្តី​ណា​មួយ​ធ្វើ​ឲ្យ​ទាស់​ត្រចៀក​នោះ​ឡើយ ​គឺ​មាន​តែ​សរសើរ​ ​ហើយ​មហាសែន​ផ្អែម។​

​នៅ​ពេល​បាន​ឮ​សម្ដី​ដ៏​ផ្អែម​នោះ ​មនុស្ស​ជាច្រើន​បែរ​ជា​ភ្លេច​គិត​អំពី​គោលបំណង​របស់​​អ្នក​ប្រើប្រាស់​វាចា​​ដ៏​ផ្អែម​នោះ ​អ៊ីចឹង​ហើយ​ ​ចុង​ក្រោយ​​តែងតែ​ទឹក​ភ្នែក​​ ​ព្រោះ​លង់​ជឿ​ពាក្យ​គេ​ដោយ​​គ្មាន​ការ​ពិចារណា​អ្វី​ទាំង​អស់​។

​ដូច្នេះ​ហើយ ​​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ចំពោះ​មនុស្ស​ពូកែ​សម្ដី​។ ​សម្រាប់​មនុស្ស​ដែល​​ចូលចិត្ត​និយាយ​​ពាក្យ​ពិត​វិញ ​គឺ​តែងធ្វើឲ្យ​ទើស​ត្រចៀក​ទាំង​ផង​ ព្រោះ​ថា វា​ពិត​ពេក​​ ប៉ុន្តែ​បើ​អ្នក​សាក​បើក​បេះ​ដូង​ដើម្បី​​​ទទួល​​ស្ដាប់​ ហើយ​យកមក​ពិចារណា​ ប្រហែល​ជា​អាច​​មាន​ប្រយោជន៍​ច្រើន​ ​ព្រោះ​​មនុស្ស​ដែល​​និយាយ​សម្ដី​​មិន​សូវ​ផ្អែម​នោះ ​គឺ​មិន​​សូវ​មាន​គោលបំណង​ក្នុង​ការ​ទាញ​យក​ប្រយោជន៍​ពី​អ្នក​​នោះ​ឡើយ​។

​មិន​មែន​មាន​ន័យ​ថា ​ឲ្យ​តែ​មនុស្ស​សម្ដី​ផ្អែម​ដឹង​តែ​ជា​មនុស្ស​បោក​ប្រាស់​នោះ​ទេ ប៉ុន្តែ​ក្នុង​នាម​ជា​​អ្នក​ស្ដាប់​ គឺ​ត្រូវ​តែ​ប្រើ​ខួរក្បាល​​ ដើម្បី​គិត​​ថា​តើ​​ វា​សម​ហេតុផល​ និង អាច​ទទួល​យក​បាន​ឬ​ទេ​? ​មិន​មែន​​គ្រាន់​តែ​ឮ​គេ​សរសើរ​​នោះ ​បែរ​ជា​ព្រម​ជា​មួយ​គ្នា ​ដោយ​ភ្លេច​គិត​ឡើយ​៕