ចង់ខ្ចីប្រាក់មិនចាំ​បាច់ឯកសារច្រើន​! ធនាគារ​ABAគ្រោង​នឹងបញ្ចេញ​សេវា​ប្រាក់កម្ចី​តាម​ទូរសព្ទ័​ដៃរ​ឆាប់ៗនេះហើយ

ABA ជាធនាគារ ដែលមាន App សម្រាប់ឲ្យអតិថិជន ធ្វើប្រតិបត្តិការ សេវាធនាគារ លើស្មាតហ្វូនរបស់ពួកគេផ្ទាល់ ដែល App នេះ ទៀតសោតផ្ដល់ភាពងាយស្រួលដល់អតិថិជន ព្រោះសេវាធនាគារខ្លះគឺពួកគាត់មិនចាំបាច់ធ្វើដំណើរមកសាខាធនាគារ ដើម្បីទទួលសេវាឡើយ។

ទាក់ទិននឹង Mobile App របស់ ABA នេះដែរ បើយោងតាម សាររបស់លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០១៨ថា ឆ្នាំ ២០១៩នេះ ABA នឹងបន្ថែមមុខងារថ្មីៗដល់កម្មវិធីទូរស័ព្ទដៃ ដូចជាមុខងារផ្ទេរប្រាក់អន្តរជាតិ មុខងារស្នើកម្ចីតាមទូរស័ព្ទដៃ ក៏ដូចជា ការភ្ជាប់ជាមួយ Alipay និង UnionPay ដើម្បីជំរុញការទូទាត់តាមQR។

យ៉ាង​ណា​មិញ​ មុខងារស្នើប្រាក់កម្ចីតាមទូរស័ព្ទដៃ យើងមិនទាន់ទទួល ព័ត៌មានលំអិតនៅឡើយទេ  ប៉ុន្ដែវាជាមុខងារថ្មីមួយសម្រាប់ធនាគារ ពាណិជ្ជ ហើយក៏ជាអ្វីដែលអតិថិជនចង់បានផងដែរ ព្រោះវាផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជន ដោយពួកគាត់មិនចាំបាច់ចំណាយពេលធ្វើដំណើរទៅកាន់សាខាធនាគារដើម្បីបំពេញឯកសារឡើយ ពោលគឺមានតែស្មាតហ្វូនមួយអាចធ្វើការស្នើប្រាក់កម្ចីបានហើយ។

គួរជម្រាបផងដែរថា ក្នុងឆ្នាំ២០១៨ ធនាគារ ពាណិជ្ជដ៏ធំមួយនេះទទួលបានជោគជ័យ លើអាជីវកម្មរបស់ខ្លួនគួរឲ្យកត់សម្គាល់។ ត្រឹមបំណាច់ឆ្នាំ២០១៨ ABA ទ្រព្យសកម្មកើនឡើង ចំនួន៦៥ភាគរយ បើធៀបនឹងកំណើននៃ ឆ្នាំ២០១៧ ដោយត្រឹមបំណាច់ឆ្នាំ២០១៨ ទ្រព្យសកម្មរបស់ ABA កើនដល់២.៧ពាន់លានដុល្លារ។

ក្នុងនោះដែរ យើងសង្កេតឃើញថា ប្រាក់ចំណេញ របស់ធនាគារ ABA ក៏កើនឡើងច្រើនផងដែរ ដោយកើនឡើងចំនួន៥៥ភាគរយ ពោលគឺប្រាក់ចំណេញសុទ្ធរបស់ ABA មានចំនួន៧២លានដុល្លារ។ ចំណែក ប្រាក់បញ្ញើរកើនបាន៧២ភាគរយ ដោយកើនដល់២.២ពាន់លានដុល្លារ ខណៈអ្នកដាក់ប្រាក់បញ្ញើរមានចំនួន៤២៦.១ពាន់នាក់៕