អ្នក​ស្រី ស្រ៊ាត មុំសុភា សុខ​ចិត្ត​បោះ​បង់​ក្រុម​ហ៊ុន​អាកាស​ចរ​ចោល ប៉ុន្តែ​បង្កើត​យូ​&មីស្ប៉ា​ បាន​យ៉ាង​ជោគជ័យ​

លោកស្រី មុំសុភា គឺជាអគ្គនាយិកាក្រុមហ៊ុន យូ&មីស្ប៉ា ការងារដំបូងរបស់លោកស្រីគឺធ្វើការនៅក្រុមហ៊ុន​ទេសចរណ៍ បន្ទាប់ពីឈប់នៅក្រុមហ៊ុនទេសចរណ៍មួយនេះ គាត់ក៏បានមកធ្វើនៅក្រុមហ៊ុនទីពីរ គឺក្រុមហ៊ុន អាកាសចរ​​​​​ គាត់មានឱកាសបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន លោកស្រីតែងតែ សង្កេតគ្រប់សកម្មភាព ពីស្ថានភាព នៅតាមប្រទេសនីមួយៗ  ពីអាជីវកម្មអ្វីដែលនៅស្រុកខ្មែរ​មិនទាន់មាន ក្រោយមកក៏បានចាប់អារម្មណ៍យ៉ាងខ្លាំង លើអាជីវកម្ម ស្ប៉ា។

ស្ថាបនិក យូ&មីស្ប៉ា​រូបនេះ បានបង្ហើបថា “ក្រោយពីធ្វើការជានារីអាកាសចរអស់រយៈពេលជាច្រើនឆ្នាំមក ហើយក៏បានរកឃើញនូវក្តីស្រមៃរបស់ខ្លួនផងនោះ និងព្រោះតែក្តីស្រលាញ់ខាងវិស័យស្ប៉ាខ្លាំងទៀត ទើបសម្រេចចិត្តបោះបង់ការងារ ក៏ងាកមកបង្កើតក្រុមហ៊ុនយូ&មីស្ប៉ានេះឡើង។ លោកស្រី បានសង្កត់ធ្ងន់ថា”​ យូ&មីស្ប៉ានេះដែរ​ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មកម្លេះ បើគិតមកដល់ឥឡូវនេះ គឺ១៤ឆ្នាំមកហើយ​។

​គាត់ក៏បានលើកឡើង បន្ថែមទៀតថា”​ទម្រាំធ្វើឲ្យអាជីវកម្មនេះអាចឈរជើង នៅលើទីផ្សារ​យូរអង្វែង មិនមែនជារឿងដែលស្រួលនោះទេ ខ្ញុំបានឆ្លងកាត់នូវឧសបគ្គជាច្រើន ជាពិសេសគឺក្រុមគ្រួសារតែម្តង​គឺពួកគាត់អត់បានយល់ស្រប មិនសប្បាយចិត្ត ចំពោះអាជីវកម្ម ថាជាមុខរបរមួយដែលគ្មានភាពស្អាតស្អំ ហើយក៏​មានមនុស្សមួយចំនួន គេមិនសូវឲ្យតម្លៃ មកលើអាជីវកម្មនេះដែរ ប៉ុន្តែលោកស្រីបន្តជម្នះ នូវបញ្ហាទាំងនេះ ។

ហើយការចាប់ផ្តើមធ្វើអាជីវកម្មតាំងពីដើមទុនតិចតួច រហូតមកដល់ពេលនេះ ខ្ញុំឃើញខ្លួនឯងថាខុសគ្នាឆ្ងាយ ហើយដែលអ្វីដែលយើងបានលះបង់ បានចេញជាផ្លែផ្កា។ ហើយវាមិនមែនសម្រាប់តែខ្លួនខ្ញុំទេ ដែលខ្ញុំរកស៊ីបានចំណូល មានស្ថិរភាព។ វាក៏អាចជួយដល់សេដ្ឋកិច្ចក្នុងស្រុក ជួយប្រជាជនមានការងារធ្វើ ទាំងក្នុងក្រុមហ៊ុន និងពលរដ្ឋទូទៅ ដែលធ្វើការក្នុងវិស័យទេសចរណ៍ រួមទាំងអ្នករត់ម៉ូតូឌុប ភោគជនីយដ្ឋាន ជាដើម។

ក្នុងពេលបច្ចុប្បន្ននេះដែល​ក្រុមហ៊ុនយូ&មីស្ប៉ា មានសាខាចំនួន៣នៅក្នុងរាជធានីភ្នំពេញ ។សាខាទាំងនោះរួមមាន  សាខាបឹងកេងកង ផ្ទះលេខ ១៨ ផ្លូវ ៣០៦ សង្កាត់បឹងកេងកង១ និងសាខាមាត់ទន្លេ ២២៩ ដងវិថីស៊ីសុវត្តិ មាត់ទន្លេ ជាដើម។

ចុងក្រោយ លោកស្រី​ បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ឲ្យខិតខំរៀនសូត្រ​ឲ្យច្បាស់លាស់ នៅជំនាញ ដែលខ្លួនស្រលាញ់ ហើយមានតែចំណេះដឹង​ទេ ដែលនាំឲ្យយើងម្នាក់ៗ ទទួលបានការរីកចម្រើន នាពេលអនាគត។

គួរជម្រាបថាលោកស្រី​ ស្រ៊ាត​ មុំសុភា មិនត្រឹមតែជាស្ថាបនិកនៅក្រុមហ៊ុន U& Me Spa និងក៏ជានាយិកាគ្រប់គ្រងក្រុមហ៊ុន សុហ្វីយ៉ា និងជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា៕