Warren Buffett ៖ បើអ្នក​ទិញ​Bitcoin ឬលុយ​​ឌីជីថល​ នោះអ្នកគ្មាន​អ្វី​ដែលត្រូវ​យកទៅបង្កើត​របស់ថ្មីអ្នកនោះទេ

104

ស្របពេលមនុស្សរាប់លាននាក់ជ្រោលជ្រើមតាមគ្នាយកលុយទៅទិញ Bitcoin ក៏ដូចលុយឌីជីថលផ្សេងទៀត បិតាវិនិយោគ Warren Buffett បានចេញមុខបកស្រាយឲ្យអ្នកទាំងអស់គ្នាយល់ច្បាស់ថា “ទិញ Bitcoin មិនមែនជាការវិនិយោគទេ ខុសពីទិញភាគហ៊ុន ឬទិញអចលនទ្រព្យ”។

មហាសេដ្ឋីរូបនេះពន្យល់ថា “បើអ្នកទិញ Bitcoin ឬលុយឌីជីថលផ្សេងទៀត អ្នកគ្មានអ្វីដែលត្រូវយកទៅបង្កើតរបស់ថ្មីទេ អ្នកគ្រាន់តែសង្ឃឹមថាមនុស្សក្រោយៗទៀតនឹងចាយលុយកាន់តែច្រើន ហើយអ្នកគ្រាន់តែមានអារម្មណ៍ថា អ្នកអាចស្វែងរកមនុស្សម្នាក់ ដែលម្នាក់នោះគិតថា គេអាចនឹងស្វែងរកមនុស្សក្រោយៗទៀតបង់លុយពីលើតម្លៃនេះទៀត។ លោក Buffett បញ្ជាក់ថា “អ្នកមិនមែនកំពុងតែវិនិយោគទេ ពេលអ្នកធ្វើបែបនេះ តែអ្នកគ្រាន់តែធ្វើស្មានៗប៉ុណ្ណោះ”។

គួរបញ្ជាក់ថា Bitcoin មិនមែនជាផលិតផលដែលអ្នកយកលុយទៅវិនិយោគហើយវាកើតជាផលិតផលថ្មីទេ ដូច​ដែលមហាសេដ្ឋី Warren Buffett បានលើកឡើង ខុសពីការទិញអចលទ្រព្យ ដែលវាអាចឲ្យអ្នកយកទៅកែច្នៃចេញជាអ្វីថ្មី និងធ្វើឲ្យតម្លៃវាកើនឡើងតាមរយៈរ​បស់ថ្មីនេះ តែ Bitcoin នៅតែជា Bitcoin តម្លៃកើនឡើងលុះត្រាអ្នកមកទិញតាមក្រោយគេហ៊ានចាយលុយច្រើន ដូចច្នោះបើអ្នកទិញ Bitcoin មិនខុសពីផ្ញើវាសនាទៅលើអ្នកដទៃទេ។

មហាសេដ្ឋីរូបនេះបន្តថា “បើអ្នកគ្មានឆន្ទៈទិញផ្សារហ៊ុនសម្រាប់រយៈពេល១០ឆ្នាំទេ កុំគិតពីការទិញវាត្រឹមតែរយៈពេល ១០ នាទីអី”។ លោកថា ការវិនិយោគ គឺអ្វីដែលអ្នកទិញត្រូវតែមានតម្លៃរបស់វា ឧទាហរណ៍ថា អ្នកទិញកសិដ្ឋាន ឬអាជីវកម្មមួយ អ្នកត្រូវថ្លឹងថ្លែងថា បន្ទាប់ពីគ្រប់យ៉ាងដំណើរការបានល្អប្រសើរ តើអ្នកនឹងទទួលបានផលិតផលអ្វីពីកសិដ្ឋាន តើអាជីវកម្មនោះនឹងទទួលបានអ្វី ទោះបីជាគេបិទការជួញដូរកសិដ្ឋាននេះ អ្នកនៅតែទទួលបានផលចំណេញដដែល នេះទើបហៅថាការវិនិយោគដែលត្រឹមត្រូវ។

ត្រឡប់មក Bitcoin វិញ តម្លៃរបស់វាកើនឡើងដោយសារការទិញលក់ ហើយតម្លៃរបស់វាបានមកពីឆន្ទៈរបស់អ្នកទិញដែលហ៊ានឲ្យតម្លៃកាន់តែខ្ពស់។ ប្រសិនបើគេបិទការជួញដូរ Bitcoin បន្តទៀតទេ តើមានមនុស្សប៉ុន្មាននាក់ដែរស្គាល់ Bitcoin ប្រហែលជាគេនិយាយថា “តើហេតុអ្វីខ្ញុំត្រូវចាយលុយទិញវា?” ពេលនោះអ្នកនឹងលែងបានចំណេញលុយទៀតហើយ។

កាលពីចុងឆ្នាំ ២០១៧ Bitcoin ស្រាប់តែមានតម្លៃហក់ឡើងដល់១៣០០០ ដុល្លារ ហើយបន្តឡើងចុះៗ រហូតដល់ថ្ងៃនេះវាមានតម្លៃត្រឹមតែ៧៥៧៦.៦០ដុល្លារប៉ុណ្ណោះ។ គួរបញ្ជាក់ថា គ្មានអ្នកណាអាចសន្និដ្ឋានពីអនាគត Bitcoin ច្បាស់លាស់ទេ គ្រាន់តែមានអ្នកវិនិយោគខ្លះលើកឡើងថា វាអាចនឹងបញ្ចប់ទៅដោយអាក្រក់បំផុត៕

Loading...
TodaySharing News

FREE
VIEW