Jack Ma ៖ ប្រសិនបើអ្នក​អនុវត្ត​ត្រឹមតែ៥ចំណុច​ក្នុងកន្លែងការងារ​របស់អ្នក នោះអ្នកនឹង​ឆាប់បានឡើង​តួនាទី​បំផុត

1,115

មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា យុវជនកម្ពុជាកាន់តែច្រើនឡើងៗមានទំនោរចង់ក្លាយជាអ្នកដឹកនាំ ឬជាបុគ្គលដ៏លេចធ្លោម្នាក់ដែលទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួន។ ដោយហេតុនេះហើយ ទើបខ្ញុំនឹងលើកយកនូវតិចនិកចំនួន៥ ដែលអាចធ្វើឲ្យពួកគេអាចវិវត្តន៍ពីបុគ្គលិកសាមញ្ញធម្មតា​មកជាមេដឹកនាំមួយរូបយ៉ាងឆាប់​រហ័សជាងមុន។

១.កំណត់គោលដៅ៖ ដំបូងបំផុត យើងត្រូវកំណត់គោលដៅឲ្យបានច្បាស់ថាយើងពិតជាចង់ឡើងតំណែងពិតមែនដែរឬទេ? បុគ្គលមួយចំនួនដែលគ្មានមហិច្ឆតា ឬមិនមានគំនិតចង់រីកចម្រើន គឺពួកគេធ្វើការពីមួយថ្ងៃទៅមួយថ្ងៃដើម្បីតែរស់តែប៉ុណ្ណោះ។ ពួកគេធ្វើការខ្លាចហួសពេលវេលាទៅផ្ទះ ខ្លាចថៅកែចំណេញ ហើយធ្វើយ៉ាងណាកុំឲ្យតែថៅកែដេញចេញពីការងារតែប៉ុណ្ណោះ។

២.បង្កើនលទ្ធផល ១១០ភាគរយ៖ នៅក្នុងចំណុចនេះគឺមានន័យថា អ្នកត្រូវផ្ដល់លទ្ធផលជាវិជ្ជមានទៅដល់មេដឹកនាំនៅក្នុងក្រុមហ៊ុនឲ្យបានលើសយ៉ាងហោចណាស់ ១០%ជានិច្ច។ ឧទាហរណ៍ថាមេរបស់អ្នកដាក់ការងារឲ្យអ្នកធ្វើ ហើយគាត់រំពឹងថាអ្នកអាចសម្រេចវាបានលទ្ធផលត្រឹម ១០០ %ប៉ុន្តែជាក់ស្ដែងអ្នកអាចធ្វើវាបានល្អដល់ទៅ ១១០ % ឬ ២០០% នោះវានឹងធ្វើឲ្យមេដឹកនាំរបស់អ្នកមានភាពសប្បាយចិត្តជាពន់ពេកចំពោះអ្នក។

៣.ទំនាក់ទំនងល្អ៖ អ្នកត្រូវតែជាមនុស្សម្នាក់ដែលមានទំនាក់ទំនងល្អជាមួយនឹងមិត្តរួមការងារ ជាមួយនឹងមេក្រុម និងមនុស្សគ្រប់រូបនៅក្នុងអង្គភាព។ មិនខ្វល់ថាអ្នកអាចធ្វើកិច្ចការងារបានល្អប៉ុណ្ណានោះទេ បើសិនជាអ្នកជាមនុស្សដែលតែងតែឈ្លោះទាស់ទែងជាមួយនឹងបុគ្គលិក ឬបុគ្គលផ្សេងៗនៅក្នុងក្រុមហ៊ុន នោះប្រាកដណាស់គេនឹងមិនតម្លើងតំណែងឲ្យអ្នកក្លាយជាមេ ឬឡើងតំណែងជាដាច់ខាត ព្រោះវាអាចធ្វើឲ្យបែកបាក់សាមគ្គី និងបំបាក់កម្លាំងចិត្តធ្វើការរបស់បុគ្គលិកដទៃទៀត។

៤.ជួយក្រុម៖ ជួយអ្នកដទៃក៏ប្រៀបបីដូចជាអ្នកជួយខ្លួនឯងអ៊ីចឹងដែរ។ អ្នកត្រូវខិតខំធ្វើកិច្ចការរបស់ខ្លួនឲ្យបានសម្រេចឆាប់រហ័ស បន្ទាប់មកអ្នកគួរតែយកពេលវេលាដែលនៅសល់ជួយដល់មិត្តរួមការងារដទៃទៀត។ នោះវានឹងបង្ហាញថាអ្នកជាមនុស្សចិត្តទូលាយ ចេះជួយអសារអ្នកដទៃ និងគួរឲ្យចង់រាប់អាន ស័ក្តិសមជាមេដឹកនាំមួយរូបផងដែរ។

៥.បង្ហាញភាពជាអ្នកដឹកនាំ៖ អ្នកត្រូវបង្ហាញថា អ្នកជាមនុស្សដែលមានសមត្ថភាពអាចគ្រប់គ្រងដឹកនាំខ្លួនឯង ឬដឹកនាំក្រុមបាន។ ត្រូវមានគំនិតផ្ដួចផ្ដើមក្នុងការធ្វើអ្វីមួយឲ្យបានមុនគេ មិនត្រូវចាំតែអ្នកដទៃបង្គាប់បញ្ជាទើបដឹងត្រូវធ្វើអ្វីនោះទេ ត្រូវមានស្មារតីទទួលខុសត្រូវ ចេះលើកទឹកចិត្ត ការប្ដេជ្ញាចិត្តជាដើម និងចំណុចវិជ្ជមានជាច្រើនទៀតដែលអាចបង្ហាញថាអ្នកមានគ្រប់លក្ខណៈដែលអាចក្លាយជាអ្នកដឹកនាំមួយរូបបានហើយ៕

Loading...