សញ្ញាល្អៗ ៣យ៉ាង បញ្ជាក់ការរកស៊ីរបស់អ្នក គឺល្អ ឬមិនល្អ (ជោគជ័យ ឬមិនជោគជ័យ)

110

អាថ៌កំបាំង​នៅ​ពីក្រោយ​ថា ​តើ​ការ​រកស៊ី​គឺ​ជា​រឿ​ង​ល្អ ឬ​មិន​ល្អ​សម្រាប់​អ្នក​នៅ​ពេល​និយាយ​​ពី​ភាព​មាន​បាន មនុស្ស​ភាគច្រើន​​បាន​នឹក​ឃើញ​ភ្លាម​ដល់​​ការ​រកស៊ី ត្បិតអី​ពួកគេ​យល់​ថា នេះ​ជា​វិថី​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ឆាប់​កសាង​ភាព​មាន​បាន​យ៉ាង​ឆាប់រហ័ស។ ក៏ប៉ុន្តែ​ពួកគេ​អាច​នឹង​ភ្លេច​សួរ​ខ្លួនឯង​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ក្នុង​ចំណោម ១០ នាក់​​​​ជោគជ័យ​ក្នុង​មុខ​ជំនួញ? នេះ​បញ្ជាក់​ថា ជីវិត​ជា​អ្នក​ជំនួញ គឺ​​ទាមទារ​លក្ខណសម្បត្តិ​​ច្រើន​ណាស់​ ហើយ​​ថា អ្នក​មាន​លក្ខណសម្បត្តិ​ទាំងនោះ​ដើម្បី​ធ្វើ​ជំនួញ​ឬ​អត់ គឺ​ត្រូវ​ពិនិត្យ​មើល​ចំណុច​ទាំង​អម្បាលម៉ាន​ខាងក្រោម​នេះ៖

សញ្ញាណ ៣ បញ្ជាក់​ថា ការ​រកស៊ី​ជា​រឿង​ល្អ​សម្រាប់​អ្នក

១.អ្នក​​ចាប់​ផ្តើម​ធុញថប់​នឹង​​ទំនៀមទម្លាប់​ធ្វើការ​ឲ្យ​គេ

តើ​អ្នក​​ធ្លាប់​​មាន​ធ្លាប់​ធ្វើ​ការ​មួយ ឬ​ច្រើន​ក្រុមហ៊ុន ហើយ​មាន​អារម្មណ៍​ថា អ្នក​មិន​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​សោះ​ពី​ការងារ​ទាំង​នោះ? តើ​ជីវិត​ដ៏​រីករាយ​របស់​អ្នក​​​​ត្រូវ​ពឹង​លើ​ថ្ងៃ​​សម្រាក ២​ថ្ងៃ​នៅ​ចុង​សប្តាហ៍​​មែន​ទេ? មនុស្ស​មួយ​ចំនួន​យល់​ថា ខ្លួន​មិន​ស័ក្តិសម​នឹង​ធ្វើ​ការ​ឲ្យ​គេ។ មិន​ចង់​ធ្វើ​ការ​ឲ្យ​គេ ហើយ​បាន​ប្រាក់ខែ​ត្រឹមតែ​មួយ​រស់ៗ ព្រម​ទាំង​មិន​ចូលចិត្ត​មាន​អ្នក​ត្រួតត្រា​ពី​លើ​ទៀត ឬ​មួយ​ក៏​យល់​ថា ខ្លួន​កំពុង​ធ្វើ​ការ​ឲ្យ​គេ មិនមែន​ឲ្យ​ខ្លួន​ឯង។

ប្រសិន​បើ​អ្នក​​មាន​អារម្មណ៍​បែប​នេះ​មែន​នោះ អ្នក​គួរ​ចាប់​ផ្តើម​បើក​ជំនួញ​ណា​មួយ​​ដោយ​ខ្លួនឯង។ មាន​តែ​ការ​រកស៊ី​ប៉ុណ្ណោះ​ដែល​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​នៅ​ក្នុង​ស្ថានភាព​នេះ។ រក​មុខ​របរ​មួយ​ឲ្យ​ច្បាស់ ឬ​ថា បើ​អ្នក​ចង់​បើក​ជំនួញ​អ្វី​មួយ​ គួរ​ធ្វើ​ការ​យក​បទពិសោធន៍​ពី​មុខ​ជំនួញ​នោះ​ជាមុន​សិន​ ចាំ​បើក​តាម​ក្រោយ​ក៏​បាន​ដែរ។

២.អ្នក​មាន​គំនិត​​ចង់​​ចូលរួម​ចំណែក​ផ្លាស់ប្ដូរ​សង្គម និង​ពិភពលោក​​

ការ​រកស៊ី​បង្កើត​មុខ​ជំនួញ​អ្វី​មួយ គឺ​តិច​ឬ​ច្រើន​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​សង្គម និង​ពិភពលោក​ផ្លាស់ប្ដូរ​បាន។ សហគ្រិន​ជោគជ័យ​ជាច្រើន​បាន​ចាប់​ផ្តើម​បើក​ជំនួញ​របស់​ខ្លួន​ដើម្បី​ផ្លាស់ប្ដូរ​របៀប​រស់​នៅ​របស់​មនុស្ស​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង បើ​ទោះបី​ជា​មុខ​ជំនួញ​នោះ​ជះឥទ្ធិពល​ទៅ​លើ​មនុស្ស​មួយ​ក្រុម​តូច ឬ​ច្រើន​ក៏ដោយ។ ប្រសិន​បើ​អ្នក​មាន​ទឹកចិត្ត​ក្នុង​ការ​សម្លឹង​ខ្ពស់​លើស​ពី​មនុស្ស​ទូទៅ ការ​​បើក​ជំនួញ​រកស៊ី​គឺ​ជា​​មុខ​ជំនួញ​មួយ​ដែល​អាច​សម្រេច​ក្តី​សុបិន​របស់​អ្នក​បាន។ ​

៣.អ្នក​ជា​មនុស្ស​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់

តើ​អ្នក​សប្បាយ​ចិត្ត​ទេ​នៅ​ពេល​ដែល​អ្នក​​សង្កេត​ឃើញ​ថា អ្នក​បាន​ធ្វើ​ការងារ​មួយ​របស់​អ្នក​ដោយ​ជោគជ័យ​នៅ​ក្នុង​ថ្ងៃ​នីមួយៗ បើ​ទោះបី​ជា​បាន​លទ្ធផល​តិច ឬ​ច្រើន​ក៏ដោយ? ឬ​ក៏​ថា ប្រសិន​បើ​ការងារ​របស់​អ្នក​មិន​បាន​លទ្ធផល​ល្អ តើ​អ្នក​យល់​ថា វា​ធ្វើ​ឲ្យ​អ្នក​ធុញថប់​ដែរ​ឬទេ? បើ​ចម្លើយ​របស់​អ្នក​មាន​ភាព​សុទិដ្ឋិនិយម មានន័យ​ថា អ្នក​ជា​មនុស្ស​មាន​មហិច្ឆតា​ពិតប្រាកដ​ក្នុង​មុខ​ជំនួញ​របស់​អ្នក។

នៅ​ពេល​អ្នក​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី​មួយ អ្វី​ដែល​អ្នក​ត្រូវ​មាន​គឺ​ការ​ទទួលខុសត្រូវ។ អ្នក​ជំនួញ​គឺ​ជា​មនុស្ស​ដែល​​មាន​ការ​ទទួលខុសត្រូវ​​ខ្ពស់​លើ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ដើម្បី​សម្រេច​បាន​គោលដៅ​ធំ​នៅ​ពេល​ខាងមុខ។ ប្រសិន​បើ​ការងារ​របស់​អ្នក​ចេះ​តែ​ជំរុញ​ឲ្យ​អ្នក​មាន​ទឹកចិត្ត​កាន់តែ​ខ្លាំងក្លា​ឡើង នោះ​មានន័យ​ថា វិថី​ជា​សហគ្រិន​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​អ្នក​ជា​បណ្តើរៗ​ហើយ។

សញ្ញាណ ៣ ដែល​បញ្ជាក់​ថា ការ​រកស៊ី​​​មិនមែន​ជា​រឿង​​ល្អ​សម្រាប់​អ្នក

១.អ្នក​ចូលចិត្ត​ដើរ​តាម​ផ្លូវ​ដែល​ងាយស្រួល

ចង់​ធ្វើ​អ្វីៗ​ដែល​ងាយស្រួល វា​មិន​ខុស​ទេ។ ប៉ុន្តែ​សម្រាប់​អ្នក​ជំនួញ​វិញ ជម្រើស​មួយ​នេះ​មិន​អាច​ទៅ​រួច​ឡើយ ហើយ​ប្រសិន​បើ​អ្នក​ចង់​បាន​លុយ​លឿន និង​ងាយស្រួល​បំផុត ការ​ធ្វើ​ជំនួញ​ប្រាកដ​​ណាស់​ក៏​មិនមែន​ជា​ជម្រើស​របស់​អ្នក​​នោះ​​ដែរ​។ អ្នក​ត្រូវ​ដឹង​ថា វិថី​​ជា​សហគ្រិន​គឺ​លំបាក​​ខ្លាំង​ណាស់ ហត់នឿយ​ខ្លាំង អត់ធ្មត់ មាន​សម្ពាធ​ខ្លាំង ការ​ទទួលខុសត្រូវ​ខ្ពស់ ហើយ​ត្រូវ​ចំណាយ​ពេល​យូរ​ទើប​បាន​លទ្ធផល។ បើ​អ្នក​មើល​ឃើញ​ថា អ្នក​មិនមែន​ជា​មនុស្ស​បែប​នេះ​ទេ ការ​ធ្វើ​ជា​អ្នក​រកស៊ី​​មិន​ល្អ​ស័ក្តិសម​សម្រាប់​អ្នក​ទេ។

២.ចង់​រកស៊ី​ដើម្បី​គ្រាន់តែ​បង្កើត​ការងារ​ឲ្យ​ខ្លួនឯង

សូម​កុំ​ជ្រើសរើស​យក​ការ​បាត់បង់​ការងារ​មក​ធ្វើ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ចេញ​រកស៊ី​ដោយ​ខ្លួនឯង​ឲ្យ​សោះ ឬ​ក៏​ថា ដើម្បី​ចង់​បង្កើត​ការងារ​​សម្រាប់​តែ​ខ្លួនឯង​​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​វិថី​​ជា​សហគ្រិន គឺ​ត្រូវ​ធ្វើ​ដំណើរ​វែងឆ្ងាយ​ណាស់។ ខណៈ​ដែល​ប្រាក់​ចំណេញ​គឺ​ជា​គោលដៅ​​នៃ​ការ​​រកស៊ី ក៏ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ធ្វើ​ឲ្យ​សង្គម​ផ្លាស់ប្ដូរ​ដែរ។

ឥទ្ធិពល​​ជំនួញ​របស់​អ្នក​អាស្រ័យ​ថា តើ​មុខ​ជំនួញ​របស់​អ្នក​ចូលរួម​បង្កើត​ការងារ ជួយ​អតិថិជន និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឬ​ពិភពលោក​បាន​ច្រើន​កម្រិត​ណា? វា​មិន​ខុស​ទេ ប្រសិន​បើ​អ្នក​​បង្កើត​ជំនួញ​ត្រឹម​សម្រាប់​​រក​ការងារ​ឲ្យ​ខ្លួនឯង។ យ៉ាងណាមិញ ​លទ្ធផល​ដែល​អ្នក​នឹង​ទទួល​បាន​ គឺ​មិន​​វិសេសវិសាល​ធំដុំ​ដូច​សហគ្រិន​ដទៃ​ទៀត​ឡើយ។

៣.អ្នក​​ចេញ​​រកស៊ី​ដោយសារតែ​ចង់​​ក្លាយ​ជា​អ្នកមាន​​តែ​ប៉ុណ្ណោះ

ប្រសិន​បើ​គោលដៅ​​​នៃ​ការ​រកស៊ី​របស់​អ្នក​គឺ​ដើម្បី​គិត​តែ​ប្រាក់​ចំណូល ហើយ​ចង់​មាន​បាន​ដោយសារ​វា នោះ​នៅ​​មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ដឹង​នៅ​ទី​នេះ។ អ្នក​ត្រូវ​ដឹង​ថា សហគ្រិន​​​ទាំងអស់​​មិនមែន​​សុទ្ធតែ​ជា​អ្នកមាន​ទេ។ បើ​អ្នក​គិត​ថា ការ​រកស៊ី​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ ឆាប់​មាន​បាន ម្ល៉េះ​ក្នុង​​ចំណោម​សហគ្រិន ១០ នាក់ ពួកគេ​ប្រហែល​ជា​​មិន​មាន​អ្នក​បរាជ័យ​ដល់​ទៅ ៨​នាក់​នោះ​ទេ។

​អ្វី​ដែល​កាន់តែ​អាក្រក់​ជាង​នេះ​ទៅទៀត​ គឺ​ថា ភាព​​ចង់​ក្លាយ​ជា​អ្នក​យ៉ាង​ឆាប់រហ័ស​ពេក​​គឺ​ជា​​ហេតុផល​ដ៏​ធំ​មួយ​​ដែល​ធ្វើ​អាជីវកម្ម​ថ្មីថ្មោង​ត្រូវ​ក្ស័យធន​។ ហេតុអ្វី? ពីព្រោះ​សហគ្រិន​ជាច្រើន​ជឿជាក់​ថា​ អាជីវកម្ម​របស់​ខ្លួន​នឹង​រីកចម្រើន​ទៅ​មុខ​ដែល​អាច​ផ្តល់​ប្រាក់​​ចំណូល​ដល់​ពួកគេ ហើយ​ពួកគេ​យក​ប្រាក់​ចំណេញ​នោះ​សម្រាប់​តែ​ប្រើប្រាស់​តាម​តម្រូវការ​ខ្លួនឯង ពោល​គឺ​មិន​ព្រម​វិនិយោគ​ ឬ​ទៅ​ពង្រឹង​យុទ្ធសាស្ត្រ​ជំនួញ​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ជ្រុងជ្រោយ​​នោះ​ឡើយ៕

ប្រែសម្រួលពី៖ Inc

Loading...
TodaySharing News

FREE
VIEW