ស៊ឺម៉ាអ៊ីថា ៖ ដីភក់ចង់យកមកបៀកជញ្ជាំង គឺមិនជាប់ទេ

គ្រប់របស់ប្រើប្រាស់ យើងអាចយកប្រើតាមសមត្ថភាពរបស់ពួកវា ដូចមនុស្សយើងដែរ បើប្រើខុសសមត្ថភាព ពេល​វេលា​អាចនឹងបង្ករទៅជាទុក្ខទោស ឬគ្រោះថ្នាក់វិញបាន។ ជាក់ស្តែង ដីភក់ម៉េចនឹងអាចយកធ្វើជញ្ជាំងកើត បើមិនបាន​ដុត​កម្លោចទៅជាឥដ្ឋសិនទេ។

ស៊ីម៉ាអ៊ីថា គឺជាទីប្រឹក្សារបស់ ឆាវឆាវ និង ឆាវភី គេបានផ្តល់គំនិតយោបល់ច្រើន ក្នុងការដឹកនាំជាតិ និងកងទ័ពឱ្យ​ទទួល​បានជោគជ័យយ៉ាងច្រើនពីមួយសម័យទៅមួយសម័យ។ ប៉ុន្តែថ្វីបើគេមានសមត្ថភាពពិតមែន តែគេពុំចេះអួត​អាង​ដូច​អ្នកចេះដឹងខ្លះទេ មានតែធ្វើជាមិនដឹង ឬមិនចេះទៅវិញ។ គាត់បាននិយាយថា “មនុស្សចេះពិតប្រាកដ គឺគេធ្វើ​ឱ្យ​អ្នក​​ដទៃមើលមិនឃើញពីសមត្ថភាពរបស់ខ្លួន”។

តួយ៉ាង នៅក្នុងសម័យ “ប៉ុល ពត” ឬសម័យខ្មែរ​ក្រហម អ្នកចេះដឹង អ្នកដែលមានកេរ្តិ៍ល្បីល្បាញ​ដូចជាពួក​តារា​ចម្រៀង តន្ត្រីករ មន្ត្រីរាជ​ការ ។ល។ ត្រូវបានពួកខ្មែរ​ក្រហម យកទៅសម្លាប់ចោលគ្មានសល់ នៅសល់តែ​អ្នកចេះ​ដែល​លាក់​ពីអត្តសញ្ញាណ និងសមត្ថភាពពិត​ប្រាកដ ទើបបានអាចរក្សាជីវិតខ្លួនបាន។

ក៏ប៉ុន្តែ ជាក់ស្តែងការលើកឡើងរបស់ ស៊ឺម៉ាអុីថា “ដីភក់យកមកបៀកជញ្ជាំង គឺមិនជិតទេ”។ នៅក្នុងន័យនេះ គេចង់​បង្ហាញថា មនុស្សដែលគ្មានសមត្ថភាព​ អ្នកដែលពូកែអួតអាងលើសពីការពិត ថ្ងៃណាមួយនឹងត្រូវបែកធ្លាយ ឬមិនអាច​លាក់​បាំងជិតបាន។ ម្យ៉ាងវិញទៀត អ្នកដែលគ្មានសមត្ថភាពពិប្រាកដ ប្រៀបដូចដីភក់នេះ ពេលភ្លៀងមកនឹងត្រូវ​រលាយ​អ​ស់វិញ បើយើងយកមកធ្វើជញ្ជាំងការពារក្រុង។

ដូច្នេះហើយ បើចង់យកដីមកធ្វើជាជញ្ជាំង គឺត្រូវយកដីឥដ្ឋដែលបានដុតយ៉ាងឆ្អិត ទើបអាចយកមកធ្វើ​ជញ្ជាំងការពារ​ក្រុង​បានរឹងមាំ និងយូរអង្វែងបាន។ ប្រសិនបើប្រើមនុស្ស កុំយកមនុស្សគ្មានសមត្ថភាពធ្វើរឿងសំខាន់ ឬកិច្ចការធំអាច​នាំ​ទុក្ខ​ដល់ខ្លួនឯងដូចយកដីភក់ធ្វើជញ្ជាំង​ក្រុងអ៊ីចឹង៕