មិន​ត្រឹម​តែជាជនពិការនោះទេប៉ុន្តែ​ប្រែ​ក្លាយ​ជាសេដ្ឋី​អចលនទ្រព្យ​រាប់ម៉ឺន​ដុល្លារ​

0 158

លោក គង់ វិចិត្រា ជា​បុគ្គល​ម្នាក់​ដែល​មាន​ពិការភាព​ ធ្លាប់​ត្រូវ​បាន​អ្នក​ដទៃ​មាក់​ងាយ​និង​រើស​អើង​រូប​លោក​យ៉ាង​ខ្លាំង ប៉ុន្តែ​បន្តិច​ម្ដងៗ លោក​បាន​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ តាម​រយៈ​វិស័យ​អចលនទ្រព្យ​ ដោយ​ចាប់​ផ្ដើម​ត្រឹម​ដើម​ទុន​៥០០​ដុល្លារ​ និង​បាន​វិនិយោគ​រហូត​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​អចលនទ្រព្យ​រាប់​ម៉ឺន​ដុល្លារក្នុងពេលបច្ចុប្បន្ន។

លោក​ គង់ វិចិត្រា បច្ចុប្បន្ន​ជា​ ស្ថាបនិក​ក្រុមហ៊ុន V-training and Consultant និង​ស្ថាប័ន​បណ្តុះ​បណ្តាល Asia Leading Academy បាន​លើក​ឡើង​ថា បើ​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ណា​គឺ​ចាំបាច់​ត្រូវ​តែ​ប្រឡូក​នៅ​ក្នុង​វិស័យ​នោះ​ ជា​ពិសេស​វិស័យ​អចលនទ្រព្យ​មុន​នឹង​ប្រឡូក​ពេញ​ទំហឹង​ត្រូវ​រៀន​សូត្រ និង​ចូល​ប្រឡូក​ខ្លះៗ​សិន។ លោក​បន្ត​ថា ដូច​ជា​ករណី​លោក​ផ្ទាល់​ ដំបូង​ក៏​ធ្លាប់​ទិញ​ខុស​ទិញ​ត្រូវ​ដែរ ពោល​គឺ​មិន​ចេះ​វិភាគ​អ្វី​ទេ គឺ​ទិញ​លក់ៗ​រហូត​ដល់​ពេល​មួយ​លោក​ចេះ​វិនិយោគ​គម្រោង​ដីឡូតិ៍​មួយ​ក្នុង​តម្លៃ​៥០០​ដុល្លារ​និង​បាន​ចំណញ​ខ្ទង់​ពាន់​ដុល្លារ។

ក្នុង​ពេល​នោះ​លោក​ក៏​ទទួល​បាន​ឱកាស​ក្លាយ​ជា​អ្នក​វិនិយោគ ដោយ​លោក​បាន​ចំណាយ​ប្រាក់​៣០០០​ដុល្លារ​ក្នុង​ការ​វិនិយោគ ហើយ​ក៏​បន្ត​ចំណេញ​ព្រម​ទាំង​ទទួល​បាន​ដីឡូតិ៍​ថ្មី​ពីរ​បន្ថែម​ទៀត។ លោក​នៅ​តែ​បន្ត​ធ្វើ​រឿង​នេះ​ដដែលៗ ដោយ​ចេះ​តែ​បន្ត​ទិញ​លក់​និង​វិនិយោគ​ ហើយ​ក៏​ចេះ​តែ​បន្ត​ទទួល​បាន​ផល​ចំណេញ​រហូត បន្ទាប់​ពី​នោះ​លោក​ក៏​ចាប់​ផ្ដួចផ្ដើម​គំនិត​ អភិវឌ្ឍន៍​គម្រោង​ដី​ជា​មួយ​មិត្ត​ភ័ក្រ​ រហូត​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​រាប់​ម៉ឺន​ដុល្លារ។

ស្ថាបនិក​ក្រុមហ៊ុន​រូប​នេះ​បាន​ចែក​រំលែកថា “បើ​ចង់​រកស៊ី​នៅ​ក្នុង​វិស័យ​នេះ​ដំបូង​យើង​ត្រូវ​មាន ចំណេះ ជំនាញ ទើប​រក​បាន​ចំណូល​ ដូច​ជា​រូប​ខ្ញុំ​ផ្ទាល់ នៅ​តែ​បន្តសិក្សា អាន​សៀវ​ភៅ ចូល​រួម​សិក្ខាសាលា និង​វគ្គ​បណ្ដុះ​បណ្ដាល​នានា ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​វិភាគ និង​ប្រឡូក​នៅ​ក្នុង​វិស័យ​នេះ​កាន់​តែ​ជ្រៅ​ទៅៗ”។ លោក​បន្ត​ថា ប្រសិន​បើ​ចង់​ក្លាយ​ខ្លួន​ជា​បុគ្គល​លេច​ធ្លោរ ឬ​ជោគ​ជ័យ​ម្នាក់ អ្នក​គួរ​មើល​៧​ចំណុច​នេះ៖

១.ការសេពគប់ ជាមួយបុគ្គលដែលមានគោលដៅ និងទឹកចិត្តស្រដៀងគ្នា

២.មានគោលដៅច្បាស់លាស់

៣.ស្រលាញ់អ្វីដែលកំពុងធ្វើ និងធ្វើអ្វីដែលយើងស្រលាញ់

៤.មានទំនាក់ទំនងជាបណ្តាញវិស័យដូចគ្នា

៥.បន្តសិក្សារៀនសូត្រ និងអភិវឌ្ឍខ្លួនជាប់ជានិច្ច

៦.មានចំណេះដឹងផ្នែកប្រជាសាស្ត្រ និងភូមិសាស្រ្ត រួមទាំងសង្គម សេដ្ឋកិច្ច និងទំនោរ វិនិយោគរបស់បរទេស

៧.បង្កើនជំនឿជាក់លើខ្លួនឯងឲ្យ​កាន់តែខ្ពស់។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​ គង់ វិចិត្រា បាន​ដំណើរ​ការ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ​ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​បុគ្គលិក​២០​នាក់ មាន​ភ្នាក់​ងារ​៣០០នាក់ និង​ដៃ​គូរ​សហការ​ចំនួន​២០នាក់​សុទ្ធ​តែ​ជា​ជន​ជាតិ​ខ្មែរ៕

Loading...