ស្ថានិក​ខ្មែរ​២៤ ៖ ខ្ញុំមាន​យុទ្ធសាស្ត្រវិនិយោគទិញ​ផ្ទះ​ ដែល​អ្នកគួរ​ស្វែង​យល់​នឹងមាន​ការចំណេញលុយទ្វេដង​

មានមនុស្សជាច្រើន បានចាប់អារម្មណ៍លើការទិញផ្ទះដើម្បីធ្វើការវិនិយោគ ហើយនាពេលបច្ចុប្បន្នមានក្រុមហ៊ុនអភិវឌ្ឍន៍​ជាច្រើនបាននឹងកំពុងបង្កើតគម្រោងសាងសង់របស់ខ្លួន នៅតាមបណ្តាទីតាំងសំខាន់ៗផ្សេងៗ នៅក្នុងទីក្រុងភ្នំពេញ។

ជាមួយគ្នា លោក ទី រ៉ាឌី ស្ថាបនិករបស់គេហទំព័រ Khmer24 ដែលជាគេហទំព័រទិញនិងលក់អនទ្បាញដ៏ធំជាងគេរបស់កម្ពុជាដែលមនុស្សរាប់លាននាក់បានស្គាល់ បានមានប្រសាសន៍បង្ហើបឲ្យដឹងថា ៖ លោកក៏បានប្រឡូកក្នុងវិស័យ​អចលនទ្រព្យមួយនេះផងដែរ។ លោកបានបន្តថា “កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានទៅរកទិញផ្ទះនៅម្តុំតំបន់សែនសុខ ពោល គឺនៅជិត ផ្សារម៉ាក្រូ និងផ្សារអ៊ីអន២នាពេលបច្ចុប្បន្ន ប៉ុន្តែកាលនោះនៅទីនោះមិនសូវមានមនុស្សម្នាប៉ុន្មានទេ។”

លោកបានបន្ថែមថា “កាលនោះមានផ្ទះ១ គេដាក់លក់ក្នុងតម្លៃប្រមាណ៧ម៉ឺនដុល្លារអាមេរិក ខ្ញុំយល់ថាវាហាក់ថ្លៃខ្លាំងណាស់ ប៉ុន្តែមួយរយៈក្រោយមកទៀត ខ្ញុំទៅសួរផ្ទះនោះម្តងទៀត គេលក់តម្លៃ៩ម៉ឺនដុល្លារអាមេរិក ខ្ញុំក៏នៅតែយល់ថា ថ្លៃណាស់ដែរ  លើកចុងក្រោយខ្ញុំបានទៅដល់សួរផ្ទះនោះម្តងទៀត គឺគេលក់រហូតដល់តម្លៃ១៣ម៉ឺដុល្លារអាមេរិក ខ្ញុំក៏សម្រេចចិត្តទិញផ្ទះនោះតែម្តង ព្រោះខ្ញុំយល់ថា វាមានតម្លៃសមរម្យ។”

លោកបានពន្យល់ថា ៖ កត្តាដែលជម្រុញឲ្យលោកសម្រេចចិត្តទិញផ្ទះមួយខ្នងនោះក្នុងតម្លៃរហូតដល់ទៅ១៣ម៉ឺនដុល្លារអាមេរិក គឺដោយសារតែនៅពេលដែលផ្ទះនោះលក់តម្លៃ៧ម៉ឺនដុល្លារអាមេរិក និង៩ម៉ឺនដុល្លារអាមេរិក មិនមែនគាត់គ្មានលុយទិញនោះទេ ប៉ុន្តែពេលនោះគាត់មើលមិនឃើញនូវសក្តានុពលនៃតំបន់នោះទេ ទើបលោកនិយាយយល់ថា តម្លៃរបស់វាថ្លៃណាស់ មិនសមនឹងផ្ទះ១នោះឡើយ។

ប៉ុន្តែលើកទី៣ដែលលោកទៅមើលផ្ទះនោះ តំបន់នោះបានប្រែពីគ្មានមនុស្សរស់នៅ ដើរឆ្លងកាត់សោះ បែរជាចាប់ផ្តើមមានភាពអូអរ មានការអភិវឌ្ឍន៍ខ្លាំងដោយមានផ្សារលំដាប់ថ្នាក់អន្តរជាតិចំនួន២ បានឈរជើងនៅទីនោះគឺផ្សារម៉ាក្រូ និងផ្សារទំនើបអ៊ីអន២  ធ្វើឲ្យលោកភ្ញាក់ខ្លួនសម្រេចចិត្តទិញវាតែម្តងទៅ។ មិនបានប៉ុន្មានខែផង ផ្ទះដែលលោកទិញក្នុងតម្លៃ១៣ម៉ឺនដុល្លារអាមេរិក បានឡើងថ្លៃខ្ពស់ដល់ទៅជិត៣ដងនៃតម្លៃដើមឯណោះ៕