CEO Apple ក្រោកម៉ោង៤ព្រឹករាល់ថ្ងៃ ដើម្បីអានសាររបស់អ្នកប្រើប្រាស់ និងវិភាគចំណុចមួយចំនួនក្នុងក្រុមហ៊ុន
នាពេលថ្មីៗនេះក្រុមហ៊ុន Apple ទើបតែបានដំណែងជាក្រុមហ៊ុនដែលមានតម្លៃហក់ឡើងរហូតទៅដល់១ទ្រីលានដំបូងបំផុតក្នុងសតវត្សទី២១នេះ ក្រោមសករាជដឹកនាំរបស់នាយកប្រតិបត្តិសក់សវ័យ ៦០ឆ្នាំ លោក Tim Cook។
ជាមួយនឹងជោគជ័យក្នុងការដឹកនាំនេះ លោក Tim Cook ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិ ប្រមាណ៦២៥លានដុល្លាអាមេរិក តែចំនួនប៉ុណ្ណេះមិនច្រើននោះទេបើធៀបទៅនឹងអ្នកដឹកនាំ ឬស្ថាបនិកក្រុមហ៊ុនជាដៃគូប្រកួតប្រជែងលើវិស័យបច្ចេកវិទ្យាដែលមានដូចជាលោក Larry Page ស្ថាបនិកGoogle ឬMark Zuckerberg ស្ថាបនិកក្រុមហ៊ុនFacebook។
CEO ក្រុមហ៊ុនApple រូបនេះ មានទម្លាប់ក្រោកពីគេងចាប់ផ្តើមថ្ងៃថ្មីតាំងពីម៉ោង៤ព្រឹករៀងរាល់ថ្ងៃ ហើយការងារដ៏សំខាន់បំផុតមួយសម្រាប់អនាគតក្រុមហ៊ុន Apple ដែលលោកតែងតែចំណាយពេល១ម៉ោងធ្វើរៀងរាល់ថ្ងៃនោះ គឺ អានសាររបស់អ្នកប្រើប្រាស់ (ភ្ញៀវ) និងវិភាគពីចំណុចរិះគន់ ចំណុចសរសើរ ចំណុចគួរកែលម្អ និងអ្វីដែលជាតម្រូវការពិតប្រាកដរបស់អតិថិជន ដើម្បីគូសចំណាំទុកជាសញ្ញា និងជាជំហានសម្រាប់ Apple ពេលចេញផលិតផលក្រោយៗទៀត។
ក្រោយចប់ការងារអានសារហើយ លោកតែងតែទៅហាត់ប្រាណរយៈពេលមួយម៉ោង ហើយនៅម៉ោង៦ព្រឹក លោកចាប់ផ្តើមញ៉ាំកាហ្វេ ឫអាហារពេលព្រឹកបន្តិច ក៏បន្តចាប់ផ្តើមការងារថ្មីក្នុងថ្ងៃថ្មីបន្តទៀត។ អ្នកជោគជ័យមានទម្លាប់ក្រោកពីគេងចាប់ផ្តើមថ្ងៃថ្មីលឿនជាងមនុស្សទូទៅ ជាក់ស្តែង លោក Mark Wahlberg ស្ថាបនិក The Hollywood star ដែលតែងតែក្រោបរៀងរាល់ម៉ោង២ព្រឹក និងSteve Jobs ជាដើម។ ប៉ុន្តែសម្រាប់លោក Jeff Bezos វិញ លោកតែងតែបណ្តោយខ្លួនក្រោកពីគេងដោយឯងៗ ដោយគ្មានដាក់ម៉ោងរោទិ៍នឹងគេឡើយ។
គួរជម្រាបផងដែរថា លោកTim Cook ចាប់ផ្ដើមចូលបម្រើការងារនៅក្រុមហ៊ុនAppleដំបូងនៅខែមីនាឆ្នាំ១៩៩៨ក្នុងមុខតំណែងជាអនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការទូទាំងពិភពលោក ក្រោយមកឡើងតំណែងជាប្រធានផ្នែកប្រតិបត្តិការ និងចុងក្រោយនៅឆ្នាំ២០១១ គាត់បានក្លាយទៅជានាយកប្រតិបត្តិក្រោយពីការស្លាប់របស់ Steve Jobs ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន៕