និស្សិត​ជនបទម្នាក់​ បង្កើតអាជីព​ខ្លួន​ឯង​ត្រឹម​ប្រាក់​៤៥០$ ចុងក្រោយ​កាន់កាប់អាជីព​អនឡាញ​រកលុយ​បាន​រាប់ម៉ឺន​$

វ័យត្រឹមតែ២៣ឆ្នាំ យុវជនខ្មែរភាគច្រើន គឺទើបតែរៀនចប់មហាវិទ្យាល័យហើយចូលបម្រើការងារក្នុងស្ថាប័នផ្សេងៗ រីឯយុវជនមួយចំនួនក៏កំពុងស្វែងរកការងារធ្វើបន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ។ យ៉ាងណាមិញ លោក គឹម សម្បត្តិ ដែលស្ថិតក្នុងវ័យនេះ គឺខុសពីយុវជន​ខ្មែរមួយចំនួន ពោលគឺលោកជាយុវជនម្នាក់ដែលកំពុងកាន់កាប់អាជីវកម្មលក់ទំនិញអនឡាញចំនួន២ រកចំណេញបានខ្ទង់ម៉ឺនដុល្លារឯណោះ។

លោក គឹម សម្បត្តិ ស្ថាបនិក ក្រុមហ៊ុន SAMBATHs.COM.KH និង SamBath Express បានឲ្យដឹងថា ពេលរៀនចប់បាក់ឌុបឆ្នាំ២០១៤ លោកទទួលបានលុយចំនួន ៤៥០ដុល្លារពីឪពុកម្ដាយ សម្រាប់មកបន្តការសិក្សាក៏ដូចជារស់នៅក្នុងទីក្រុងភ្នំពេញ។

លោកបានបន្តទៀតថា មកដល់ភ្នំពេញ លោកបានចូលរៀនមហាវិទ្យាល័យ គណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ។ ចំពោះលុយ៤៥០ដុល្លារដែលទទួលបានពីឪពុកម្ដាយ លោកត្រូវចំណាយបង់ថ្លៃសាលា ទិញសៀវភៅសិក្សា និងការរស់នៅ​ ដូច្នេះលោកគ្មានលុយសល់ជាប់ខ្លួនទៀតទេ តែក៏មិនសុំលុយពីឪពុកម្ដាយនៅស្រុកទៀតដែរ ព្រោះជីវភាពពួកគាត់មិនធូរធានោះទេ។

ដោយគ្មានលុយសម្រាប់ផ្គត់ផ្គង់ការសិក្សានិងការរស់នៅតទៅទៀត ចូលរៀនសាកលវិទ្យាល័យបានរយៈពេល៣ខែ លោកបានស្វែងរកការងារធ្វើ ដោយបានធ្វើការក្នុងក្រុមហ៊ុនបរទេសមួយទិញទំនិញឆ្លងកាត់ប្រទេស ឬនាំចូលទំនិញពីចិនចូលមកកម្ពុជា។ ចូលបម្រើការក្នុងក្រុមហ៊ុននេះ លោកធ្វើជាអ្នកទីផ្សារនៅខាងក្រៅ ដោយដើរកត់លេខផ្ទះអតិថិជននិងលេខផ្លូវជាដើម។ ធ្វើជាអ្នកទីផ្សារនៅខាងក្រៅបាន៣ខែ លោកត្រូវបានគេ​ promote ឲ្យធ្វើជាអ្នកទីផ្សារនៅក្នុងofficeវិញ​ ដែលពេលនោះលោកបានបង្រៀនប្រជាជនកម្ពុជាជាច្រើនពីរបៀបទិញទំនិញតាមអនឡាញពីប្រទេសចិនក្នុងតម្លៃដើម។ ធ្វើការក្នុងវិស័យលក់អនឡាញ (E-commerce) លោកបានស្វែងយល់ច្រើនពីវិស័យនេះ។ ធ្វើការឲ្យគេបានតែមួយឆ្នាំគត់ លោកក៏ឈប់ធ្វើការ ហើយសល់ជាង១ម៉ឺនដុល្លារ បន្ទាប់ពីធ្វើការរយៈពេលមួយឆ្នាំពេញ។

ពេលឈប់ធ្វើការ លោកចាប់ផ្ដើមលក់អនឡាញដោយខ្លួនឯង តែចំណេញបានប្រាក់តិចតួចប៉ុណ្ណោះ។ កំឡុងពេលលក់ទំនិញអនឡាញខ្លួនឯង លោកឆ្លៀតស្រាវជ្រាវពីក្រុមហ៊ុន ដូចជាអាជីវកម្មនៅកម្ពុជា ហើយឃើញថា នៅកម្ពុជាមានក្រុមហ៊ុនតិចតួចណាស់ដែលរកស៊ីក្នុងវិស័យE-commerce។ ដូច្នេះ លោកក៏សម្រេចចិត្តបង្កើតក្រុមហ៊ុន SAMBATHs.COM.KH ដែលក្រុមហ៊ុនលក់ទំនិញអនឡាញ ដោយជួយប្រជាជនក៏ដូចជាអ្នករកស៊ីនៅកម្ពុជា ទិញទំនិញឬនាំចូលទំនិញពីចិនមកកម្ពុជា។ ដោយមើលឃើញថាអ្នករកស៊ីលក់ទំនិញ ត្រូវការដឹងឥវ៉ាន់ ដូច្នេះមួយឆ្នាំក្រោយបន្ទាប់ពីបង្កើតក្រុមហ៊ុនSAMBATHs.COM.KH លោកក៏បានបង្កើតក្រុមហ៊ុនមួយទៀត ដែលមានឈ្មោះថា SamBath Express ដែលក្រុមហ៊ុនដឹកជញ្ជូនទំនិញនៅទីក្រុងភ្នំពេញ។

សហគ្រិនវ័យក្មេងរូបនេះ បានបង្ហើបថា បច្ចុប្បន្នសរុបក្រុមហ៊ុនទាំង២ ដែលលោកកំពុងកាន់កាប់ អាចរកប្រាក់ចំណេញ បន្ទាប់ពីកាត់ចំណាយបានប្រមាណជាខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ។ គោលបំណងសំខាន់របស់លោក គឺលោកនឹងបង្កើតក្រុមហ៊ុនលក់ទំនិញ ដែលមានតម្លៃទាប ជាងទីផ្សារបច្ចុប្បន្ន ហើយដឹកទំនិញឲ្យដល់ដៃអតិថិជន ដើម្បីផ្ដល់ភាពងាយស្រួល ដោយនឹងធ្វើការដឹកជញ្ជូលទូទាំងប្រទេសកម្ពុជាជាពិសេសដល់តំបន់ជនបទតែម្ដង៕