ពិត​ជាអស្ចារ្យមែន​ ! ខេត្ត​កែប​នឹងមាន​ព្រះពុទ្ធរូប​ធំជាង​គេលើពិភពលោក​និង​រថភ្លើង​លឿន​ផ្តាច់ព្រលឹង​

ខេត្ត​កែប ៖ ក្នុងពេលដ៏ខ្លីខាងមុខនេះ ខេត្តកែបនឹងមានរូបព្រះពុទ្ធរូបធំជាងគេលើពិភពលោក និងមានរថភ្លើងដែលមានល្បឿនលឿនជាងគេបំផុតពីខេត្តព្រះសីហនុ មកកាន់ខេត្តកែប។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម​ កែន សត្ថា អភិបាលខេត្តកែប ក្នុងជំនួបពិភាក្សាគ្នាជាមួយក្រុមហ៊ុនវិនិយោគថៃ លើគម្រោងវិនិយោគនៅក្នុងទឹកដីខេត្តកែប នៅរសៀលថ្ងៃទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០១៩​។

ក្នុងជំនួបនោះ ឯកឧត្តម​អភិបាលខេត្ត ​បានរៀបរាប់ពីភូមិសាស្ត្រ​ ប្រជាសាស្រ្ត​ សក្តានុពល​របស់ខេត្តកែប​ ដើម្បីជូនគណៈប្រតិភូរបស់ក្រុមហ៊ុនវិនិយោគថៃ​។ បន្ថែមពីនេះ​​ ឯកឧត្តម​ក៏បានបញ្ជាក់ពីបញ្ហាប្រឈម​ផ្សេងៗ ​ដែលមាន​សម្រាប់ខេត្តទាំងមូល​ ដល់អាជីវករដែលកំពុងបម្រើសេវា ទេសចរណ៍នៅខេត្តកែប​ថា ​ភ្ញៀវដែលមកលេងខេត្តកែប​ គឺមានតាមរដូវកាល​មិនមែនមកលេងគ្រប់រដូវកាលនោះទេ​។

ជាមួយគ្នានោះដែរ គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ថៃ ​នឹងមានគម្រោងបង្កើតតំបន់ទេសចរណ៍ឱ្យបានទូលាយ​  និងច្រើន​ជាងនេះ​ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានច្រើនជាងនេះបន្ថែមទៀត​។ ​ ក្រុមហ៊ុនវិនិយោគនេះ​ បានសន្យាថា​ នឹងសាងសង់រូបព្រះពុទ្ធរូប ដែលមានកម្ពស់ និងទំហំធំជាងគេលើពិភពលោក​ និងរថភ្លើងដែលមានល្បឿនលឿនជាងគេ ពីខេត្តព្រះសីហនុ​ មកកាន់ខេត្តកែប​៕