ប្រជាពលរដ្ឋរាប់ពានគ្រូសារអត់ទឹកប្រើប្រាស់នៅសង្កាត់សំរោង

ភ្នំពេញ ៖ ក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ខនស្ត្រាក់សិន ដែលមានទីតាំងនៅក្នុងភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មិនមានទឹកឲ្យប្រជាពលរដ្ឋរាប់ពានគ្រូសារប្រើប្រាស់ ក្នុងភូមិចំនួន៤របស់សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តែដល់ខែមកកត់ភ្នែកគីឡូគិតលុយបើទោះជាមិនបានប្រើប្រាសក៍ដោយ។

ប្រជាពលរដ្ឋរាប់ពានគ្រួសារ ក្នុងភូមិចំនួន៤របស់សង្កាត់សំរោងដែលខ្វះទឹកស្អាតប្រើប្រាស់នេះបានលើកឡើងថា ជារៀងរាល់ឆ្នាំអោយតែដល់រដូវប្រាំងម្តងៗពួកគាត់តែងតែខ្វះទឹកប្រើប្រាស់ ជានិច្ចបើទោះជាពួកគាត់បានតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាតរួចរាល់ហើយក៍ដោយ។

ប្រជាពលរដ្ឋទាំងនេះបានបន្តថា លុះត្រាណាតែប្រជាពលរដ្ឋដែលមានទីលំនៅ នៅជិតអាងទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ ខនស្ត្រាក់សិននោះទើបមានទឹកប្រើប្រាស់គ្រប់គ្រាន់។ បើនៅឆ្ងាយវិញ អ្នកដែលមានទុយ្យោទាបជាងគេអាចបើកចោល១យប់ទល់ភ្លឺបានកន្លះពាងតែប៉ុណ្ណោះ តែបើមានទុយ្យោជាប់តាមផ្លូវថ្នល់នោះគឺទឹកអត់ចេញតែម្តង ហេតុនេះធ្វើឲ្យពួកគាត់ទៅទិញទឹកគេមកប្រើប្រាស់ជាប្រចាំ។ តែដល់ខែគេឃើញបុគ្គលិកក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ ខនស្ត្រាក់សិននោះមកកត់ភ្នែកគីឡូគិតលុយ ជាប្រចាំបើទោះជាមិនបានប្រើប្រាសក៍ដោយ។

ប្រជាពលរដ្ឋនៅសង្កាត់សំរោងទាំងនេះលើកឡើងទៀតថា តាំងពីក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ ខនស្ត្រាក់សិននេះបង្កើតមក គឺពិបាកនូវបញ្ហាខ្វះទឹកប្រើប្រាស់នេះរហូតតែម្តង។ ហើយកន្លងមកប្រជាពលរដ្ឋនាំគ្នាធ្វើសំណើទៅតាមរយៈលោកចៅសង្កាត់សំរោងក្នុងវេទិកាសាធារណៈជា ញឹកញាប់សុំឲ្យក្រុមហ៊ុនទឹកស្អាតមួយនេះ ចុះមកពិនិត្យនិងបញ្ចេញទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ផង ប៉ុន្ដែការស្នើសុំរបស់ប្រជាពលរដ្ឋហាក់ដូចជាគ្មានដំណោះស្រាយ បន្ដិចសោះឡើយព្រោះទឹកអត់មានប្រើប្រាស់ដដែល។
ទាក់ទងនិងបញ្ហានេះក្រុមបណ្តាញសារព័ត៌មាន The KMN – Khmer Medias Network បានព្យាយាមសុំការបំភ្លឺតាមទួរស័ព្ទពីប្រធានក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ ខនស្ត្រាក់សិននេះដែរ តែមិនអាចទាក់ទងបានឡើយបានត្រឹមជួប ផ្នែកបេឡាម្នាក់ ដោយឆ្លើយថាម៉ាសិនខូច ក្រៅពីនោះនាងមិនដឹងអ្វីទាំងអស់ ទឹកមានឫមិនមាននៅថ្ងៃណានោះគឺមិនដឹងឡើយ។

ចំណែកលោកយិន អ៊ីម ចៅសង្កាត់សំរោង បានប្រាប់ឲ្យដឹងថាលោកសុំការយោគ្គយល់ពីប្រជាពលរដ្ឋទាំង៤ភូមិ ក្នុងសង្កាត់សំរោងដែលអត់ទឹកប្រើប្រាស់ ហើយលោកបានទាក់ទងជាមួយក្រុមហ៊ុនរួចហើយដោយខាងក្រុមហ៊ុននិយាយថា មានគេលួចបិតវ៉ាន នៅផ្លូវជាតិលេខ៥ទើបទឹកមិនហូរចូលទៅក្នុងសង្កាត់សំរោង ហើយក្រុមហ៊ុនបានប្រាប់ទៀតថាបន្ទាប់ពីបើកវ៉ានហើយ ទឹកអត់ចេញដដែលដោយយកម៉ាស៊ីនមកបូមក៍ទឹកមិនចេញដែរបច្ចប្បន្នក្រុមហ៊ុនកំពុងស្រាវជ្រាវបន្ត៕