ខេត្តទេសចរណ៍​នៅប៉ែកនិរតី​កំពុងតែទទួលបាន​ការទាក់ទាញ​វិនិយោគិនចិន​ជាបណ្តើរ​ហើយ​

0 93

ខេត្តកំពតជាខេត្តមួយ ដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ស្ទើរតែគ្រប់ទិសទីទាំងភ្ញៀវជាតិ និងអន្តរជាតិឱ្យទៅកំសាន្តដោយសារតែខេត្តមួយនេះមានអំណោយផលផ្នែកធម្មជាតិ ដោយមានទាំងភ្នំ ព្រែក សមុទ្រ និងព្រៃលិចទឹកជាដើម។ មិនត្រឹមតែប៉ុណ្ណោះការធ្វើដំណើរត្រឹមតែពី២ទៅ៣ម៉ោងប៉ុណ្ណោះពីភ្នំពេញ។

ភាពស្ងប់ស្ងាត់អមទៅដោយធម្មជាតិជាមួយនឹងសំណង់អគារបុរាណ ដែលសល់ពីជំនាន់អាណានិគមបារាំងបានធ្វើឱ្យខេត្តកំពតក្លាយជាតំបន់ ដែលកំពុងតែមានសក្តានុពលបំផុតនៅក្នុងការវិនិយោគទៅលើវិស័យ ដែលពាក់ព័ន្ធទៅនឹងទេសចរណ៍ដូចជាសណ្ឋាគារ រីសត រមនីយដ្ឋាន ភោជនីដ្ឋាន ឬសេវាកម្មទេសចរណ៍ជាដើម។​

ដោយមើលឃើញពីឱកាស ដ៏កម្រនេះមានអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកជាច្រើនបានចាប់យកខេត្តដ៏តូចច្រឡឹងនេះមកអភិវឌ្ឍតាមជំនាញរៀងៗខ្លួន។ តួយ៉ាងកាលពីថ្ងៃទី២៨ ខែកុម្ហៈ កន្លងទៅនេះមានក្រុមតំណាងអ្នកវិនិយោគជប៉ុនមួយ ទើបតែបានចូលជួបជាមួយនឹងលោក ជាវ​ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគទៅលើការសាងសង់សណ្ឋាគារ និងបឹងកាឡូនៅក្នុងខេត្តនេះ។

គម្រោងនេះនឹងធ្វើឡើងលើដីសរុប៤ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រើយកោះ ដែលជាទីតាំងពេញនិយមបំផុតសម្រាប់សាងសង់សំណង់ប្រភេទសណ្ឋាគារ រីសត ឬបឹងកាឡូ។ ទន្ទឹមនឹងនេះតាមការបង្ហាញពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបាន​ឱ្យដឹងថា ​គម្រោងវិនិយោគរបស់ជប៉ុននេះ គឺពិតជាមានប្រាកដមែន ប៉ុន្តែទាក់ទិននឹងថាតើគម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃណាឬនឹងចំណាយមូលធនសរុបប៉ុន្មាននៅមិនទាន់ប្រាកដនោះទេ​។​

លោកបន្ថែមទៀតថាបច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគជប៉ុនប្រហែលជាកំពុងតែធ្វើការសិក្សាទៅលើគម្រោងទាំងមូលនៅឡើយទើបមិនទាន់មានការបញ្ជាក់អ្វីផ្សេងក្រៅពីនេះ។ លោក សយ ស៊ីណុល មានសុទិដ្ឋិនិយមយ៉ាងខ្លាំងថាគម្រោងនេះនឹងនាំមកនូវការអភិវឌ្ឍ និងចំណូលកាន់តែច្រើនដើម្បីជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានភាពប្រសើរឡើង។

ក្រៅពីនេះលោកមានសេចក្តីរំពឹងចង់ឱ្យមានអ្នកវិនិយោគផ្សេងៗជាពិសេសគឺវិនិយោគិនជប៉ុនជាច្រើនទៀតឱ្យមកចូលវិនិយោគនៅលើវិស័យទេសចរណ៍ និងធុរកិច្ចនេះបន្ថែមទៀតនៅក្នុងខេត្តកំពត។

គូសបញ្ជាក់ផងដែរថាតាំងពីខេត្តព្រះសីហនុមានកំំណើនជនជាតិចិនកើនឡើងមក ខេត្តកំពតបានជំនួសតំណែងខេត្តព្រះសីហនុដើម្បីទទួលយកភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺនៅក្នុងឆ្នាំ២០១៨មានចំនួនភ្ញៀវជាតិ និងអន្តរជាតិរហូតដល់ទៅ១.៨លាននាក់ឯណោះ៕

Loading...