ក្រុមហ៊ុន​ Tik Tok បើក​លុយ​ឲ្យ​បុគ្គលិក​ប្រាក់លានដុល្លារ​ ក្រោយ​ដណ្តើម​បុគ្គលិកពីក្រុម​ហ៊ុន​បច្ចេកវិទ្យាធំៗ​

Tik Tok ជាបណ្ដាញសង្គម​ថ្មីមួយទើប​រីកដុះដាលនាពេលថ្មីៗនេះ ទទួលបាន​ការពេញនិយម​ច្រើនជាពិសេស​ពីសំណាក់​​យុវវ័យ ហើយនៅខ្មែរយើង​វិញសូម្បីតែ​ក្មេង​ៗ ​ទើបនឹង​ចូល​អនុវិទ្យាល័យ​ក៏មាន​បើកលេង​ផងដែរ ដោយសា​រ​តែ​ភាពពិសេស​ក្នុង​ការ​ចែករំលែកឃ្លីបវីឌីអូខ្លីៗប្រមាណជា​១៥វិនាទី​ អមដោយការធ្វើត្រាប់ និងស្ទាយ​វីឌីអូប្លែកៗ។

ចំណែក​ឯ​នៅ​កន្លែងធ្វើការ​របស់ Tik Tok ឯណោះវិញ​កំពុង​រើស​បុគ្គលិក​ចូលបម្រើការងារ​ជាច្រើន ក្នុង​នោះ Bytedance ដែល​ជាក្រុមហ៊ុនមេរបស់ Tik Tok កំពុង​តែ​ស្រូប​ទាញ​បុគ្គលិកពីក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​ចាស់​វស្សា​ដូច​ជា Baido និងTencent ជាដើម​ តាមរយៈការ​សន្យា​ផ្ដល់ឱ្យ​នូវ​អត្ថប្រយោជន៍ផ្សេងៗដូចជា ការតម្លើង​ប្រាក់កម្រៃ​​លើសក្រុមហ៊ុនចាស់​រហូតដល់ទៅ ៥០% និង​ មានផ្ដល់ជាភាគហ៊ុនខ្លះទៀតផង។

ធ្លាប់មានអ្នកកាសែត​អាមេរិក​ទៅសម្ភាសន៍​បុគ្គលិក​ធ្វើការ​នៅក្រុមហ៊ុន Tik Tok ហើយពួកបុគ្គលិកទាំង​នោះបានបង្ហើបឱ្យដឹង​ថា​ ក្រុមហ៊ុនខ្លួនប្រកាន់យ​កទស្សនៈ​មួយ ធ្វើយ៉ាង​ណា​ចាយ​លុយ​ដើម្បីឈានទៅដល់ការក្ដាប់យកចំណែក​ទីផ្សារ​ធំឱ្យបាន ហើយក្រុមហ៊ុនអាច​សម្រេច​​ជោគជ័យបាន លុះត្រាណា​តែ​មាន​បុគ្គលិកដែលមានសមត្ថភាពច្រើន។

មានដំណឹង​បែកធ្លាយខ្លះៗ ទាក់ទង​នឹង​ប្រាក់កម្រៃ​ដែល​បុគ្គលិកនៅ ​Tik Tok អាច​ទទួលបាន​ ពីសារពត៌មាន​អាមេរិកកាំង​ Bloomberg ថា បុគ្គលិកដែលធ្វើការ​បានល្អ​អាច​ទទួលបាន​ប្រាក់កម្រៃ​ថ្លៃ​ឈ្នួលធ្វើការ១លានដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​ប្រាក់កម្រៃសរុបនឹង​អាច​ឡើង​ដល់​៣លានដុល្លារ​ បើគិត​ទៅលើអត្ថប្រយោជន៍ផ្សេងៗទៀត​ ដែលក្រុមហ៊ុន​ផ្ដល់ឱ្យ។

ការ​ជ្រៀត​ជ្រែកដណ្ដើមបុគ្គលិក និង​ផ្ដល់​ប្រាក់កម្រៃ​សន្ធឹកសន្ធាប់ដល់បុគ្គលិក​នេះ ដោយសារតែ Tik Tok ស្ថិត​ក្នុង​ដំណាក់កាល​មួយ ពង្រីកខ្លួន​ ស្របពេល​ដែល ក្រុមហ៊ុនមេរបស់ Tik Tok គ្រោង​នឹង​បង្កើត​ App ផ្សេងទៀត ជាមួយគ្នានេះដែរ​ក្រុមហ៊ុនមួយនេះក៏គ្រោង​នឹង​បកប្រែ App ពត៌មានខ្លីៗរបស់ខ្លួនមានឈ្មោះថា Toutao ដែលមានតែ​ជា​ភាសាចិននោះ ទៅជាភាសាអង់គ្លេស។

គ្រាន់តែ​ App Toutao នោះតែ​ឯ​ងមានទោះបីតែ​ឥឡូវ​ប្រតិបត្តិការ​តែនៅចិនក្តី ក៏អាច​រកប្រាក់ចំណូលបាន​២.៥ពាន់លានដុល្លារ​ក្នុង​មួយឆ្នាំ ភាគច្រើន​បានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ ចំណែក​ឯ Tik Tok វិញ ត្រូវ​បាន​គេប៉ាន់ប្រមាណថា​ មានតម្លៃ​រហូតដល់៧៥ពាន់លានដុល្លារ​ បើតាម​គេហទំព័រ​បច្ចេកវិទ្យា​ The Verge ចុះផ្សាយ​កាលពីឆ្នាំ២០១៨កន្លង​ទៅនេះ ក្រោយពីមានការវិនិយោគពីសំណាក់​ក្រុមហ៊ុន SoftBank របស់មហាសេដ្ឋីជប៉ុន Masayoshi Son ក្នុង​រង្វង់ទឹកប្រាក់ ៣ពាន់លានដុល្លារ៕