ឆាប់ៗនេះ​ រដ្ឋាភិបាល​នឹង​ចាត់​មន្ត្រីជំនាញ​សិក្សា​គម្រោង​ផ្លូវល្បឿន​លឿនឆ្ពោះ​ទៅកាន់​ក្រុង​បាវិត​

ភ្នំពេញ​ ៖ ក្រោយ​ពីបាន​ធ្វើការ​សិក្សា​ផ្លូវ​ចាប់ពីរាជធានីភ្នំពេញ​ឆ្ពោះទៅខេត្ត​ស្វាយរៀង​ និងព្រំដែនកម្ពុជា​-វៀតណាម​កន្លងមក​ ឯកឧត្តម ស៊ុន​ ចាន់ថុល ទេសរដ្ឋមន្ត្រី​ និង​ជារដ្ឋមន្ត្រីក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ថ្លែង​ថា កម្ពុជា​ និង​គ្រោង​ធ្វើ​ផ្លូវ​ល្បឿង​លឿនចាប់ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តស្វាយរៀង​ ត្រូវ​ចំណាយ​ថវិការ​អស់​៣,៨០០លាន​ដុល្លារ​។

ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យទីភ្នាក់ងារសហ ប្រតិបត្តិការ​អន្ដរជាតិ​នៃ​ប្រទេសជប៉ុន “JICA” ធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅ បាវិត​ ដែលមានចម្ងាយផ្លូវ​ប្រវែង១៦០​គីឡូ​​ម៉ែត្រ ដើម្បីធ្វើការសាងសង់ផ្លូវនេះ។ បន្ទាប់ពីធ្វើការសិក្សារួច ផ្លូវនេះ នឹងត្រូវចំណាយថវិកាប្រមាណ៣.៨០០ លាន​ដុល្លារ ដែលការចំណាយយ៉ាងច្រើនសម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ ដោយសារតែផ្លូវដែលត្រូវសាង​សង់​គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមានប្រវែងរហូតដល់៨០គីឡូម៉ែត្រ បានធ្វើឱ្យ​តម្លៃ​​ក្នុង​ការចំណាយសាងសង់ច្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី​ បាន​បញ្ជាក់បន្ថែមថា បើប្រៀបធៀបទៅនឹងការសាងសង់ផ្លូវល្បឿនលឿន ពីរាជ ធានីភ្នំពេញ ទៅខេត្ដព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រនោះ គឺចំណាយថវិការតែ២,០០០លានដុល្លារប៉ុណ្ណោះ ដោយ​សារ​ផ្លូវនេះ មិនមានការសាងសង់ឆ្លងកាត់បឹង ឬតំបន់លិចទឹក ដូចផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត។

ឯកឧត្តមបានបន្ដថា ដោយសារតែ​ទំហំទឹកប្រាក់ក្នុងការចំណាយសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនេះ គឺ​មានចំនួន ច្រើនពេកនោះ រាជរដ្ឋាភិបាលមិនទាន់សម្រេចធ្វើការសាងសង់ ឬយ៉ាងណាទេ ដោយកំពុងតែ ស្វែង​រក​ដៃ​គូវិនិយោគពីវិស័យឯកជន ដើម្បីកសាងផ្លូវនេះ៕