ក្រសួងកំពុងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្រោយពេលសម្លាប់ជ្រូកចំនួន៥០០ក្បាលក្នុងខេត្តរតនគិរី
សត្វជ្រូកចំនួន៤០០ក្បាល បានស្លាប់និង១០០ក្បាលទៀត ត្រូវបានសម្លាប់ដោយសារបានរកឃើញមានការឆ្លងជំងឺប៉េស្ដជ្រូកអាហ្វ្រិចនៅកន្លែងចិញ្ចឹមជ្រូកមួយ ស្ថិតក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីពេលថ្មីៗកន្លងទៅនេះ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្គាប់ឲ្យអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ត្រូវចាត់វិធានការព្យាបាល និងបោសសម្អាតជាបន្ទាន់នៅតំបន់ផ្ទុះជំងឺ ដោយត្រូវបំផ្លាញចោលសត្វជ្រូកដែលមានផ្ទុកជំងឺ, ផ្អាកការទិញ លក់ សត្វជ្រូក និងសាច់ជ្រូកដែលមានផ្ទុកជំងឺ។ ក្នុងនោះក៏បានបញ្ចូនក្រុមការងារ៣ក្រុមដើម្បីរួមគ្នាទប់ស្កាត់ការផ្ទុះរាលដាលជំងឺនេះក្រុមទី១ អនុវត្តវិធានជីវសុវត្តិភាព កំទេច,កប់សត្វមានជំងឺ និងបាញ់ថ្នាំ។
ក្រុមទី២ អន្តរាគមន៍ទប់ស្កាត់ចលនាសត្វចេញ ចូលក្នុងតំបន់ផ្ទុះជំងឺក្នុងកាំរង្វង់៣គីឡូម៉ែត្រ
ក្រុមទី៣ អង្កេត និងត្រួតពិនិត្យក្នុងតំដើម្បីរកវត្តមានរាលដាលជំងឺ។
ក្រុមការងារទាំងនោះនឹងសហការគ្នា ពង្រឹងការទប់ស្កាត់ចលនាសត្វជ្រូក និងសាច់ជ្រូក ចេញពីតំបន់ផ្ទុះជំងឺដោយសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever ASF) ជាជំងឺដែលបង្កដោយមេរោគវីរុស ដែលមានការឆ្លងលឿនរហ័ស និងមានភាពគ្រោះថ្នាក់ខ្លាំងណាស់ដល់សត្វ។ វាជាជំងឺដែលមិនអាចព្យាបាលបាន និងអត្រាងាប់អាចដល់១០០ភារយ៕