ប្រជាពលរដ្ឋ​សំណើរ​សុំសម្តេចតេជោ​ មេត្តា​ឲ្យមា​​នពេទ្យ​ចត្តាឡីស័ក​នៅតាម​ច្រកព្រំដែន​ឡើងវិញ ដើម្បី​​ សុវត្ថិភាព​ សុខភាព​ប្រជាពលរដ្ឋ​​នៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រោយ​ក្រសួង​សុខាភិបាល​ បាន​សម្រេច​ដកក្រុមគ្រូពេទ្យ​ចត្តាឡីស័ក​ (គ្រូពេទ្យ​ពិនិត្យ និងព្យាបាលជំងឺនៅ​​​ច្រកព្រំដែន​) ធ្វើ​ឲ្យប្រជាពលរដ្ឋ​សំណូម​ពរសូម​ឲ្យឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ ព្រមទាំង​ប្រមុខ​រាជរដ្ឋាភិបាល​ ដាក់បន្តឲ្យ​​មាន​​​ក្រុមគ្រូពេទ្យ​ចត្តាឡីស័ក នៅបន្តទៀត​ ដើម្បី​សុវត្ថិភាព ​សុខភាពរបស់​​ប្រជាពលរដ្ឋ​ ភ្ញៀ​វទេសចរជាតិ និង​អន្តរជាតិ​​​​នៅក្នុង​ប្រទេសកម្ពុជា​។​

កន្លង​​មកនៅតាម​ច្រក​ព្រំដែន​នាៗៗ ក្នុង​ប្រទេសកម្ពុជា ក្រុមគ្រូពេទ្យ​ចត្តាឡីស័ក​ បាន​ដើរតួនាទី​យ៉ាង​​សំខាន់ក្នុងការ​ត្រួត​​​​​​​​ពិនិត្យ​​​សុខភាព​​ជនអន្តោប្រវេសន៍​ ភ្ញៀវទេសចរអន្តរជាតិ ដែលបាន​ចូលមក​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​​ការទប់​ស្កាត់​ជំងឺផ្សេងៗ​ ជាពិសេសជំងឺឆ្លង ដែលបានហូរ​ចូលពីខាងក្រៅប្រទេ​ស​តាមរយៈភ្ញៀវ​អន្តរជាតិ​​ចូលមកក្នុងប្រទេសកម្ពុជា​​ បច្ចុប្បន្នជំងឺមួយ​ចំនួន​មានផលប៉ះពាល់ខ្លាំង​បំផុតមាន​ដូច​ជា ៖ ជំងឺផ្តាសាយជ្រូក, ជំងឺផ្តាសាយបក្សី, ជំងឺអេប៊ុលឡា, និងជំងឺប៉េសជ្រូកអាព្រិក… ដែលកំពុងមានការជះឥទ្ធិពល​យ៉ាងខ្លាំង​មក​តំបន់ភាគ​អាស៊ីអាគ្នេយ៍។ ប្រសិន​បើ​អ្នកធ្វើ​ដំណើរ​មានជំងឺទាំង​នេះ​ ក្រុមគ្រូពេទ្យ​ចត្តាឡីស័ក​ក៏​មានជំនាញ​ក្នុងការព្យាបាល និង​ទប់ស្កាត់​ជំងឺនេះផងដែរ​។

កាលពីថ្ងៃទី​១១ ខែមករា ឆ្នាំ២០១៩ ក្នុង​ឳកាសជួប​ជុំអ្នក​សារព័ត៌មានទូទាំង​ប្រទេស ដើម្បី​​ពិសារអាហារ​សាមគ្គី​ជា​មួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ក្នុងនោះ​សម្តេចបាន​មាន​ប្រសាសន៍​​​​លើកឡើង​ឲ្យ​ដក​មន្ត្រីជំនាញ​ (កាំកុងត្រូល​) ចេញពី​ច្រកទ្វារព្រំដែនអន្តរជាតិ​នៅទូទាំង​ប្រទេសកម្ពុជា។ ដូច្នេះ​ក្រោយ​ការ​មាន​ប្រសាសន៍​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ មន្ត្រីតាម​ខ្សែបន្ទាត់ព្រំដែន​ ត្រូវ​ធ្វើតាមអនុក្រឹត្យ​ ដែលចុះហត្ថលេខាផ្ទាល់ដោយ​សម្តេចតេជោ នឹង​មិនត្រូវ​ប្រចាំការ​បន្តទៀតនោះទេ។ ចំពោះមូលហេតុ​នៃការ​ដកមន្ត្រីជំនាញ (កាំកុង​ត្រូល) ព្រោះកន្លងមក​ផ្នែកនេះ​មានផលប៉ះពាល់​ចំពោះ​ផ្នែក​ធុរកិច្ច​ខ្លាំង​បំផុត ដែល​តម្រូវ​ឲ្យមានការ​សម្រេច​ដកជាបន្ទាន់​របស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា។

ស្រាប់តែនៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០១៩ ដែលអនុក្រឹត្យ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​មិន​ទាន់បាន​ចេញផង បែជា​មានការ​ដក​ក្រុមគ្រូពេទ្យជំនាញ​ចត្តាឡីស័ក ចេញពីតាម​ព្រំដែន​ផ្សេងៗក្នុង​ប្រទេសកម្ពុជាទាំង​ផ្នែក​ជើង​គោក និង​ផ្នែក​លើទឹក។ រហូតដល់ថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ២០១៩ ទើប​អនុក្រឹត្យ​របស់​សម្តេចតេជោនាយករដ្ឋមន្ត្រី​បាន​ចេញ​ ដើម្បីកែសម្រួល​ស្ថាប័ន​​​មាន​សមត្ថកិច្ចត្រួតពិនិត្យ​ទំនិញ​នាំចេញ-នាំចូល​ សម្រួលពាណិជ្ជកម្ម និ​​ង​ពង្រឹង​​ភាព​ប្រកួត​ប្រជែង​កម្ពុជា​។ ក្នុង​ការ​ចេញ​អនុក្រឹត្យ​ខាងលើនេះ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​បាន​ធ្វើការ​សម្រេច​ និង​ចេញ​ជាបទប្បញ្ញត្តិដូ​ចខាងក្រោម​នេះ៖

មាត្រា១៖ ត្រូវ​​បាន​បញ្ចប់​តួនាទី​ និង​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ-នាំចូល​ របស់អគ្គនាយក​ដ្ឋានកម្ពុជា​ត្រួតពិនិ​ត្យ​ទំនិញនីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការក្លែង​បន្លំ​ (កាំកុងត្រូល​) នៃក្រសួង​ពាណិជ្ជកម្ម ពីច្រកទ្វារអន្តរជាតិ​ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន​ ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែង​សន្និធិគយ​បណ្តោះអាសន្ន​ និង​ទីកន្លែងត្រួតពិនិត្យ​ទំនិញ​នាំចេញ-នាំចូល​ផ្សេងទៀត នៅទូទាំង​ព្រះរាជាណាចក្រកម្ពុជា។

មាត្រា២៖ អគ្គនាយករដ្ឋានគយ និង​រដ្ឋាករកម្ពុជា​នៃក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ គឺជាស្ថាប័ន​តែមួយគត់​មាន​សមត្ថកិច្ច​ក្នុង​ការត្រួតពិនិត្យ​ទំនិញ​នាំចេញ​-នាំចូល​ នៅច្រកទ្វារអន្តរជាតិ​ ច្រកទ្វារព្រំដែនអន្តរជាតិ​ ច្រកទ្វារព្រំដែន​ទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និង​ច្រកទ្វារកំពង់ផែសមុទ្រ​ តំបន់​សេដ្ឋកិច្ចពិសេស ទីន្លែង​សន្និធិគយបណ្តោះអាសន្ន​ និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ-នាំចូលផ្សេងទៀត។

ក្នុងករណី​ចាំដែលត្រូវការជំនាញ​ឯកទេសជាក់លាក់​ក្នុងការត្រួតពិនិត្យ​​ ស្របតាម​គោលការណ៍​គ្រប់គ្រង​ហានិភ័យ​ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា អាចស្នើសុំ​កិច្ច​សហការ​ពីស្ថាប័ន​ឯកទេសផ្សេងទៀត ក្នុងការត្រួតពិនិត្យ​ទំនិញ​នាំចេញ​-នាំចូល​ ស្រប​តាម​ការកំណត់នៃលិខិត​បទដ្ឋានជាធរមាន​។

មាត្រា៣៖ បទប្បញ្ញត្តិ​ទាំង​ឡាយ​ណា ដែលផ្ទុយ​នឹងអនុក្រឹត្យនេះ​ ត្រូ​វទុកជានិរាករណ៍​។

មាត្រា៤៖ រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​រដ្ឋមន្ត្រីគ្រប់ក្រសួង​ និង​ជាប្រធាន​គ្រប់ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​ទទួលបន្ទុក​អនុវត្តអនុក្រឹត្យ​នេះ​ តា​មភារកិច្ច​រៀង​ៗ​ខ្លួន ចាប់ពីថ្ងៃទី​០១​ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុង​អនុក្រឹត្យ​ខាងលើនេះ​ ហាក់ដូច​ជាមិន​មានការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមគ្រូពេទ្យ​ចត្តាឡីស័កនោះទេ ប៉ុន្តែក្រសួង​សុ​ខាភិបាល​ បានធ្វើការ​ដក​ចេញពីខ្សែបន្ទាត់ព្រំដែន​នានា ដែលមានពាក់ព័ន្ធជាមួយ​ធុរកិច្ច​ តាមពិត​ពេទ្យ​ចត្តាឡីស័ក​ មិ​នមានផលប៉ះពាល់ជាមួយ​ធុរកិច្ចទាល់តែសោះ។ ចំពោះការ​ដកពេទ្យ​ចត្តាឡីស័កចេញ ធ្វើ​ឲ្យប្រជាពលរដ្ឋ​មាន​ការ​ព្រួយបារម្មជាខ្លាំង​ចំពោះបញ្ហាសុខភាព ប្រសិនបើមានអ្នកជំងឺឆ្លង​ពីខាងក្រៅ​ប្រទេស​មាន​ច្រើន​នោះ បញ្ហា​ជំងឺនឹងរីករាលដាលមក​ដល់ប្រជាពលរដ្ឋ​ខ្មែរជាច្រើននាក់​ផងដែរ​។ ប៉ុន្តែ​ប្រសិន​បើមាន​ក្រុមគ្រូពេទ្យជំនាញ (ចត្តាឡីស័ក) ​ទាំង​នេះ​ ជំងឺឆ្លងទាំង​ឡាយ​នឹងមិនអាចមានក្នុងប្រទេស​បាន​ទេ ដោយសារ​ពួកគាត់​មានជំនាញពិតប្រាកដ​ក្នុងការ​​ទប់ស្កាត់​ជំងឺ​ឆ្លងពីខាងក្រៅប្រទេស ទាំងព្យាបាល និង​ការ​បង្ការជំងឺ។

ម្យ៉ាង​វិញទៀត​ ជំងឺឆ្លងទាំងឡាយ​ហាក់ដូច​ជាមិនទាន់បាន​ឆ្លងមក​ដល់ប្រទេសកម្ពុជានោះទេ ចឹងមិនទាន់មាន​ហានិភ័យ​ខ្ពស់ទេ ប៉ុន្តែ​ប្រសិនបើបានឆ្លងចូលមក​ក្នុងប្រទេសកម្ពុជាហើយ ប្រាកដជាមានការលំបាកខ្លាំង​ណាស់ក្នុងទប់ស្កាត់បញ្ហាទាំងនោះ ព្រោះប្រទេសមួយ​ចំនួន​លើពិភព​លោក​បាន​កើតមាន​បញ្ហា​នេះ​រួច​ទៅហើយ​​ ដូច្នេះមានតែវិធីក្នុងការដាក់ពេទ្យជំនាញ​ទេ ទើបមានការ​ប្រសើរឡើង​ថែមទៀត​។ នៅគ្រប់​ប្រទេស​តាម​ច្រកព្រំដែន​តែងតែមា​នការ​ដាក់ក្រុមគ្រូពេទ្យ​ចត្តាឡីស័ក គោលបំណង​ក្នុងការទប់ស្កាត់ជំងឺឆ្លងទាំង​នេះ (ផ្តាសាយបក្សី, អេប៊ុលឡា, ផ្តាយជ្រូក…) ដើម្បី​កុំឲ្យមានជំងឺទាំងនេះ​ចូលក្នុង​ប្រទេស​ តែថ្មីៗនេះ​កម្ពុជា​យើង ត្រូវ​បានពឹងផ្អែក​លើ​ភាគី​ប្រទេសជិត​ខាងទាំង​ស្រុងតែម្តង​ (ខ្វះពេទ្យចត្តាឡីស័ក​)។

ទាក់ទិនជាមួយការ​ដក​ក្រុមគ្រូពេទ្យ​ចត្តាឡីស័កនេះផងដែរ ក្រុមការងារ​សារព័ត៌មាន មិនទាន់ទទួលបាន​ការស្រាយបំភ្លឺពីសំណាក់ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាលនៅឡើយ​ទេ។

ជាសំណូម​ព​របស់ប្រជាពលរដ្ឋ​សូមធ្វើការ​សំណូមពរ​ដល់​ឯកឧត្តម​វេជ្ជបណ្ឌិត​ ម៉ម ប៊ុន​ហេង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តា​ពិនិត្យ​ និង​ដោះស្រាយ​បញ្ហានេះ​សម្រាប់ប្រជាពលរដ្ឋ​ផង កុំឲ្យមានជំងឺណាមួយ​ ដែលមាន​ហានិភ័យខ្ពស់ចូលក្នុងប្រទេសកម្ពុជា ការ​ពារ​ប្រសើជាង​ព្យាបាល​៕