ឆាវឆាវ ៖ កាំបិត​ឧស្សាហ៍កាប់​គឺកាន់តែមុត ប៉ុន្តែ​ប្រសិន​បើ​មិន​បាន​សំលៀង​កាំបិត​ នោះ​មុខ​វាកាន់តែរិលហើយ​

ការសិក្សាអ្វីមួយ គឺទាមទារណាស់ឲ្យមនុស្សយើងគ្រប់គ្នាយកចិត្តទុកដាក់ទាំងយប់ថ្ងៃ និងគ្រប់ពេលវេលា។ ចំណែក​អ្នកមិនបានការតែងធ្វើលេងៗ ហើយទុកចោល រហូតរង់ចាំពេលបរាជ័យមកដល់ ហើយត្អូញត្អែរថា ខ្ញុំបរាជ័យហើយ! ខ្ញុំមិនល្អ ធ្វើមិនកើត ។ល។ សម្រាប់នៅក្នុងសុភាសិតខ្មែរយើង លោកពោលថា «គ្មានសត្វម្រឹកល្ងង់ណារត់ចូលមាត់ខ្លាទេ។

បើអ្នកចង់ឲ្យអារុធដែលមុតស្រួចបាន ទាល់តែអ្នកឧស្សាហ៍សំលៀងវាឲ្យបានជាប្រចាំ។ ប្រសិនបើយើងចង់ឲ្យខ្លួនឯងខ្លាំងពូកែ ត្រូវតែឧស្សាហ៍ហ្វឹកហាត់ឲ្យបានជាប្រចាំថ្ងៃ កុំទុកចោលរហូតដល់ដុះច្រែសប្រើការលែងកើតនោះ។ ចូរសំលៀង និងយកវាទៅប្រើជារៀងរាល់ថ្ងៃ ធ្វើយ៉ាងនេះទើបវាមិនដុះស្នឹម ឬច្រែសកាន់។

ចំពោះការសិក្សាវិញ បើយើងមិនដែលបើកសៀវភៅអានតួអក្សរមួយតួក្នុងសៀវភៅផង តើចង់ចេះដោយរបៀបណា? គ្មានតួអក្សរណារត់ចូលក្នុងខួរក្បាលមនុស្សដោយខ្លួនឯងបានឡើយ បើយើងមិនព្រមស្វែងរករៀនសូត្រដោយ​ខ្លួនឯងទេនោះ។ ភាពខ្ជិលច្រអូសនឹងនាំឲ្យមនុស្សទទួលនូវបរាជ័យយ៉ាងអាម៉ាស់ក្នុងជីវិត។ ដូច្នេះបើមិនចង់បរាជ័យទេ ចូរកជៀសពីភាពខ្ជិល និងត្រូវដុសខាតចំណេះដឹង ជំនាញឲ្យដូចការសំលៀងកាំបិតជានិច្ចមុននឹងកាប់ដើមឈើ៕