ច្រកអន្តរជាតិសេដ្ឋកិច្ចស្ទឹងបត់-បានណងអៀន គឺនឹងជួយពង្រឹងសេដ្ឋកិច្ចជាតិ

នៅថ្ងៃទី២២ មេសា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិកការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសជិតខាង (NEDA) ដែលបានរួមសហការគ្នាសម្រេចបាននូវសមិទ្ឋិផលល្អជាច្រើនក្នុងថ្ងៃនេះ ដែលក្នុងនោះរួមមានទាំងការផ្តល់ក្បាលរថភ្លើង និងផ្លូវដែកដែលឈប់ប្រើប្រវែង១៤០គម (ចាស់ថៃ តែថ្មីកម្ពុជា) ពីមិត្តថៃមកអោយកម្ពុជា ជាមួយនឹងការតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន នៅទីក្រុងប៉ោយប៉ែត។

នៅពេលឆាប់ៗនេះ គឺយើងនឹងសាងសង់អាគារសម្រួលពាណិជ្ជកម្មបន្ថែមនៅច្រកអន្តរជាតិនេះ ដើម្បីជួយសម្រួលដល់ការដឹកទំនិញធំៗដែលត្រូវបញ្ចៀសចេញពីច្រកចេញចូលតាមស្ពានប៉ោយប៉ែតសព្វថ្ងៃដែលមានលក្ខណៈតូចចង្អៀត គឺនឹងទុកសម្រាប់អោយតែទេសចរឆ្លងកាត់តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ យើងនឹងសាងសង់ស្ពានដែកមួយផ្សេងទៀត ដែលមានទទឹង៩ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ សម្រាប់បងប្អូន ដែលមានមុខរបរអូសរទេះទំនិញតូចៗ ពីផ្សាររង់ក្លឿមកកាន់ប៉ោយប៉ែតបានប្រើប្រាស់ដាច់ដោយឡែក។ ក្រោយពីស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន បានបើកជាផ្លូវការហើយ គឺរាល់ទំនិញចេញចូលតាមរថយន្តធំៗ ត្រូវដឹកជញ្ជូនតាមស្ពានស្ទឹងបត់-បានណងអៀន វិញម្តង ហើយដែលងាយស្រួលឆ្ពោះទីកាន់ផ្លូវជាតិលេខ៥ បានកាន់តែងាយស្រួលនិងឆាប់រហ័សទៀតផង៕