Walt Disney ៖ កើតមក​ត្រូវ​តែមានក្តីស្រម៉ៃ ដូច្នេះអ្នកត្រូវ​តែ​ប្រឹង​ទោះ​មិនជោគជ័យ​ក៏បានពាក់កណ្តាលដែរ​

ក្តីស្រម៉ៃវា គឺជាផ្នត់គំនិតនិងការគិត ព្រមទាំងការរំពឹងទុកជាមុននូវ អ្វីមួយដែលមនុស្សម្នាក់ៗប្រាថ្នាចង់បាន ហើយមនុស្សមានក្តីស្រម៉ៃខុសៗគ្នា ហើយគ្រប់គ្នាតែងតែចង់បានលទ្ធផលដូចៗគ្នាគឺភាពជោគជ័យក្នុងជីវិត និងការទៅដល់​គោលដៅដែលយើងប្រាថ្នា។

បើសិនជាអ្នកមានក្តីស្រម៉ៃ និងមានក្តីប្រាថ្នានោះ អ្នកប្រាកដជាចង់ដឹងហើយថាត្រូវធ្វើបែបណា ទើបអាចសម្រេចក្តីប្រាថ្នានេះបាន។ បើតាមសម្តីរបស់ស្ថាបនិកក្រុមហ៊ុនផលិតគំនូរជីវចល Walt Disney គឺលោក Walt Disney ធ្លាប់បានលើកឡើងថា“បើសិនជាអ្នកហ៊ានស្រម៉ៃហើយ អ្នកត្រូវតែហ៊ានធ្វើវា នោះទើបអ្នកអាចទៅដល់គោលដៅបាន”។

ជាការពិតណាស់ក្តីស្រម៉ៃដែលអាចសំរេច និងទៅដល់គោលដៅបាននោះមិនមែនដោយអ្នកគ្រាន់តែស្រម៉ៃ និង គ្រាន់តែគិតនោះទេ ហើយក៏គ្មានអភិនិហា ឬភាពចៃដន្យណាមួយ ដែលអាចជួយអោយអ្នកបានសម្រេចគោលដៅដោយគ្រាន់តែស្រម៉ៃនោះដែរ។  ការស្រម៉ៃ គឺគ្រាន់តែជាការចាប់ផ្តើមដំបូងរបស់មនុស្សម្នាក់តែប៉ុណ្ណោះ ហើយការស្រម៉ៃនេះផងដែរ ក៏ជាដើមហេតុធ្វើអោយមនុស្សចាប់ផ្តើមគិតប្រាថ្នាទៅរកគោលដៅមួយ ដែលគេបានកំណត់នៅក្នុង​ចិត្ត និងពោពេញទៅដោយក្តីរំភើប។

ប៉ុន្តែក្តីសុបិន្តទាំងអស់ដែលអាចទៅដល់គោលដៅបាន លុះត្រាតែអ្នក ដាក់ចិត្ត ដាក់កាយ និងតស៊ូជំនះ នៅរាល់ឧបសគ្គដែលនៅចំពោះមុខ ដោយមិនរាថយនោះឡើយ។ ការទៅដល់គោលដៅនៃក្តីស្រម៉ៃបានគឺ ត្រូវមានការតាំងចិត្ត និងឆន្ទះមុតមាំ ព្រមទាំងភាពចេះបត់បែនផងដែរ ដែលជាចំណុចដែលអ្នកមិនអាចខ្វះបានទេ ដើម្បីដើរនៅលើវិថីមួយនេះអោយបានជោគជ័យ។

ប៉ុន្តែមានបញ្ហាមួយទៀត បើអ្នកចង់សម្រេចក្តីស្រម៉ៃរបស់ខ្លួនអ្នកគួរតែស្វះស្វែងរកសិក្សាររៀនសូត្រ និងស្វែងរកមេរៀន ព្រមទាំងបទពិសោធន៍ផ្សេងៗ ដែលទាក់ទងទៅនិងក្តីស្រម៉ៃរបស់អ្នក តាមរយះការសិក្សាជំនាញវគ្គខ្លី ឬការចូលប្រឡូកនិងការងារដែលទាក់ទងទៅនិងក្តីស្រម៉ៃរបស់ខ្លួន។

ការសិក្សារស្វែងយល់ និងចំនេះដឹងទាំងនេះ គឺជះឥទ្ធពលយ៉ាងទៅលើក្តីស្រម៉ៃរបស់អ្នក ព្រោះវាជួយអោយអ្នកអាចដឹង​ពីបញ្ហា និងហានិភ័យ ព្រមទាំងដឹងពីវិធីសាស្ត្រផ្សេងៗ ដែលជាហេតុជួយជំរុញអោយក្តីស្រម៉ៃរបស់អ្នកអាចទៅដល់គោលដៅបានយ៉ាងពិតប្រាកដ៕