ការអភិវឌ្ឍន៍ទីក្រុង​កោះពេជ្រ​ជាបន្ត​ទៀត​ នឹងដាក់​ឲ្យមានកន្លែងលក់ទំនិញ​ផ្សេង​ស្ថិតនៅជុំវិញ​ទីក្រុ​ងតែម្តង​

ក្រុមហ៊ុន ​OCIC នឹង​រៀបចំ​ឲ្យ​មាន​តំបន់​ថ្មើ​ជើង​ និង​កន្លែង​លក់ទំនិញ​និង​អា​ហារ​ព័ទ្ឋ​ជុំវិញ​កោះ​នេះ​ ដែល​មាន​ប្រវែង​ផ្លូវ​សរុប ៣៨០០ម៉ែត្រ​នា​ពេល​អនាគត​។

លោក​ទូច​ សំណាង អគ្គនាយករង​ក្រុមហ៊ុន ​OCIC​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​សប្តាហ៍​មុន​ថា​ បច្ចុប្បន្ន​តំបន់​កោះ​ពេជ្រ​​បាន​រៀបចំ​ឲ្យ​មាន​តំបន់​ផ្លូវ​ថ្មើ​ជើង​ និង​កន្លែង​កំសាន្ត​ លក់​អាហារ​ចំនួន៣កន្លែង​រួចហើយ​ គឺ​នៅ​ទីតាំង​ក្បាលកោះ​ពេជ្រ​ នៅ​ទីតាំង​ជាប់​ទន្លេតូច​ ទល់មុខ​នឹង​សណ្ឋាគារ​និង​កា​ស៊ី​ណូ​ណា​ហ្កា​ទី១​ និង​តំបន់​នៃ​គម្រោង​ឡា​សែន​ ហើយ​នា​ពេល​ឆាប់​ៗខាងមុខនេះ​ នឹង​មានការ​រៀបចំ​តំបន់​ថ្មើ​ជើង ​នា​មាត់ទន្លេ​បាសាក់​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

លោក​បន្ត​ថា​ “តាម​ផែនការមេ​របស់​ទីក្រុង​នេះ​ យើង​នឹង​រៀបចំ​ឲ្យ​មាន​តំបន់​ថ្មើ​ជើង​នៅ​ជុំវិញ​កោះ​នេះ​ ប៉ុន្តែ​យើង​មិន​អាច​បិទ​កោះ​នេះ​ មិន​ឲ្យ​មាន​ចរាចរណ៍​នោះ​ទេ​នា​ពេល​អនាគត​”។ លោក​បន្ត​ថា​ “រហូត​មកទល់​ពេលនេះ​ ទីក្រុង​កោះ​ពេជ្រ​ត្រូវ​បាន​អភិវឌ្ឍន៍​លើ​ផ្ទៃដី​អស់​ប្រមាណ៥០ភាគរយ​ហើយ​ ប៉ុន្តែ​បើ​គិត​ផ្ទៃក្រឡា​សំណង់​ ដែល​យើង​បាន​សាងសង់​នា​ពេលនេះ​ ទើប​សម្រេច​បាន​ប្រមាណ២៥ភាគរយ​ប៉ុណ្ណោះ​”។

លោក​ទូច​ សំណាង​បាន​បន្ត​ថា​ តាម​ផែនការមេ​របស់​ទីក្រុង​នេះ​ យើង​គ្រោង​រៀបចំ​តំបន់​នេះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ដោយមាន​អា​គារ​ខ្ពស់់​ៗជាច្រើន​ទៀត​នឹង​សាងសង់​នា​ពេល​អនាគត​។លោក​បន្ត​ថា​ គំរោង​អាគារ​កប់​ពពក​កំពស់៦៩ជាន់​ នឹង​សាងសង់​នា​ពេល​ឆាប់​ៗខាងមុខនេះ​។​

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachy​ Fong ​បាន​មានប្រសាសន៍​ថា​ ទីក្រុង​កោះ​ពេជ្រ​ និង​តំបន់​ជុំវិញ​នេះ​ នឹង​ត្រូវ​រៀបចំ​ជា​ Hub​ មួយ​នា​ពេល​អនា​គត​ ដោយ​គំរោង​ជាច្រើន​បាន​ចាប់ផ្តើម​នៅ​តំបន់​នេះ​ ពិសេស​វត្តមាន​អា​គារ​ខ្ពស់​ៗ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​ នឹង​ធ្វើឲ្យ​តំបន់​នេះ​ក្លាយជា ​Landmark ​មួយ​នាទី​ក្រុងភ្នំពេញ​។

អ្នកនាង​បន្ត​ថា​ “រយៈពេល៤ទៅ៥ឆ្នាំខាងមុខ​ តំបន់​នេះ​នឹង​មាន​ភាព​រស​រវើក​ ហើយ​វា​នឹង​ក្លាយ​ជា​បណ្តុំ​នៃ​មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម​អន្តរជាតិ​”៕