សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់! ភ្លៀងនៅតែបន្តធ្លាក់ទៀតហើយ ចាប់ពីថ្ងៃទី ២៥-៣១ ខែឧសភា ហើយកន្លែងមួយចំនួននឹងមានភ្លៀងខ្លាំង ជាពិសេសនៅ…

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ បើយោងតាម ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា៖ តាមរយៈការតាមដានជាប្រចាំ លើការវិវត្តនៃអាកាសធាតុបង្ហាញឲ្យឃើញថា ជ្រលងសម្ពាធទាបគួបផ្សំនឹង ខ្យល់មូសុងនិរតី បាន នឹងកំពុងបន្តបង្កើនឥទ្ធិពលមកលើ ព្រះរាជាណាចក្រកម្ពុជា ដែលជាហេតុធ្វើឲ្យ៖

១- ចាប់ពីថ្ងៃទី ២៥-៣១ ខែឧសភា ភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណកើនឡើងជាលំដាប់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ទន្ទឹមនោះ ក៏អាចមានតំបន់មួយចំនួន នឹងមានភ្លៀងខ្លាំង ពិសេសរាជធានី និងបណ្តាខេត្តដែលស្ថិតនៅភាគខាងក្រោមប្រទេស។ ឯភាពរាយប៉ាយក៏បានល្អជាងមុន។
២- សីតុណ្ហភាពអតិបរិមាជាមធ្យម ស្ថិតក្នុងចន្លោះពី ៣៣-៣៥ អង្សារសេ។
៣- រហូតដល់ដំណាច់ ខែឧសភា នេះ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅតែបន្តការគំរាមកំហែងដដែល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន និងបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់៕