អភិបាល​ខេត្តកណ្តាល​អញ្ជើញ​ជាអធិបតីភាព​ ដាក់ដំណើរការ​ការិយាល័យ​ច្រក​ចេញ​​-ចូលតែមួយ​ នៅស្រុកកៀនស្វាយ

កណ្តាល ៖ នៅថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​សម្ភោ​ធ​ឲ្យប្រើប្រាស់​ច្រក​ចេញ-ចូលតែមួយ​ ដែលស្ថិតនៅ​ទីតាំង​ស្រុកកៀន​ស្វាយ ខេត្តកណ្តាល ដែលមានការអញ្ជើញ​ចូលរួម​ពី​សំណាក់មន្ត្រីរាជការ​ជុំវិញខេត្ត និង​ស្រុក លោកប្រធាន​ អនុប្រធានមន្ទីរ កងកម្លាំង​ប្រដាប់អាវុធទាំង​៣ប្រភេទ និង​ប្រជាពលរដ្ឋ​ជាច្រើនរូបផងដែរ​។

លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានមានប្រសាសន៍និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះវត្តមានឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែល​បានឆ្លៀតឱកាសពេលវេលាដ៏មាញឹកអញ្ចើញមកក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ការិយាល័យច្រកចេញ.ចូលតែមួយនិងការិយាល័យ របស់ប្រជាពលរដ្ឋ ក្នុង​ស្រុកកៀនស្វាយនាពេលនេះ។

លោក​អភិបាលស្រុក បាន​បន្តថា ប្រជាពលរដ្ឋសរុបចំនួន២៨.៥៤៦គ្រួសារ (ប្រជាជនសរុប១២៣.៦១២នាក់ស្រី៦២.០៦៧នាក់) អាយុ១៨ឆ្នាំឡើង៨៧.៧៩៥នាក់ ស្រី៤៣.៩៧៤ មានដង់ស៊ីតេចំនួន៣៩៩នាក់ ក្នុងមួយគីឡូ​ម៉ែត្រ​ការ៉េ ក្នុងនោះប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មស្មើនឹង៥៣ភាគរយ (រួមធ្វើស្រែ២៥ភាគរយ ដាំដំណាំរយះពេលវែង៨ភាគរយ ដាំដំណាំរយៈពេលខ្លី១២ភាគរយ និងដាំដំណាំបន្លែ០៨ភាគរយ) អាជីវករ១២ភាគរយ មន្ត្រីរាជការ០៨ភាគរយកម្មករ និងផ្តល់សេវាកម្មផ្សេងៗចំនួន២៧ភាគរយ។

លោក​ អ៊ូ ឈាង បាន​បន្ថែមទៀតថា ការងារសន្តិសុខសណ្តាប់ធ្លាប់សង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃអភិបាលខេត្តកណ្តាល និង​ឯកឧត្តមបណ្ឌិត ឌុល គឿន ធ្វើ​ឲ្យសន្តិសុ​ខ​ សណ្តាប់ធ្នាប់​មានស្ថេរភាព​ល្អប្រសើរខ្លាំង​ជាទីបំផុត។ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងប្រជាការពារបានប្រឹងប្រែងលើកកម្ពស់ស្មារតីក្នុងបំពេញភារៈកិច្ចយ៉ាងម៉ឺងម៉ាត់កិច្ចការ ការពារសន្តិសុខសណ្តាប់ធ្លាប់សាធារណៈ និងអនុវត្តតាមគោលនយោបាយភូមិឃុំ-មានសុវត្ថិភាព បានល្អប្រសើរ។

នាឳកាសនោះ​ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែង​ប្រាប់ថា នៅថ្ងៃនេះឯកឧត្តមមានគតិយសណាស់ បានមកសម្ភោធដាក់ឱ្យដំណើរការការិយាល័យច្រកចេញ-ចូលតែមួយនៅស្រុកកៀនស្វាយ ដើម្បីសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋងាយស្រួលឆាប់រហ័ស និងយកទៅប្រាស់ជាចាំបាច់របស់ពួកគាត់។

ឯកឧត្តម​បន្ថែមថា ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិមានរយៈពេលជាង៣០ឆ្នាំរហូតដល់បច្ចុប្បន្ននេះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងមានការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តម​អភិបាលខេត្ត​ បាន​បន្តថា បម្រើសេវានៅការិយាល័យច្រកចេញ-ចូលតែមួយ នៅស្រុកកៀនស្វាយ និងត្រូវមានចរិកស្លូតបូត និងរ៉ាក់ទាក់ល្អជាមួយប្រជាពលរដ្ឋ នៅពេលគាត់មករកយើងនិងជួយបំពេញបែបបទជូនដល់គាត់ឱ្យបានឆាប់រហ័សតាមថ្ងៃកំណត់។

អភិបាលខេត្តកណ្តាលរូបនេះ បានជម្រុញ​ឲ្យអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​ពីក្រោម​រហូតដល់លើ ត្រូវជាមន្ត្រីជើង២ ដើម្បី​ដោះស្រាយបញ្ហា​ជូន​ដល់ប្រជាពលរដ្ឋ​។ ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តល់ជូន​នូវអំណោយ​ផ្លូវ​​ប៉េតុង​ជូនប្រជាពលរដ្ឋក្នុងឃុំនីមួយៗ ដោយឡែកនៅឃុំភូមិធំបានសាលាឃុំមួយខ្នងផងដែរ។ ចំពោះប្រជាពលរដ្ឋ​ដែលបាន​អញ្ជើញ​ចូលរួមនាពេលនោះជាង​​១,០០០នាក់ បាន​ទទួលប្រាក់​ក្នុង​ម្នាក់​ចំនួន​១ម៉ឺន​រៀល​ សម្រាប់ចិញ្ចឹមជីវិតផងដែរ​៕