ក្រោយពីបាន​ពិភាក្សាជាមួយ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ជប៉ុន​រៀបចំផែនការ​អភិវឌ្ឍផៃសមុទ្រនៅកម្ពុជា​

រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា​ បាន​ប្រកាស​បន្ត​ជួយ​គាំទ្រ​ក្នុង​ការ​ជួយ​សិក្សា​រៀបចំផែនការ​មេ​ សម្រាប់​ការ​អភិវឌ្ឍ​កំពង់ផែ​សមុទ្រ​នៅក្នុង​ កម្ពុជា​ដោយ​ការ​សិក្សា​រួម​បញ្ជូល​ រវាង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទៅ​ក្នុង​ការ​អភិវឌ្ឍ​កំពង់ផែ​ក្រុង​ព្រះសីហនុ​។

លោក​ HORINOUCHI​ Hidehisa​ ឯកអគ្គ​រដ្ឋទូត​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ឲ្យដឹង​ នៅ​ក្នុង​​ជំនួប​នៅក្នុង​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពី​ពេល​ថ្មី​ៗកន្លងមក​នេះ​ បាន​ឲ្យដឹង​ថា​ រដ្ឋាភិបាល​ជប៉ុន​នឹង​ជួយ​រៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ការ​ពន្លឿន​ការរៀបចំ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​រវាង​កម្ពុជា​-ជប៉ុន​ (Double​ Taxation​ Agreement​) ផង​ដែរ​។

ឯកឧត្តម ​អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​ថ្លែងអំណរគុណ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ​របស់​ភាគី​មិត្ត​ជប៉ុន​ ចំពោះ​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​ជួយ​សិក្សា​ រៀបចំផែនការ​មេ​សម្រាប់​ការអភិវឌ្ឍន៍​កំពង់ផែ​ ដោយ​ជប៉ុន​ផ្តល់​ជំនួយ​បច្ចេកទេស​ ក្នុង​ការសិក្សា​រៀបចំ​ផែនការ​មេនេះ​ និង​បាន​ជម្រាប​ភាគី​មិត្ត​ថា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នឹង​ពិភាក្សា​ជាមួយ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ ចៀស​វាង​នូវ​ការសិក្សា​ជាន់គ្នា​ ដោយសារ​បច្ចុប្បន្ន​មាន​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​ បាន​ និង​ កំពុង​ជួយ​កម្ពុជា​សិក្សា​ រៀបចំផែនការ​មេ​សម្រាប់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ និង​ការ​តភ្ជាប់​នេះ​។

​ដោយឡែក ​ចំពោះ​កិច្ច​ដំណើរការ​ពន្លឿន​ការរៀបចំ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ជៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា​រវាង​កម្ពុជា​-ជប៉ុន​ ឯកឧត្តមបណ្ឌិតសភា​ចារ្យ​ បាន​ស្នើ​ឱ្យ​មន្រ្តី​បច្ចេកទេស​ពាក់ព័ន្ធ​របស់​ភាគី​ទាំងពីរ​ មាន​ភាព​ទន់ភ្លន់​ យោគយល់​ គ្នា​ទៅវិញ​ទៅ​មក​ និង​បន្ត​ខិតខំ​ថែមទៀត​ ក្នុង​ការ​ផ្តល់​ផលប្រយោជន៍​ប្រកបដោយ​សមធម៌​ សម្រាប់​ភាគី​ទាំងសងខាង​ ដើម្បី​អាច​ឈាន​ទៅ​បញ្ចប់​ការរៀបចំ​កិច្ច​ព្រមព្រៀង​នេះ​ ឱ្យ​បាន​ឆាប់​ក្នុង​ពេល​ខាងមុខនេះ​ ដែល​ជា​ចំណែក​សម្រាប់​ ទាក់ទាញ​ការ​វិនិយោគឯកជន​ជប៉ុន​មក​កម្ពុជា​ ក៏ដូចជា​ ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ កម្ពុជា​-ជប៉ុន​។

ឯកឧត្តម ​អូន​ ព័ន្ឋមុនី​រ័ត្ន​បាន​ចាត់ទុក​ប្រទេស​ជប៉ុន​ ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​មួយ​ ដែល​បាន​រួមចំណែក​យ៉ាងសកម្ម​ ក្នុង​កិច្ច​ដំណើរការ​កសាង​ប្រទេស​កម្ពុជា​ ចាប់តាំងពី​ការ​កសាង​សន្តិភាព​ រហូតដល់​ការ​ស្តារ​ និង​អភិវឌ្ឍន៍​ រហូតដល់​ពេល​បច្ចុប្បន្ន​នេះ​៕