ដើម្បី​ឲ្យ​សោភ័ណ​ភាព​ប្រាសាទ​កាន់តែស្អាត អាជ្ញាធរ​ជាតិ​អប្សរា អំពាវនាវដល់សាធារណជន​ដាំដើមឈើ​ឲ្យបានច្រើន

សៀមរាប ៖ ដើម្បីថែរក្សា អភិរក្សព្រៃឈើ​ និង​ទេសភាព​វប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលកំពុងរងការខូចខាត រេចរិល កាប់ទន្ទ្រានព្រៃ និងការប៉ុនប៉ងកាន់កាប់ដីជាកម្មសិទ្ធិរបស់បុគ្គលមួយចំនួនឱ្យមានភាពបៃតងឡើងវិញ សម្រាប់ជាគម្របការពារអាយុជីវិតប្រជាជន និងប្រាង្គប្រាសាទនានាពីបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់ដែលស្រឡាញ់បរិស្ថាន ចូលរួមក្នុងយុទ្ធនាការដាំកូនឈើប្រមាណ៤០,០០០ដើម ចាប់ពីខែមិថុនានេះតទៅ លើផ្ទៃដីសរុបជិត៣៥ហិកតា នៅក្នុងរមណីយដ្ឋានអង្គរ។

ទីតាំងសំខាន់ៗដែលត្រូវដាំដើមឈើមានចំនួន៦កន្លែង៖ ខាងកើតប្រាសាទប្រិយ៍ បរិវេណប្រាសាទព្រះគោ ខាងត្បូងប្រាសាទបន្ទាយក្តី ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមដងផ្លូវពីមុខប្រាសាទអង្គរវត្តឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងនៅតាមដងផ្លូវពីស្រះស្រង់ឆ្ពោះទៅព្រះដាក់។

ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរ សូមទំនាក់ទំនងលោក យិត ចាន់ដារដ្ឋ ០១២ ៨៨៣ ១៣៨ ឬលោក ជូ រ៉ាឌីណា ០៧៨ ៧២៨ ៨៨២៕