វិស័យទាំង​៦ចំណុច​ក្នុង​ប្រទេសកម្ពុជា ដែលកំពុង​​ធ្វើឲ្យសហគ្រិន​កូរ៉េ​ចាប់អារម្មណ៍ខ្លាំង​បំផុត ​ត្រៀម​វិនិយោគឆាប់ៗ

ក្រោយ​ប្រតិភូ​ប្រទេសកូរ៉េ​ ដែលដឹកនាំ​ដោយ​លោក Maeng Gyeong Jae អគ្គនាយក​នៃការិយាល័យសេដ្ឋកិច្ច​​ និង​ពាណិជ្ជប្រចាំ​ខេត្ត​ Congbungchek-do មក​សិក្សាក្នុងប្រទេសកម្ពុជា​​យើងនេះ ធ្វើ​ឲ្យអ្នកវិនិយោគិន​កូរ៉េនេះ​ មានការ​ចាប់អារម្មណ៍​លើសក្តានុពល​នៃវិស័យ​ទាំង​៦ក្នុងប្រទេសកម្ពុជា​ខ្លាំងបំផុត​។

បើតាម​លោក ឈៀង យ៉ាណា ប្រតិភូ​រដ្ឋមន្ត្រី​អមនាយករដ្ឋមន្ត្រីកម្ពុជា​ បានជម្រាប​ជូនគណៈប្រតិភូអំពីវឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកន្លងមក ពិសេសវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលនិងប្រជាជនកូរ៉េ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងការវិនិ​យោគឯកជនពីសាធារណៈរដ្ឋកូរ៉េ។

លោក​បាន​បញ្ជាក់បន្ថែមថា ហិរញ្ញប្បទានកូរ៉េត្រូវ​បាន​ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា។ កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ មានភាពរីកចម្រើន និងកាន់តែទូលំ​ទូលាយ។ ជាក់ស្តែងទំហំហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍​ផ្លូវការរបស់សាធារណរដ្ឋ កូរ៉េសម្រាប់ចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក Maeng Gyeong Jae បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចមកកម្ពុជានេះ គឺដើម្បីឈ្វេងយល់ពីការអភិវឌ្ឍរបស់កម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជា​លើ​គ្រប់វិស័យ និងកោតសរសើរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ព្រមទាំងវាយ​តម្លៃ​ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលទាំងពីរ។

លោក​បាន​បញ្ជាក់ថា វិស័យទាំង៦​សំខាន់​ៗដែលលោកកំពុង​មានការ​ចាប់អារម្មណ៍​ ដូចជា៖ វិស័យជីវឧស្សហកម្ម, ថាមពល និងពន្លឺព្រះអាទិត្យ, គ្រឿងសំអាង និងសម្ផស្ស, ដឹកជញ្ជូន និងអាកាសចរណ៍, សរីរាង្គ និងចំណីអាហារ, វិស័យបច្ចេកវិទ្យា ជាដើម។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ មានភាពរីកចម្រើន និងកាន់តែទូលំ​ទូលាយ។ ជាក់ស្តែងទំហំហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍​ផ្លូវការរបស់សាធារណរដ្ឋ កូរ៉េសម្រាប់ចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់៕