យុវជន​ម្នាក់​ប្រើ​ល្បិច​មិនធ្លាប់​មាន​ ដោយ​ដាក់ដីផ្ញើ​រឲ្យក្រុមហ៊ុន​ Amazon យក​លុយ​រហូតដល់​៣៧ម៉ឺនដុល្លារ​

Amazon ជាក្រុមហ៊ុនលំដាប់ពិភពលោកល្បីល្បាញជាងគេ​ខាង​លក់ទំនិញគ្រប់ប្រភេទនៅលើអ៊ីនធឺណេត ដោយមានបច្ចេកវិទ្យា​ឈានមុខគេ​ស្ទើរ​តែរកដៃគូរ​ប្រៀបពុំបាន។

យ៉ាងណាក៏ដោយទោះជាក្រុមហ៊ុនទំនើប ឬធំយ៉ាង​ណាក្ដី Amazon ក៏នៅមានកំហុស​ខ្វះខាត​ខ្លះផងដែរ ដោយពេលថ្មីៗនេះមានយុវជន​ ២២ឆ្នាំម្នាក់​បាន​បោក​លុយក្រុមហ៊ុន Amazon អស់ទឹកប្រាក់ប្រមាណជា ៣៧០ ០០០ ដុល្លារ​ នេះបើតាមសារពត៌មាន Fox News។

បើតាមសារពត៌មានដដែលបានឱ្យដឹងថា យុវជន​រូបនោះបាន​កុម្ម៉ង់ទំនិញ​ពី Amazon ក្រោយពីទទួលទំនិញក៏បាន​ផ្ញើរ​ត្រឡប់​ឱ្យក្រុមហ៊ុនវិញ ដោយសារតែ​ Amazon មានគោលនយោបាយទទួលយកទំនិញវិញក្នុង​ករណីដែលអតិថិជន​មិនពេញចិត្ត​ក្នុងរយៈពេលមួយខែ។

នៅពេលដែល​ផ្ញើរ​ទំនិញត្រឡប់ទៅវិញ យុវជន​រូបនោះបែរជា​យកឥវ៉ាន់ដែលនៅក្នុងកេស​ចេញ ហើយច្រកដីឱ្យគ្រប់គីឡូឥវ៉ាន់ផ្ញើរ​ទៅវិញ។ ខាង Amazon ទៀតក៏មិនបាន​ឆែកមើលអ្វីដែរ ឱ្យតែ​គ្រប់គីឡូគេយកទៅទុកក្នុងឃ្លាំង​ហើយ ដោយឃ្លាំង​នោះមិនមានអ្នកឆែកទៀត។

យុវជន​រូបនោះចេះតែ​បញ្ចូនដីមករហូតទាំង​គ្មាននរណាដឹង​ទេ រហូតទាល់តែមានបុគ្គលិកឆែកមើលដោយចៃដន្យ​ឃើញសុទ្ធតែដីទើបបែករឿង​ នាំឱ្យមានការប្ដឹង​ប្ដល់រហូតដល់ការឃុំខ្លួនយុវជនរូបនោះ។

ជាមួយគ្នានេះផងដែរ របាយការណ៍ស៊ើបអង្កេត​បានបង្ហាញថាលុយខ្ទង់សែនដុល្លារ​ដែលយុវជន​រូបនោះ​បោកបានពី Amazon នោះ យុវជនរូបនោះបានយកទៅបង្កើត​ក្រុមហ៊ុនខ្លួនឯង​៕