ក្រុមហ៊ុនចិនជាង​៣០០ក្រុមហ៊ុន បាន​ដាក់ពាក្យក្ស័យធុន ក្រោយ​ពេលមិនអាច​ធ្វើការ​ប្រកួតប្រជែង​ផ្នែកសេដ្ឋកិច្ច​បាន​

យោងតាមរបាយការណ៍របស់សារពត័មាន South China Morning Post របស់ប្រទេសចិន កាលពីសប្តាហ៍មុន បានឲ្យដឹងថា ក្រុមហ៊ុនចិនប្រមាណ២៧៤ក្រុមហ៊ុន បានដាក់ពាក្យក្ស័យធន ដែលនេះចាត់ទុកថា ជាការកើនឡើង៥០ភាគរយ បើប្រៀបធៀបទៅកាលពីឆ្នាំមុន។

យោងតាមប្រភពដដែលបានឲ្យដឹងថា ការដាក់ពាក្យក្ស័យធនដ៏សន្ធឹកសន្ធាប់នៃក្រុមហ៊ុនវិនិយោគចិន នេះ ដោយសារតែ ការរឹតបន្តឹងលើប្រាក់កម្ចី ដែល​ស្របជាមួយ​នឹង ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិនផងដែរ។ នៅរយៈពេលបីខែ ចាប់ពីខែមីនា ដល់ ខែមិថុនានេះ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងត្រឹមតែ ៦,២ ភាគរយ តែប៉ុណ្ណោះ ដែលជាអត្រាប្រចាំត្រីមាសទាបបំផុតចាប់តាំងពីឆ្នាំ១៩៩២មក។

លោក Yan Yuejin នាយកស្រាវជ្រាវនៅក្រុមហ៊ុន E-House China R&D Institute ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃបានមានប្រសាសន៍ថា “អ្នកទិញផ្ទះ និងអ្នក​វិនិយោគពិត មានការព្រួយបារម្ភអំពីលំហូរសាច់ប្រាក់ ។ អ្នកសាងសង់ផ្ទះបានរកឃើញថាវាកាន់តែពិបាក ក្នុងការទទួលបាន​ប្រភពឥណទានតាម​ប្រពៃណី​របស់ពួក​គេនៅពេលទីក្រុងប៉េកាំងបានព្យាយាមកាត់បន្ថយបំណុលកម្រិតខ្ពស់។

ជាក់ស្តែងក្រុមហ៊ុនយីនយីគ្រុបដែលជាអ្នកអភិវឌ្ឍន៍នៅទីក្រុងកំពង់ផែនីងបូប្រទេសចិនដែលបានដាក់ពាក្យសុំក្ស័យធន កាលពីខែមិថុនាបន្ទាប់ពីខ្លួនមិន​បានសង​បំណុល៣០០លានយ័ន ដែលបានជំពាក់ធនាគារកាលពី៣ឆ្នាំមុន។

យ៉ាងណាមិញ បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់ធនាគារពិភពលោកដែលបានចេញផ្សាយនៅដើមខែឧសភានេះ បានឲ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន អាចនឹងធ្វើឱ្យវិស័យរបស់ប្រទេសកម្ពុជាប្រឈមមុខនឹងហានិភ័យ ជាពិសេសប្រសិនបើស្ថានភាពនេះអូសបន្លាយរយៈពេលវែង។ ទោះបីជាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៧ភាគរយក្នុងឆ្នាំ២០១៩នេះក៏ដោយ  ធនាគារពិភពលោកបានក្រើនរំលឹកថា  ការថយចុះរបស់ចិន អាចនឹងធ្វើឲ្យកំណើននេះធ្លាក់ចុះ ។

ដោយឡែក សម្រាប់ការអភិវឌ្ឍលើវិស័យអចលនទ្រព្យរបស់វិនិយោគិនចិននៅកម្ពុជាគឺនៅតែឈរនៅលំដាប់លេចរៀងទី១ ដែល​ក្រុមហ៊ុន​ធំៗ​ជាច្រើននៅតែបន្តការបណ្តាក់ទុនវិនិយោគនូវគម្រោងធំៗ និងនៅតែមានការរីកចម្រើនខ្លាំងដដែល៕