អស្ចារ្យសម្រាប់អ្នកសរសេរកូដ! ចូលរួមកម្មវីធី រាត្រីជួបជុំអ្នកសរសេរកូដកម្ពុជា ដោយឥតគិតថ្លៃ

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា​​ ឆ្នាំ២០១៩​ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការនឹងគេហទំព័រ បង្រៀនតាមអនឡាញ E-School Cambodia និងក្រុមហ៊ុន TrueMoney រៀបចំនូវកម្មវិធី រាត្រីជួបជុំអ្នកសរសេរកូដកម្ពុជាឆ្នាំ២០១៩ក្រោមប្រធានបទៈ​ «យុវជននាយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០» កម្មវីធីនេះជាកម្មវិធីដ៏ធំមួយ និងលើកដំបូងបំផុតនៅកម្ពុជា ដែលរៀបចំឡើងនៅ សណ្ឋាគារ ណាហ្គាវើលដ៍១ ជាន់ទី២ នៅវេលាម៉ោង៥ល្ងាច។​

អ្វីដែលពិសេសនៅក្នុងកម្មវីធីនោះ គឺមានអ្នកវាគ្មិនមកពីអូស្រ្តាលី កូរ៉េ និងជប៉ុន ដែលផ្តល់ជាកិត្តិយចែករំលែកបទពិសោធន៍នៅក្នុងកម្មវិធីរាត្រីជូបជុំនេះ ហើយក៏ជាពេលវេលាមួយសម្រាប់អ្នកសរសេរកូដ ជួបពិភាក្សា ចែករំលែកចំណេះដឹង បទពិសោធន៍ និងការផ្ដល់នូវ ឱកាសសិក្សានៅបរទេស ក៏ដូចជាឱកាសការងារជាច្រើន។

លោក ឈន ឈុនឡេង ប្រធានគណៈកម្មការរៀបចំកម្មវិធី បានបង្ហើបឲ្យដឹងថា «ដោយរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងសិក្សាសម្រេចទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល និងការរៀបចំឯកសារសម្រាប់រដ្ឋាភិបាលឌីជីថល កិច្ចការទាំងនេះចាំបាច់ត្រូវមានការចូលរួមពីសំណាក់វិស័យឯកជន ជាពិសេសគឺយុវជនកម្ពុជា ដែលទាមទារអោយមានការត្រៀមខ្លួនតាមដំណាក់កាល ការរៀបចំយុទ្ធសាស្រ្ត ដែលឆ្លើយតបលើបម្រែបម្រួលបច្ច័យនៃបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី៤.០លើសេដ្ឋកិច្ច និងសង្គម។

ហេតុនេះហើយ គណៈកម្មការរៀបចំកម្មវិធី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការបែបនេះ យើងអាចបង្កើតនូវ លក្ខខណ្ឌចាំបាច់ធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងផ្ដល់លទ្ធភាពឲ្យមានការសម្របខ្លួន ដើម្បីឈានទៅសម្រេច លទ្ធផលជាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងសង្គមជាតិកម្ពុជារបស់យើង ដើម្បីបន្តអនុវត្តន៍លើសមិទ្ធិផលរបស់ រាជរដ្ឋាភិបាលដែលសម្រេចបានកន្លងមក និងជំរុញការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ព្រមទាំង បណ្តុះវប្បធម៌ដឹកនាំផ្នែកលើ Transformative Leadership ដើម្បីអភិវឌ្ឍន៍មូលធនមនុស្ស គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ប្រកបដោយឧត្តមភាពប្រកួតប្រជែងផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការចូលរួមនៅក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ សូមធ្វើការចុះឈ្មោះតាមរយៈ Link ដូចខាងក្រោម៖

http://bit.ly/CSAP_PreReg