ពេជ្រ ខេនដី ​៖ ឆេះ​ដុំ​ប្រកាសផ្តល់​រង្វន់​១ពាន់ដុល្លារ​ចាប់​ខ្លួន​បុរសម្នាក់នេះ​បាន​

ភ្នំពេញ៖ តារាសម្តែងអ្នកនាង ពេជ្រ ខេនឌី ឆេះដុំក្តៅខ្លាំងមែនទែនលើកូនបំណុលមួយដែលបានបោកប្រាស់នាង ហើយនាងហ៊ានជះលុយ១ពាន់ដុល្លារអាមេរិកប្រសិនបើអ្នកណាអាចផ្តល់ដំណឹងសម្រេចក្នុងការចាប់ខ្លួនបុរសម្នាក់នេះបាន។

ក្នុងដីការចាប់ខ្លួន របស់សាលារាជធានីភ្នំពេញលេខ ៥១៩ដចន បានឱ្យដឹងថា លោក សាន សុផាត ចៅក្រមស៊ើបសួរ បញ្ជាសមត្ថកិច្ចឱ្យចាប់ខ្លួនលោក ផាន់ សុភ័ក្រ្ត ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅដ្ឋានផ្ទះលេខ១៥ ផ្លូវជាតិ៥ ភូមិផ្សារ​លិច សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ  ដោយបង្គាប់ឱ្យចូលខ្លួនបំភ្លឺនិងដោះស្រាយ ជាមួយក្រុមហ៊ុនហិរញ្ញវត្ថុ  Far Ocean  ពីបទ “រំលោភលើទំនុបចិត្ត ក្លែងបន្លំឯកសារធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ” និងទី២ “មិន​បំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” ។

តារាសម្តែងអ្នកនាង ពេជ្រ ខេនឌី បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ឱ្យដឹងថា បុរសឈ្មោះ ផាន់ សុភ័ក្រ្ត ជាអតិថិជនរបស់ក្រុមហ៊ុនរបស់នាង និងស្វាមីដែលបានជួល​រថយ​ន្ត​ទំនើប​ចំនួន​ពីរគ្រឿងតម្លៃរាប់​សិបម៉ឺន​ដុល្លារ ប៉ុន្តែស៊ីដាច់ហើយរត់គេចខ្លួនបាត់ស្រមោល។ មុនពេលនាងទទួលដំណឹងថាបុរសនេះ បោកប្រាស់ និង រត់គេច​បាត់នោះ គឺពេលនាងសុំពិនិត្យរថយន្តឡើងវិញ និង ទាររថយន្តយកមករក្សាទុកវិញ ដើម្បីធ្វើឯកសារថ្មីនៃការជួល ប៉ុន្តែ​ស្រាប់តែបុគ្គលកនេះថា រថយន្តត្រូវចោរលួចបាត់ និងសុំសងវិញបង់ជាដំណាក់កាល។ ដល់ពេលព្រមឱ្យសងនោះ បែរ​ជា​បុរសនេះឱ្យសែកដែលគ្មានលុយនៅធនាគារ ហើយរត់គេចបាត់ស្រមោលតែម្តង។

តារាស្រីសិចស៊ីរូបនេះបានបង្ហើបថា អ្វីដែលជម្រុញនាងប្តឹងដល់តុលាការ និង ជាជំហានបន្តទៀត ជះលុយដល់មួយ​ពាន់​ដុល្លារ​សម្រាប់ អ្នកណាអាចផ្តល់ដំណឹងនៃការលាក់ខ្លួនបុរសម្នាក់នេះបាន ដោយសារតែនាងហួសចិត្តយ៉ាងខ្លាំង​ស្ទើរ​ក្អួតឈាមហើយ។ ព្រោះបុរសម្នាក់នេះមិនមែនជាអតិថិជនធម្មតា ឡើយ ជាមនុស្សរាប់គ្នាស្គាល់គ្នាតាំងតូចៗ ២០ ទៅ៣០ឆ្នាំមកហើយ។ សូម្បីតែក្រុមគ្រួសារបុរសម្នាក់នេះ ពេជ្រ ខេនឌី ស្គាល់ប្រវត្តិទាំងអស់។ នាងមិននឹកស្មានថា មនុស្សរាប់អានគ្នា មករកស៊ីជាមួយនាង បែរជាបោកប្រាស់យ៉ាងចាស់ដៃបែបនេះ។

អ្នកនាង ពេជ្រ ខេនឌី បានបញ្ជាក់ថា បុគ្គលកបោកប្រាស់ ផាន់ សុភ័ក្រ្ត មិនមែនជាមនុស្សធម្មតាឡើយ ជាមន្ត្រីធំ​នៅ​អាកាសចរស៊ីវិល មានឋានៈក៏មិនតូចដែរ ប៉ុន្តែមិននឹកស្មានហ៊ានធ្វើទង្វើរបែបនេះ ដាក់លើនាង និងក្រុមហ៊ុន​របស់ប្តី​នាង​បែបនេះ។ នាងសូមអះអាងថា ប្រសិនអ្នកណាឱ្យតែអាចផ្តល់ឱ្យនាងចាប់ខ្លួនបុរសនេះបាន នាងនឹងឧបត្ថម្ភទឹក​ប្រាក់​ចំនួន១ពាន់ដុល្លារអាមេរិកជាទីគាប់ចិត្ត៕