TodaySharing ត្រៀម​បន្ថែមព័ត៌មានសុខភាពកាន់តែសំបូរបែបក្រោយចុះកិច្ចសការជាមួយ Hello Krupet

សម្រាប់ឆ្នាំថ្មី២០២០ គេហទំព័រសារព័ត៌មាន TodaySharing នឹងមានព័ត៌មានសុខភាពកាន់តែសំបូរបែប ក្រោយចុះកិច្ចសហការជាមួយនឹងស្ថាប័ន Hello Krupet  ដែលជាវេបសាយព័ត៌មានសុខភាពឈានមុខនៅកម្ពុជា។

លោក ជីព ចិត្ត  និពន្ធនាយក និងជាប្រធានយុទ្ធសាស្ត្រឌីជីថលរបស់ Hellokrupet.com  បាននិយាយថា “ខ្ញុំនៅតែបន្តសហការជាមួយបណ្ដាញសារព័ត៌មានដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ ទោះជាគាត់ទើបមានឈ្មោះថ្មី ក៏ដោយ។ ប្រការសំខាន់បំផុតគឺ ឆន្ទៈគោរពវិជ្ជាជីវៈ ផ្ដល់តម្លៃលើគុណភាពការងារ ការជឿជាក់លើអ្វីដែល “ហេឡូ គ្រូពេទ្យ” ផលិត និងឈរលើគោលការណ៍ បញ្ជូនសារពីចំណេះដឹង និងគន្លឹះជុំវិញសុខភាព ទៅបងប្អូនអ្នកអាន ក្នុងកម្រិតអតិបរមា ព្រោះនេះជាប្រយោជន៍រួម ចំពោះបងប្អូនខ្មែរទាំងអស់គ្នា”។

លោក បានប្រាប់ថា “ហេឡូ គ្រូពេទ្យ” ជាស្ថាប័នផ្ដោតទាំងស្រុងលើចំណេះដឹង និងព័ត៌មានពីសុខភាព ក្នុងកម្រិតវិជ្ជាជីវៈខ្ពស់ ដែលមានក្រុមការងារជាវេជ្ជបណ្ឌិត ពិនិត្យ មុនចេញផ្សាយ ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់ ភាពជឿជាក់ និងសុវត្ថិភាពទាំងស្រុងចំពោះអ្នកអាន។ ហើយយើងមិនមែនជាស្ថាប័ន ដែលតាំងខ្លួនប្រកួតប្រជែងជាមួយ បណ្ដាញព័ត៌មានធំៗ ទាំងដៃគូផ្លូវការព័ត៌មានដែលយើងសហការ និង មិនមែនទេ។ យើងមានគោលការណ៍ច្បាស់លាស់ក្នុងការបញ្ជូនសារ ស្ដីពីសុខភាព តែមួយមុខប៉ុណ្ណោះ។

លោក ជីព ចិត្ត បានថ្លែងទៀតថា “ខ្ញុំពិតជាសប្បាយចិត្ត ហើយក៏អរគុណ TodaySharing ដូចគ្នា ក្នុងការសម្រេចចិត្ត សហការ និងជឿជាក់ ដល់គុណភាពព័ត៌មានដែលយើងបានផលិត ព្រោះរាល់ការចេញផ្សាយព័ត៌មានដល់អ្នកអានគាត់ ខ្ញុំដឹង ថាគាត់សម្រិតសម្រាំងច្រើនណាស់ ចំណាយពេលច្រើនណាស់ រហូតចេញផ្សាយ”។

ជាមួយគ្នានោះលោកបានបញ្ជាក់ផងដែរថា ខ្ញុំក៏កត់សម្គាល់ដូចគ្នាថា បងប្អូនអ្នកអានយើងក៏ គាត់ផ្ដល់តម្លៃខ្ពស់ អមនិងការជឿជាក់អត្ថបទ ព័ត៌មាន ឬ ស្ថាប័នណាមួយ ក្នុងការប្រឹងប្រែងបង្កើតអ្វីដែលជាប្រយោជន៍ពិតប្រាកដសម្រាប់ពួកគាត់ ជាពិសេសរឿងប្រភពនិងកម្មសិទ្ធិបញ្ញា។

កញ្ញា តាំង ប៉ឈិញ អគ្គនាយក TodaySharing Digital Media បាននិយាយដែរថា កិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំ២០២០ ជាមួយនឹង Hello គ្រូពេទ្យ លើកនេះ នឹងធ្វើអោយមាតិការនៅក្នុងគេហទំព័រ TodaySharing.com អោយកាន់តែសំបូរបែបច្រើនឡើង ហើយជាពិសេសបានផ្តល់ចំណេះដឹងពីបញ្ហាសុខភាព ដែលមានភាពជាក់លាក់ ច្បាស់លាស់ អោយកាន់តែទូលំទូលាយជាងមុន។

ក្នុងនាមជាស្ថាប័នសារព័ត៌មានកម្សាន្តមួយ កញ្ញាសូមថ្លែងអំណរគុណដល់លោក ជីព ចិត្ត និព្ធនាយក និងជាប្រធានយុទ្ធសាស្ត្រឌីជីថលរបស់ Hellokrupet.com ដែលផ្តល់ការជឿជាក់ទុកចិត្តព្រមសហការជាមួយគ្នាក្នុងដំណើរពង្រីកចំណេះដឹងផ្នែកសុខភាពជូនប្រជាពលរដ្ឋកម្ពុជា៕