គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ជិត៤៣គីឡូម៉ែត្រ​គ្រោងចំណាយថវិការ​ចំនួន​២៧លានដុល្លារ​អាមេរិក​

ភ្នំពេញ ៖ កាល​ពី​ពេល​ថ្មីៗ​ កន្លង​ទៅ​នេះ​ក្រសួង​សាធារណៈ​ការ​នឹង​ដឹក​ជញ្ជូន បាន​បង្ហាញ​នូវ​គម្រូ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣​ដែល​មាន​ប្រវែង​សរុប ៥២,៩៨៣គីឡូម៉ែត្រ (ជិត៥៣​គីឡូម៉ែត្រ) ដែល​នឹង​គ្រោង​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​ប្រមាណ​ជា​ ២៧៣​លាន​ដុល្លារអាមេរិក​ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​បោស​សម្អាត​មីន និង​យុទ្ធភ័ណ្ឌ​មិនទាន់​ផ្ទុះ។

ផ្លូវ​ក្រវាត់ក្រុង​ទី៣នេះ តភ្ជាប់​ចាប់​ពី​ផ្លូវជាតិ​លេខ៦ កាត់តាម​មហាវិថី​ឈ្នះឈ្នះ និង​ស្ពាន​ព្រែកព្នៅ ឆ្លងកាត់​ផ្លូវ​ និង​ស្ពាន ក្នុង​ភូមិសាស្រ្ត​រាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល​ដូចខាងក្រោម ៖ ​-ផ្លូវជាតិលេខ៤​ (ភ្នំពេញ​) (ស្ពាន​អាកាស) -ផ្លូវជាតិលេខ៣​ (ភ្នំពេញ​) (ស្ពាន​អាកាស) -​ផ្លូវជាតិលេខ២​ (ភ្នំពេញ​) (ស្ពាន​អាកាស) -​ផ្លូវជាតិលេខ២១ (កណ្តាល) (ស្ពាន​អាកាស) -ផ្លូវជាតិលេខ២១A (កណ្តាល) ​ -ស្ពាន​បាសាក់ (កណ្តាល) (គម្រោងសាងសង់ស្ពានចំនួន២ ប្រវែង​សរុប​ ៩៩០​ម៉ែត្រ) -ផ្លូវលេខ១១០​ (កណ្តាល) -ភ្ជាប់ផ្លូវជាតិលេខ១ (កណ្តាល)។

ផ្លូវ​ក្រវាត់​នេះ​ មាន​ទំហំ​ទទឹង​ផ្លូវ​រហូត​ដល់ទៅ ២៧ម៉ែត្រ​សម្រាប់​ទីប្រជុំជន (ប្រវែង ២,៨គីឡូម៉ែត្រ) និង​សម្រាប់​ក្រៅទី​ប្រជុំជន​វិញ​មាន​ទំហំ​ទទឹង​ផ្លូវ ២៥​ម៉ែត្រ (ប្រវែង ៤៤,៨គីឡូម៉ែត្រ) ដោយមាន​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​សម្រាប់​កំណាត់ផ្លូវ​ក្នុង​ក្រុង និង​ដើមឈើ​លម្អ​សម្រាប់​កំណាត់ផ្លូវ​ក្រៅក្រុង។ សម្រាប់​ទី​ប្រជុំជន ផ្លូវនេះ​មាន៤គន្លង​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍ (២ទៅ២មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ៣,៥ម៉ែត្រ និង​២គន្លង​សម្រាប់​ម៉ូតូ (១ទៅ​១មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ២,២៥​ម៉ែត្រ ព្រមទាំង​ខឿន​ និង​សួន​ពុះ​ចែកទ្រូងផ្លូវ មាន​ទំហំ​ទទឹង ៣,៥ម៉ែត្រ និង​ផ្លូវ​ថ្មើរជើង​សងខាង ២,២៥​ម៉ែត្រ។

សម្រាប់​ក្រៅទី​ប្រជុំជន៖ ផ្លូវនេះ​មាន ៤គន្លង​សម្រាប់​រថយន្ត​ធ្វើ​ចរាចរណ៍ (២ទៅ២មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ៣,៥ម៉ែត្រ និង​២គន្លង​សម្រាប់​ម៉ូតូ (១ទៅ​១មក) ដោយ​គន្លង​នីមួយៗ​មាន​ទទឹង ២,២៥​ម៉ែត្រ ព្រមទាំង​ខឿន​ និង​សួន​ពុះ​ចែកទ្រូងផ្លូវ មាន​ទំហំ​ទទឹង ៣,៥ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​សងខាង ១,៥​ម៉ែត្រ។

គួរ​បញ្ជាក់ផង​ដែរ​ថា ការ​សាងសង់​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់ Shanghai Construction Group Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd និង​ចំណាយ​រយៈពេល​សាងសង់​ចំនួន ៤២​ខែ ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០១៨ និង​បញ្ចប់​នៅខែធ្នូ ឆ្នាំ២០២១៕