អ្នកជំនាញអចលទ្រព្យ ៖ ក្រោយ​ការសាងសង់ផ្លូវ​ក្រវាត់ក្រុង​ទី៣ និងជម្រុញឲ្យវិស័យ​អចលទ្រព្យកាន់តែរីកចម្រើន​

ស្របពេលដែលទីក្រុងភ្នំពេញមានការអភិវឌ្ឍ និងចំនួនប្រជាជនរស់នៅក្នុងទីក្រុងកាន់តែច្រើនឡើង ដើម្បីបំពេញតម្រូវការនេះបានរដ្ឋាភិបាល បានអនុញ្ញាតឲ្យបង្កើតទីក្រុងរណបថ្មីៗជំវិញទីក្រុងភ្នំពេញ និងផ្លូវក្រវាត់ក្រុងដើម្បីដោះស្រាយការកើនឡើងនៃអ្នកចូលមករស់នៅក្នុងទីក្រុង បញ្ហាកកស្ទះចរាចរណ៍ និងការរីកចម្រើន​នៃសក្ដានុពល​សេដ្ឋកិច្ច របស់កម្ពុជា​ផងដែរ។

បច្ចុប្បន្នរាជធានីភ្នំពេញមានផ្លូវក្រវាត់ក្រុងចំនួន២រួចទៅហើយ ដែលបាននិងកំពុងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រីកវិសាលភាពសេដ្ឋកិច្ចកាន់តែទូលាយទៅដល់បណ្ដាតំបន់ជាយៗរាជធានី។ ថ្មីៗនេះមានគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ គ្រោងចំណាយទឹកប្រាក់ប្រមាណ២៥៩លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានរបស់ប្រទេសចិន ត្រូវបានចុះហត្ថលេខាកាលពីដើមខែកក្កដា ឆ្នាំ២០១៨ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារនីហរ័ណ អាហរ័ណចិន។​​

ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ មានប្រវែងសរុប៤៧.៦គីឡូម៉ែត្រ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពានព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និង ផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅនឹងកំពង់ផែភ្នំពេញថ្មី មិនតែប៉ុណ្ណោះផ្លូវក្រវាត់ក្រុងមួយខ្សែនេះ មានចម្ងាយត្រឹមតែជាង១គីឡូម៉ែត្រពីគម្រោងព្រលានយន្តហោះ។

យោងតាមក្រុមអ្នកជំនាញអចលនទ្រព្យ បានអះអាងថា គម្រោងផ្លូវខ្សែក្រវាត់ក្រុងទី៣នេះ មិនត្រឹមតែជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងក្រុងប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសជាច្រើនដល់អ្នកអភិវឌ្ឍ និងប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ ដែលនឹងជំរុញឲ្យមានការអភិវឌ្ឍអចលនទ្រព្យកាន់តែកើនឡើងជាបន្តបន្ទាប់ផងដែរ។ វិស័យ​អចលនទ្រព្យ​អាចមាន​សញ្ញាកើនឡើង​នៅពេលដែល​មានតំបន់​ណា​​មួយ គឺអាស្រ័យ​​លើសន្ទុះ​​នៃការអភិវឌ្ឍ​តំបន់នោះ ដែលមាន​ការរៀបចំ​បានល្អនូវ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់ងាយ​ស្រួល។

វត្តមាននៃផ្លូវក្រវ៉ាត់ក្រុងទី៣នេះមិនត្រឹមតែ​ កាត់បន្ថយនូវបញ្ហាស្ទះចរាចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ចូនប៉ុណ្ណោះទេ ថែមទាំងបង្កើនដល់ការវិនិយោគអចលនទ្រព្យ និងការអភិវឌ្ឍន៍លំនៅដ្ឋាននៅតំបន់ជាយក្រុងផងដែរ ​ដើម្បីឆ្លើយតប​ទៅនឹងកំណើន​ប្រជាជន ដែលបាន​ចូលមក​រស់នៅក្នុង​ទីក្រុងកាន់តែ​ច្រើន​ឡើងៗ ហើយវា​ក៏បានបង្ហាញ​ពីកំណើន​រីកចម្រើន​នៃសក្ដានុពល​សេដ្ឋកិច្ច របស់កម្ពុជា​ផងដែរ៕