ហួត ជា ៖ ពីក្មេងរស់នៅតាមសំណង់អណាធិបតេយ្យ តស៊ូ​ក្លាយជា​ម្ចាស់ក្រុមហ៊ុន​គ្រឿង​សំណង់មានលុយរាប់លាន

លោកអ្នកប្រហែលជាធ្លាប់ស្គាល់ លោក ហួត ជា ដែលជាអគ្គនាយកក្រុមហ៊ុន ហួត ជា លក់សម្ភារៈសំណង់ ដ៏ល្បីល្បាញមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អាចនិយាយបានថា លោកជាមនុស្សជោគជ័យមួយកម្រិតនៅក្នុងវិស័​យជំនួញ ព្រោះបច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោក រីកចម្រើនបានរហូតដល់២៨សាខាទៅហើយ នៅលើទឹកដីប្រទេសកម្ពុជា។

ក្រឡែកមកមើលពីប្រវត្តិសាវតារបស់លោក ហួត ជា លោកគឺជាកូនកសិករក្រីក្រកំព្រាឳពុកម្នាក់ ដែលមានស្រុកកំណើតមកពីខេត្តតាកែវ ហើយក្នុងឆ្នាំ១៩៩៧ លោកក៏ជាអតីតក្មេងម្នាក់ ដែលរស់នៅក្នុងតំបន់សំណង់អណាធិបតេយ្យមួយកន្លែងនៅខណ្ឌចម្កាមនផងដែរ។ ក្រោយពីរៀនចប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិរួចមក លោកក៏បានបន្តការសិក្សានៅវិទ្យាស្ថានជាតិគ្រប់គ្រងនៅក្រុងភ្នំពេញ ដែលក្នុងសម័យកាលនោះសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅជាវិទ្យាស្ថាននោះឡើយទេ។

លោក ហួត ជា បានលើកឡើងថា នៅក្នុងឆ្នាំ២០០២ ក្រោយពីបញ្ចាប់ការសិក្សាភ្លាម លោកចាប់ផ្តើមចេញរកស៊ីភ្លាម ដោយកាលនោះលោកចាប់អាជីពជាអ្នកលក់ទូរស័ព្ទដៃ នៅទល់មុខសាលាវាន់ដា ដែលមុខរបរលក់ទូរស័ព្ទនេះហើយ ដែលជាបរាជ័យលើកដំបូងបំផុតនៅក្នុងជីវិតជំនួញរបស់លោក ហើយមូលហេតុនៃការដួលនេះតែលោកមកពីលោកមិនទាន់មានគំនិតជ្រៅជ្រះនៅក្នុងវិស័យធុរៈកិច្ច។

បន្ទាប់ពីបរាជ័យក្នុងមុខជំនួញលក់ទូរស័ព្ទដៃរួចមក លោក ហួត ជា ក៏សម្រេចចិត្តចេញទៅធ្វើការអោយគេវិញម្តងពាក់ព័ន្ធនឹងវិស័យសំណង់ ដោយលោកបញ្ចាក់ថា ប្រាក់ខែដំបូងដែលលោកទទួលបានគឺប្រមាណជា២០០ដុល្លារប៉ុណ្ណោះរហូតលោកក្លាយជាថ្នាក់ដឹកនាំគេប្រាក់ខែជិតពាន់ដុល្លារផងដែរ។

លោក ហួត ជា បានចាប់ផ្តើមរកស៊ីវិស័យសំណង់នេះ នៅពេលដែលលោកមានវ័យ២៩ឆ្នាំ ដោយសំអាងលើបទពិសោធន៍ខ្លះពីកាងារដែលលោកធ្លាប់ធ្វើ ភាពរីកលូតលាស់លើវិល័យអចលនទ្រព្យ និងដោយការស្រលាញ់ចូលចិត្តនៅក្នុងវិស័យសំណង់នេះផង ជាហេតុធ្វើអោយលោកអាចចេញរកស៊ីក្នុងវិស័យនេះ បានដោយជោគជ័យក្នុងអាជីវ​កម្មរហូតដល់បច្ចុប្បន្ននេះ៕