ប្រទេសវៀតណាម​ទទួលបាន​ការវិនិយោគ​ដ៏ខ្លាំង​ក្លាបំផុត​ពី​វិនិយោគិន​កូរ៉េ​ខាងត្បូង​មិនមែន​ប្រជាមានិត​ចិន​នោះទេ

ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសជឿនលឿនមួយដែលពឹងផ្អែកលើឧស្សាហកម្មធុនធ្ងន់ និងបានលើកស្ទួយសេដ្ឋកិច្ចឡើងខ្ពស់យ៉ាងលឿនបំផុត និងមានការវិនិយោគអចលនទ្រព្យទៅបណ្តាប្រទេសជាច្រើនថែមទៀត។

ជាក់ស្ដែង កូរ៉េខាងត្បូងវិនិយោគអចលនទ្រព្យក្រៅប្រទេសខ្លាំងបំផុត ទៅលើទឹកដីសហរដ្ឋអាមេរិច ដោយសារកូរ៉េខាងត្បូង មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិច ខាងវិស័យពាណិជ្ជកម្ម វិនិយោគ ការទូត និងនយោបាយ។ មិន​ត្រឹមតែប៉ុណ្ណោះទេ ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជាបានជាប់លំដាប់ទី២ សម្រាប់ការវិនិយោគ​អចលនទ្រព្យពីសំណាក់វិនិយោគិនកូរ៉េខាងត្បូង ដែលធ្វើឲ្យវៀតណាមកំពុងរីកចម្រើនទីផ្សារអចលនទ្រព្យកម្រិតខ្ពស់។

បើតាមការវិភាគរបស់ក្រុមហ៊ុនអចលនទ្រព្យវៀតណាម The Chosunilbo បានឱ្យដឹងថាតាំងពីវៀតណាមបន្ធូរបន្ថយច្បាប់កម្មសិទ្ធលើអចលនទ្រព្យតាំងពីឆ្នាំ២០១៥មក មានជនបរទេសជាច្រើន បានសំរុកមកទិញអចលនទ្រព្យក្នុងប្រទេសនេះ ជាក់ស្ដែងខុនដូលក់ដាច់ខ្លាំងបំផុត។ ចំពោះជនជាតិកូរ៉េខាងត្បូង ភាគច្រើនទិញខុនដូកម្រិតខ្ពស់ ដែលមានតម្លៃខ្ទង់២៦៩,០០០ដុល្លារ និងបានធ្វើឲ្យសេដ្ឋកិច្ចរបស់វៀតណាមកើនឡើងខ្ពស់ ហើយប្រជាជនជាច្រើនបាននាំគ្នាព្យាយាមទិញអចលនទ្រព្យច្រើន តាមដែលអាចធ្វើបាន ពិសេសគឺផ្ទះនិងអាផាតមិន ព្រោះគេរំពឹងថា វានឹងចំណេញខ្លាំងនៅរយៈពេល១០ក្រោយ។

គួរបញ្ជាក់ឡើងវិញផងដែរថា ការវិនិយោគអចលនទ្រព្យក្រៅប្រទេសរបស់កូរ៉េខាងត្បូងគឺមានសន្ទុះឡើងចាប់ផ្ដើមពីឆ្នាំ២០០៨ ហើយកាលពីឆ្នាំ២០១៨ ប្រទេសកូរ៉េខាងត្បូងវិនិយោគអចលនទ្រព្យទៅក្រៅប្រទេសសរុប៤៤៥.១ លានដុល្លារ ដែលបានកើនឡើង៤៧% ធៀបជាមួយឆ្នាំ២០១៧ ហើយគេរំពឹងថាកំណើននឹងឡើង៣.៨ដងនៅរយៈពេល៥ឆ្នាំក្រោយ។

គួរជម្រាបផងដែរថា នៅប្រទេសអាស៊ីយើងវិញមានដូចជាប្រទេសជប៉ុន ក៏ប្រទេសកូរ៉េខាងត្បូងបានវិនិយោគលើអចលនទ្រព្យជាង១៥.៨លានដុល្លារ និងប្រទេសថៃ ទទួលបានជាង១៥.៥លានដុល្លារផងដែរ ស្ថិតនៅលំដាប់ទី៤ និងទី៥៕