ប្រសិន​បើ​ចង់​ជោគជ័យ​លើ​​វិស័យអចលនទ្រព្យ​ លោក​អ្នក​ត្រូវ​ឈរលើគោលការណ៍​សំខាន់​៦ចំណុច​ខាងក្រោម​

ភ្នំ​ពេញ ៖ ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ គ្រប់គ្នា​សុទ្ធតែ​មានបំណង​ និង​ក្ដី​ប្រាថ្នា​ទទួល​បាន​ផ្លែផ្កា​ពី​ការងារ​ ហេតុនេះ​​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ខ្ពស់​ និង​កំពុង​មាន​ភាព​លេចធ្លោ​នា​ពេល​បច្ចុប្បន្ន​នេះ​បញ្ជាក់​ប្រាប់​ថា​ បើ​ចង់​ទទួល​បាន​ភាព​ជោគជ័យ​លើ​មុខ​ជំនួញ​មួយ​នេះ​ អ្នក​ត្រូវតែ​ប្រកាន់​ខ្ជាប់​ និង​ឈនៅ​លើ​គោលការណ៍​សំ​ខាន់​ៗចំនួន៦ជា​ដាច់ខាត​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ និង​ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោកស្រី​តាំង​ ហួរ​បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​ថា​ វា​មិនមែន​រឿង​ងាយស្រួល​ ដែល​អាច​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ទេ​ ដែល​ទម្រាំ​អាច​ទទួល​បាន​ទំនុក​ពីអ​តិថិ​ជន​ចាំបាច់​ អ្នក​ត្រូវតែ​មាន​ភាព​ស្មោះត្រង់​ និង​អាច​ផ្តល់​នូវ​ប្រយោជន៍​ដល់​អតិថិជន​របស់​ខ្លួន​ រួម​ជាមួយនឹង​ចំណុច​សំខាន់​មួយចំនួន​ដែល​ត្រូវតែ​ប្រកាន់យក​មក​អនុវត្ត​។

លោកស្រី​បន្ត​ថា​ “ការ​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ ដែល​ទទួល​បាន​ជោគជ័យ​ ភ្នាក់ងារ​នត្រូវ​មានគុណ​សម្បត្តិ​ចំនួន​៦ចំណុចដូចជា​ សុ​ច្ច​រឹត​ភាព​ ភាព​ស្មោះត្រង់​ ចំណេះដឹង​ ជំនាញ​ជាក់លាក់​ ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​ឆ្លាតវៃ​”។ លោកស្រី​បន្ត​ថា​​ “អ្វី​សំខាន់​ គឺ​អ្នក​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ ត្រូវ​ខិតខំ​បង្វឹក​ខ្លួនឯង​ ប៉ុន្តែ​សំខាន់​​បំផុត​ត្រូវ​មាន​សុ​ច្ច​រឹត​ភាព​ និង​ភាព​ស្មោះត្រង់​ ទើប​ទទួល​បាន​នូវ​គុណ​តម្លៃ​នឹងទទួលជោគជ័យ​ក្នុង​អាជីព​នេះ”​។ លោកស្រី​បន្ត​ថា​ “អតិថិជន​នឹង​ជឿជាក់​លើ​គាត់​ ប្រសិនជា​គាត់​មាន​សុ​ច្ច​រឹត​ភាព​ និង​ភាព​ស្មោះត្រង់​ ប៉ុន្តែ​អ្នកមាន​ចំណុច២នេះ​ពិបាក​រក​ណាស់​ ហេតុនេះ​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នក​ចង់​ប្រឡូក​ក្នុង​វិស័យ​នេះ​ ត្រូវ​គិត​ពី​ផល​រយៈពេល​វែង”។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ដែល​កំពុងតែ​ទទួល​បាន​ចំណែក​ទីផ្សារ​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ លើស​ពីនេះ​ភ្នាក់ងារ​ត្រូវ​មានចំណេះ​ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលនទ្រព្យ​ជាសាកល​ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ផ្លូវច្បាប់​ក្នុង​ការរៀបចំ​ឯកសារ​ពាក់​ព័ន្ធ​ផ្សេង​ៗ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ និង​ទទួល​បាន​ទំនុក​ពីសំណាក់​អតិថិជន​ផង​ដែរ​។

នៅពេល​ពួកគាត់​មាន​ចំណុច​សំខាន់​ទាំងអស់​ ដូច​បាន​រៀបរាប់​ជូន​ខាងលើ​នេះ​ នោះ​ពួកគាត់​អាច​នឹង​មានឱកាស​ច្រើន​ ក្នុង​ទទួល​បាន​ចំណែក​ទីផ្សារ​ក្នុង​វិស័យ​មួយ​នេះ​ ដែល​អាច​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៅ​លើ​មុខ​ជំនួញ​មួយ​នេះ​ជាមិ​ខាន​៕