អ្នក​ចង់​រក​ស៊ី​ផ្នែក​អចលនទ្រព្យមែនទេ កុំគិត​ច្រើន​ពេក​មាន​ហេតុ​ផល​ធំ៣យ៉ាង​ ដែលអ្នក​គួរ​ចាប់ផ្តើមនៅថ្ងៃនេះ

អចលនទ្រព្យ គឺជាប្រភេទទ្រព្យដែលអាចមើលឃើញប៉ះបាន តម្លៃកើនឡើងជាប្រចាំ និងអាចបង្កើតបានចរន្តប្រាក់ចំណូលពីការដាក់ជួលបានថែមទៀតផង។ ប្រភពចំណូលពីវិស័យអចលនទ្រព្យមានពីរគឺប្រាក់ចំណេញដុលសុទ្ធ និង​ប្រាក់បានពីការជូល។ តើអ្នកគួរចាំដល់ពេលណា ឫមានលុយកម្រិតណាទើបអាចវិនិយោគក្នុងវិស័យដ៏មានសក្តានុ​ពលនេះបាន?

សម្រាប់វិស័យនេះ ទាមទារឲ្យអ្នកមានប្រាក់ចំណូលច្រើន ឫមានប្រាក់សល់ច្រើនដែលជាចំណែកលុយមិនចាំបាច់ យកមកធ្វើការវិនិយោគ ស្របពេលជាមួយគ្នាអ្នកក៏ត្រូវមានចំណេះដឹង សិក្សាស្វែងឲ្យបានល្អិតល្អន់មុននឹងចុះទុនវិនិយោគក្នុងវិស័យនេះ។

១.ដីកាន់តែហោច មនុស្សកាន់តែកើន

កត្តាជម្រុញដ៏សំខាន់មួយដែលធ្វើឲ្យតម្លៃអចលនទ្រព្យចេះតែកើនឡើងនោះ គឺដោយសារតែដីនៅតែមានទំហំដដែល ប៉ុន្តែមនុស្សចេះតែកើនឡើងជារៀងរាល់ឆ្នាំ ជាហេតុធ្វើឲ្យអចលនទ្រព្យមានតម្រូវការច្រើនទាំងដីដែលកំពុងអភិវឌ្ឍន៍ និងដីដែលមិនទាន់បានអភិវឌ្ឍន៍។

២.អតិផរណតម្លៃនៃសម្ភារៈ

ទំនិញ របស់របរប្រើប្រាស់នៅលើទីផ្សារមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយគ្នាវត្ថុធាតុដើមដែលយកទៅប្រើសម្រាប់កសាងសំណង់ និងប្រើប្រាស់ផ្សេងៗក៏កើនឡើងដូចគ្នា ដែលជម្រុញឲ្យតម្លៃអចលនទ្រព្យក៏ងើបឡើងផងដែរ។

៣.ការកើនឡើងនៃតម្លៃប្រាក់ឈ្នូល

អចលនទ្រព្យជាទ្រព្យ ដែលមានតម្លៃកើនឡើងទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។ តម្លៃប្រាក់ឈ្នូលពលកម្មកើន​ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក៏ជះឥទ្ធិពលដល់តម្លៃអចលនទ្រព្យដូចគ្នាដែរ។ សម្រាប់តម្លៃនៃការជួលអគារ ផ្ទះ ខុន​ដូវិញ មិនដែលមានប្រវត្តិធ្លាក់ថ្លៃទេ មានតែកើនឡើងរាល់ឆ្នាំយ៉ាងតិច១០ភាគរយក្នុងមួយឆ្នាំ។

ដើម្បីចៀសវាងហានិភ័យក្នុងការវិនិយោគ លោកអ្នកគួរចំណាយពេលសិក្សាស្វែងយល់ឲ្យបានជាក់ច្បាស់ជាមុន មុន​នឹងសម្រេចចិត្តវិនិយោគក្នុងវិស័យនេះ ប្រសិនបើអ្នកគ្មានជំនាញក្នុងវិស័យនេះ ហើយនៅតែបន្តទៅវិនិយោគដោយខ្លួនឯងទាំងគ្មានភាពច្បាស់លាស់ វាប្រៀបបាននឹងអ្នកកាន់លុយយកទៅបោះចោលអ៊ីចឹងដែរ៕