ង៉ែត​ ជូ ៖ អ្នក​មាន​ប្រាក់ខែបន្តិច​បន្តួច ហើយគិត​ថាចង់បង់រំលោះ​ផ្ទះ​ ចូរកុំ​ប្រថុយ​អីវានឹងធ្វើឲ្យអ្នកកាន់តែលំបាក

និយាយពីការទិញផ្ទះ ប្រជាជនភាគច្រើនមិនងាយលុយទៅទិញទាំងដុលនោះ ហើយមនុស្សមួយចំនួនរកលុយស្ទើរតែមួយជីវិតក៏មិនទាន់មានលុយទិញផ្ទះបានដែរ។ ដូច្នេះដើម្បីទទួលបានផ្ទះមួយសមរម្យ ជាជម្រករស់នៅ​ប្រជាជនមួយ​ចំនួន ជាពិសេសប្រជាជនរស់នៅទីក្រុងត្រូវពឹងលើការខ្ចីលុយពីធនាគារក្នុងការបង់រំលស់ទិញផ្ទះ។

បច្ចុប្បន្ន តើប្រជាជនកម្ពុជា  គួរមានប្រាក់ខែប៉ុន្មាន ទើបស័ក្តិសមខ្ចីលុយធនាគារមកទិញផ្ទះបង់រំលស់?

បើសម្ដីរបស់លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានឲ្យដឹងថា ចំពោះការទិញផ្ទះបង់រំលស់ គឺគេតម្រូវឲ្យអ្នកទិញផ្ទះមានប្រាក់កក់មុន ​ប្រមាណជាពី​២៥ ទៅ៣០%នៃ តម្លៃផ្ទះសរុប។ លោកបានបន្តទៀតថា អ្នកដែលចង់ខ្ចីលុយពីធនាគារ ដើម្បីបង់រំលស់ទិញផ្ទះដែលមានរយៈពេលពី១០ ទៅ១៥ឆ្នាំ ជាទូទៅគួរមានប្រាក់ខែពី ៨០០ ទៅ១ពាន់ដុល្លារ។ ​

យ៉ាងណាមិញ លោកលើកឡើងថា ចំពោះអ្នកដែលមានចំណូលក្រោម៨០០ដុល្លារក៏អាចស្នើ កម្ចីទិញផ្ទះបង់រំពីធនាគារបានដែរ ប៉ុន្តែប្រាក់ចំណូលក្រោម៨០០ដុល្លារ ហើយមានបន្ទុក ត្រូវបង់រំលស់ទៀតនោះនឹងធ្វើឲ្យអ្នកមានការលំបាក់ព្រោះក្នុងមួយខែៗ គឺអ្នកត្រឹមតែមានលុយសម្រាប់ចាយវាយប្រចាំខែបន្តិចបន្តួច និងសម្រាប់បង់រំលស់ផ្ទះប៉ុណ្ណោះ មិនមានលុយសម្រាប់សន្សំសម្រាប់គោលដៅអនាគត់ដូចសន្សំ ដើម្បីបានដើមទុនរកស៊ី ឬគោលហិរញ្ញវត្ថុផ្សេងៗទៀតឡើយ។​

រីឯ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានឲ្យដឹងថាចំពោះសំណួរសួរថា គួរមានប្រាក់ខែប៉ុន្មាន ទើបសាកសមឲ្យអ្នកខ្ចីលុយ ធនាគារមកទិញផ្ទះបង់រំលស់នេះ គឹពិបាកក្នុងកំណត់ ពោលគឺវាអាស្រ័យទៅលើតម្លៃផ្ទះថា តើថ្លៃប៉ុន្មាន។ ជាទូទៅបើតាមក្បួនហិរញ្ញវត្ថុ មិនគួរយកលុយលើសពី៤០ភាគរយនៃចំណូលសរុបប្រចាំខែ ទៅបង់រំលស់ទិញផ្ទះឡើយ គួរទុក៦០ភាគរយសម្រាប់ការចំណាយប្រចាំខែ ឬសម្រាប់ទំនុកបម្រុងពេលមានអាសន្នណាមួយកើតឡើង។ លោកក៏បានបន្ថែមទៀតថា ចំពោះអ្នករស់នៅភ្នំពេញ មានប្រាក់ខែ ពី ២០០ ទៅ ៣០០ដុល្លារពិបាកក្នុងការទិញផ្ទះបង់រំលស់ ​ព្រោះតម្លៃផ្ទះបច្ចុប្បន្នតម្លៃសុទ្ធតែខ្ទង់ម៉ឺនដុល្លារឯណោះ។

ចំណែកលោកស្រី ហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB)​ បានមានប្រសាសន៍ថា តាមពិតទៅ ពុំមានការកំណត់ជាក់លាក់ សម្រាប់ប្រាក់ចំណូល ឬប្រាក់ខែរបស់អ្នកស្នើសុំឥណទាននោះទេ។ទេ។ លោកស្រីបន្ថែមថា ធនាគារ CIMB សូមណែនាំឲ្យអតិថិជនស្នើសុំឥណទាន ក្នុងទំហំសមស្របមួយ ផ្អែកលើប្រាក់ចំណូលជាក់ស្តែងរបស់ពួកគេ។

ឧទាហរណ៍៖ បើអតិថិជនត្រូវមានប្រាក់ចំណូល ឬប្រាក់ខែ ប្រហែល ៧រយដុល្លារ នោះពួកគេអាចស្នើសុំឥណទានគេហដ្ឋាន រហូតដល់៤ម៉ឺនដុល្លារ ដែលអាស្រ័យតាមការវាយតម្លៃ និងរយៈពេលនៃឥណទាននោះ។ ហើយបើពួកគេចង់បានទំហំឥណទានច្រើនជាងនេះ ពួកគេអាចរួមចំណូលគ្នាជាមួយដៃគូ និងសមាជិកគ្រួសារបាន។ ធនាគារ CIMB តែងតែស្វែងយល់ និងស្វែងរកដំណោះស្រាយហិរញ្ញវត្ថុសមរម្យណាមួយ ស្រប​តាមតម្រូវការរបស់អតិថិជនជានិច្ច៕