ក្រោយ​ការធ្វើ​ផ្លូវ​លេខ​២១បានស្អាត ដីស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេ​ខ២១ កំពុង​មានតម្លៃដីមានសន្ទុះកើនឡើង​

បន្ទាប់​ផ្លូវជាតិ​លេខ២១ត្រូវ​បាន​ពង្រីក​ និង​មានការ​រៀបចំ​យ៉ាង​រលូន​បាន​ធ្វើឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​ ស្រប​ពេល​អ្នក​វិនិយោគ​គំរោង​បុរី​នានា​បាន​ និង​កំពុង​ពង្រីក​ទៅកាន់​តំបន់​ស្ថិតនៅ​ភាគ​ខាងត្បូង​ក្រុង​តាខ្មៅ​។

លោក​ ប៉ូ​ អ៊ា​វគង់​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ Focus​ Property​ បាន​មាន​ប្រសា​សន៍ថា មិនថា​ដី​នៅ​តំបន់​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២១​ ឬនៅ​តំបន់​ផ្លូវ​លេខ២១​Aនោះ​ទេ​ គឺ​តម្លៃ​ដីធ្លី​ និង​អចលនទ្រព្យ​មួយចំនួន​ បាន​និង​កំពុងតែ​បង្ហាញ​ពី​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំមុន​ ដោយសារ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ និង​កំនើន​សេដ្ឋកិច្ច​នៅតែ​រ៉ឹង​មាំ​។

​លោក​បន្ត​ថា​ ដី​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ២១​ ដែល​មាន​ចម្ងាយ​ចន្លោះ​ពី៥ទៅ៧​គីឡូម៉ែត្រ​ គិត​ចាប់ពី​ចំណុច​តំបន់​ទួល​ក្រសាំង​ ឆ្ពោះទៅ​កាន់​តំបន់​ស្រុក​ស្អាង​ ពេលនេះ​គឺ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ច្រើន​ ជាពិសេស​តំបន់​ដែល​នៅ​ជិត​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​។ “នៅ​តំបន់​នេះ​សព្វថ្ងៃ ​គឺ​កំពុងតែ​ចាប់ផ្តើម​ មាន​សកម្មភាព​អភិវឌ្ឍ​ទៅលើ​វិស័យ​​សំណង់​ ជាពិសេស​វិស័យ​លំនៅ​ដ្ឋាន​កម្រិត​ក្រោម​មធ្យម​ សម្រាប់​អ្នក​ដែល​មាន​ចំណូល​ទាប​ រួម​ជាមួយនឹង​គម្រោង​នៃ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ កម្រិតមធ្យម​របស់​ម្ចាស់​គម្រោង​មួយចំនួន​ទៀត​ដែរ​។ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​ជាក់ស្ដែង​នៅ​លើ​ទីផ្សារ​ ខណៈ​ដែល​កំណើន​នៃ​កក្តា​ប្រជាសាស្ត្រ​ក៏​មានការ​កើនឡើង​។

លោ​កប៉ូ​ អ៊ា​វគង់​បាន​ទៀត​ថា​ “ធម្មតា​នៅពេល​ដែល​មាន​តម្រូវការ​លើ​ផ្នែក​សំណង់​ វា​នឹង​ជម្រុ​ញឱ្យ​តម្លៃ​ដី​មានការ​កើនឡើង​។ តម្លៃ​ដី​ដែល​ស្ថិតនៅ​តំបន់​ ដូចដែល​បាន​លើកឡើង​ខាងលើ​នេះ​ ជាពិសេស​ដី​ដែល​នៅ​ជាប់​ផ្លូវ​ធំ​ មានតម្លៃ​ក្នុង​ចន្លោះ​ពី១៥០​-២០០​ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ​កន្លងទៅ​ ដី​នៅ​តំបន់​ដដែល​នេះ​មានតម្លៃ​ត្រឹមតែ​ប្រមាណ​៨០​-១២០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​ដី​ធ្លាប់តែ​ជា​តំបន់​វាលស្រែ​ និង​ជា​តំបន់​ទឹក​លិច​ ដែល​កាលពី​ឆ្នាំមុន​មានតម្លៃ​ត្រឹម១៥​ ទៅ២៥ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​នោះ​ ពេលនេះ​បាន​កើនឡើង​រហូតដល់​ក្នុង​ចន្លោះ​ចាប់ពី៥០​-៦០​ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​ វ៉ា​ វីរៈ នាយក​ក្រុមហ៊ុន​ Century​ 21​ Fortuna​ Investment​ ​ បាន​ទទួលស្គាល់​ថា​ តំបន់​ខាងលើ​នេះ​ពិតជា​មាន​​ភាព​ទាក់ទាញ​ក្នុង​ការ​អភិវឌ្ឍ​ ប៉ុន្តែ​វា​នៅ​មិនទាន់​មាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង​ ដូចជា​តំបន់​មួយចំនួន​ដែល​ស្ថិតនៅ​ជាយ​ក្រុង​តាម​បណ្តា​ផ្លូវ​ជា​តិ​ធំៗ​នោះ​នៅឡើយ​។ លោក​បាន​បន្ត​ថា​ បើ​ប្រៀបធៀប​តំបន់​ជាយក្រុង ​ដែល​ស្ថិតនៅ​ជាប់​​ផ្លូវជាតិ​ធំ​នានា​ តំបន់​ខាងលើ​ដែល​ស្ថិតនៅ​ជាប់​ផ្លូវជាតិ​លេខ២១​A ហាក់​នៅ​មានកម្រិត​នៅឡើយ​ ប៉ុន្តែ​យើង​ទទួលស្គាល់​ថា​ ពិតជា​មានការ​កើនឡើង​នូវ​តម្លៃពិត​ប្រាកដ​មែន​។

លោក​បាន​បន្ត​ទៀត​ថា​ ​ដី​ដែល​ស្ថិតនៅ​ក្បែរ​គម្រោង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ អាច​នឹង​មានការ​ទាក់ទាញ​ខ្លះ​លើ​វិស័យ​រោងចក្រ​ សហគ្រាស​ និង​ឃ្លាំង​មួយចំនួន​ ដោយហេតុថា​ ដី​នៅ​ទីនេះ​តម្លៃ​នៅ​ទាប​នៅឡើយ​ បើ​ប្រៀបធៀប​ជាមួយ​តំបន់​ផ្សេង​ៗដែល​ស្ថិត​ក្នុង​គម្រោង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ដូចគ្នា​។ លោក​បន្ត​ថា​ ថ្វី​ត្បី​តតែ​តំបន់​នេះ​ហាក់​មាន​ចម្ងាយ​ឆ្ងាយ​ពី​តំបន់​មួយចំនួន​ទៀត​ ដែល​អាស្រ័យ​ដល់​ការ​ដឹង​ជញ្ជូន​ទៅតាម​ផ្លូវជាតិ​លេខ៣​ ឬផ្លូវជាតិ​លេខ៤ក៏​ពិតមែន​ តែ​ការ​ធ្វើដំណើរ​តាមផ្លូវ​នេះ​ មិន​តម្រូវឲ្យ​ចំណាយពេល​យូរ​ក្នុង​ការ​ដឹកជញ្ជូន​នោះ​ដែរ​។ ដូច្នេះ​ អ្នក​វិនិយោគ​ក្នុង​ផ្នែក​រោងចក្រ​ ក៏ដូចជា​សហគ្រាស​មួយចំនួន​អាច​នឹង​សម្លឹងឃើញ​ពី​ភាពល្អ​ប្រសើរ​ដែល​អាច​ទទួល​បាន​៕