អ្នកជំនាញ​អចលនទ្រព្យ ៖ ដីធ្លីដែលស្ថិតនៅ​ក្នុង​ខណ្ឌមានជ័យ​ បច្ចុប្បន្ន​កំពុង​តែមាន​សក្តានុពលខ្លាំងក្លាបំផុត​

0 41

ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​ មានជ័យ​ ជា​ខណ្ឌ​មួយ​ដែល​មាន​សក្ដានុពល​ និង​ភាព​ទាក់ទាញ​ខ្លាំង​មិនចាញ់​ខណ្ឌដង្កោ​ និង​ខណ្ឌ​មួយចំនួន​ទៀត​ដែល​មាន​ព្រំប្រទល់​ជាប់គ្នា​នោះ​ឡើយ​ ហើយ​កំពុង​មាន​សក្តា​នុ​ពល​ក្នុង​ការ​អភិវឌ្ឍ​។

អគ្គនាយក​ក្រុមហ៊ុន​ Century​21​ Imperial​ Realty​ លោក​ Ken​ Lo​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០១៩​ កន្លងមក​ថា​ ពេលនេះ​តំបន់​មួយចំនួន​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌមានជ័យ​ បាន​បង្ហាញ​ពី​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ ជាពិសេស​ដី​ដែល​ស្ថិតនៅ​ក្បែរ​មហាវិថី​សម្តេច​តេជោ​ ដែល​មាន​ទំហំ៦០ម៉ែត្រ​តែម្ដង​។ លោក​បន្ត​ថា​ ភាព​ទាក់ទាញ​របស់​ខណ្ឌមានជ័យ​ គឺ​មាន​ប្រហាក់​ប្រហែលគ្នា​ទៅ​នឹង​ខណ្ឌ​ដទៃទៀត​ដែល​ស្ថិតនៅ​ជាប់គ្នា​ ដូចជា​ខណ្ឌដង្កោ​ និង​ខណ្ឌ​ច្បារអំពៅ​ជាដើម​។

លោក​បន្ត​ទៀត​ថា​ “ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​មួយ​នេះ​គឺ​មាន​ស្ថានភាព​មិន​ដូចគ្នា​នោះ​ទេ​ ដែល​វា​អស្រ័យ​ទៅតាម​តំបន់​ដែល​មានការ​អភិវឌ្ឍ​រួចរាល់​ និង​តំបន់​ដែល​ទើបតែ​មាន​គម្រោង​អភិវឌ្ឍ​នៅ​ថ្ងៃ​អនាគត​”។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​តំបន់​ដែល​កំពុងតែ​ទទួល​បាន​ចំណាត់ថ្នាក់​ខ្ពស់​ និង​ទាក់ទាញ​បំផុត​នៃ​ខណ្ឌ​មួយ​នេះ​ គឺ​តំបន់​ដែល​ស្ថិតនៅ​ក្បែរ​មហាវិថី​ សម្ដេច​តេជោ​មហាវិថី៥០ម៉ែត្រ​ ដែល​ជា​តំបន់​ប្រមូល​ផ្តុំ​ទៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ​ និង​ទំនើប​ និង​បណ្តុំ​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​នៅពេល​ខាងមុខនេះ​”។

លោក​បាន​បញ្ជាក់​ទៀត​ថា​ នៅ​តំបន់​នេះ​ តម្លៃ​ដី​នៅ​លើ​ទីផ្សារ​អាច​មាន​ចន្លោះ​ចាប់ពី​ ៦០០​-ដល់៣០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ​កន្លងទៅ​ ឬ២ឆ្នាំមុន​ មានតម្លៃ​ត្រឹមតែ៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លើកឡើង​ស្រដៀងគ្នា​នេះ​ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ AMATAK​ Property​ Service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ប្រាប់​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ថា​ វិស័យ​ដីធ្លី​នៅ​តំបន់​ខាងលើ​នេះ​ ពិតជា​មានការ​ប្រែប្រួល​ខ្លាំង​មែន​។ ជាក់ស្តែង​កាលពី​ប្រមាណ៥ឆ្នាំមុន​ តំបន់​បឹងទំពុន​គឺ​គ្រាន់តែ​តំបន់​ទឹកបឹង​ ដែល​ពោរ​ទៅ​ដោយ​ត្រកួន​ កំប្លោក​ និង​ទឹក​ស្អុយ​តែប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​ក្រោម​គោលនយោបាយ​ និង​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ ពេលនេះ​បឹងទំពុន​ប្រៀបបានទៅ​កូនក្រមុំ​ក្នុង​ភ្នែក​អ្នក​វិនិយោគ​។

​លោកស្រី​បាន​បន្ត​ទៀត​ថា​ “បឹងទំពុន​មានសន្ទុះ​អភិវឌ្ឍ​យ៉ាង​លឿន​ ជាពិសេស​បន្ទាប់ពី​លេចចេញ​នូវ​មហាវិថី​សម្ដេច​តេជោ​”។ ផ្អែក​តាម​សន្ទះ​ និង​សកម្មភាព​ជាក់ស្ដែង​ តំបន់​ដ៏​ទាក់ទាញ​មួយ​នេះ​ នឹង​ក្លាយទៅជា​មណ្ឌល​ពាណិជ្ជកម្ម​ទំនើប​យ៉ាង​សកម្ម​ ព្រោះ​ក្រៅពី​មាន​គម្រោង​ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ ប៉េង​ ហួត​ គម្រោង​ផ្សារ​ទំនើប​ AEON​3 គម្រោង​របស់​ក្រុមហ៊ុន​ ជីប​ ម៉ុង​ គម្រោង​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​របស់​ចិន​ R&​F ជាដើម​”។

លោកស្រី ​តាំង​ ហួរ​បាន​បញ្ជាក់​ថា​ មិន​លើស​រយៈពេល ៥ឆ្នាំ​ទៀត​នោះ​ទេ​ តំបន់​មួយ​នេះ​អាច​នឹង​ក្លាយទៅជា​ក្រុង​ដ៏​ឆើតឆាយ​ និង​ស្រស់​ស្អាត​ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត​ ខណៈ​ដែល​គម្រោង​ខុន​ដូ​ បុរី​ និង​សំណង់​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ នឹង​ត្រូវ​បាន​លេចចេញ​ជារូបរាង​៕

Loading...