ឯកឧត្តម វ៉ី សំណាង ៖ បច្ចុប្បន្ននេះ​ខេត្តកំពង់ស្ពឺ​កំពុង​មានការប្រមូលផ្តុំ​​ទៅដោយ​ការ​វិនិយោគផ្នែក​អចលនទ្រព្យ​

456

បច្ចុប្បន្ន​វិស័យអចលនទ្រព្យកំពុងមានការរីកចម្រើនជាលំដាប់ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួន​នៃព្រះរាជាណាចក្រកម្ពុជា​ក៏កំពុងមានការរីកចម្រើនគួរ​ឲ្យកត់សម្គាល់ផងដែរ បើក្រឡេកមើលខេត្តកំពង់ស្ពឺជាខេត្តមួយ​ដែល​ជាប់​នឹង​ខេត្តកណ្តាល​ ហើយកៀកនឹងរាជធានីភ្នំពេញ​ផងដែរ​ ក៏កំពុងមានការរីកចម្រើន​ខ្លាំង​ផងដែរ​។

ខេត្តកំពង់ស្ពឺ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប ហើយនៅចំកណ្ដាលរវាងតំបន់ប៉ូលសេដ្ឋកិច្ចកម្ពុជា គឺរវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានផ្លូវជាតិលេខ៣ និងលេខ៤ ឆាប់ៗនេះ។​ អ្វីដែលពិសេសនោះគឺខេត្តកំពង់ស្ពឺកំពុងតែមានសក្កានុពលយ៉ាងខ្លាំងក្នុងការស្រូបយកគម្រោងជា​ច្រើនមកវិនិយោគនិងធ្វើ​ឲ្យវិស័យ​អចលនទ្រព្យកាន់តែរីកចម្រើនបន្ថែមទៀត។

បើតាម​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍យ៉ាងច្រើនស្ទើរតែគ្រប់វិស័យ ដោយមើលឃើញពីសក្កានុពល២នៃខេត្តកំពង់ស្ពឺ៖

១.កត្តាភូមិសាស្រ្ត៖ ខេត្តកំពង់ស្ពឺជាខេត្តដែលស្ថិតនៅចំកណ្ដាលប៉ូលសេដ្ឋកិច្ចកម្ពុជា និងក្បែរទីក្រុងភ្នំពេញដោយមានតម្រូវការនៃការប្រើប្រាស់ទឹក ភ្លើង និងលំនៅដ្ឋាន ដែលអ្នកបោះទុនវិនិយោគតែងតែគិតដល់ និងជាខេត្តសម្បូរទៅដោយរោងចក្រសហគ្រាស ជាមួយនឹងតម្រូវការប្រើប្រាស់នូវអគ្គសនីច្រើនដោយបានអូសទាញនូវគម្រោងសាងសង់​​​រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្រ​លេច   ឡើង។

២.កត្តាប្រជាសាស្រ្ត៖ ប្រជាជនរស់នៅច្រើនរហូតដល់៨៥ម៉ឺននាក់ ដូច្នេះហើយតម្រូវការក៏ច្រើន មិនថាលំនៅដ្ឋាន ដី ជាពិសេសទឹក និងភ្លើងដែលជាការអុសទាញនូវគម្រោងបង្កើតរោងចក្រអគ្គិសនី រោងចក្រផលិតទឹក ដើម្បីបំពេញនូវតម្រូវការដល់ប្រជាជន។

លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុនឥណ្ឌាកំពុងមានចំណាប់អារម្មណ៍ចង់វិនិយោគរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្ត​កំពង់ស្ពឺ ដែលមានកម្លាំងរហូតដល់៦០មេហ្គាវ៉ាត់ និងបន្តដាក់ឲ្យដំណើរនូវរោងចក្រអគ្គិសនីផ្សេងៗទៀត ដែលមានមូលដ្ឋាននៅក្នុងខេត្ត ដើម្បីផ្គត់ផ្គងនៅក្នុងខេត្ត និងចែកចាយទៅកាន់បណ្តាខេត្តក្រុងផ្សេងទៀតផងដែរ។

គួរជម្រាបផងដែរថា សក្តានុពលខ្ពស់ទាំងប្រជាសាស្ត្រ ភូមិសាស្ត្រ និងមានរោងចក្រច្រើន ទើបមានក្រុមហ៊ុនឥណ្ឌា ចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនបរទេសមក វិនិយោគនៅក្នុងខេត្តមួយនេះ នាពេលខាងមុខនេះ។​

កត្តាទាំងអស់នេះហើយ បានប្រែក្លាយខេត្តកំពង់ស្ពឺឲ្យទៅជាជង្រុកនៃការវិនិយោគលើអចលនទ្រព្យដែលធ្វើឲ្យទីផ្សារ និងតម្លៃអចលនទ្រព្យមានការរីកចម្រើន និងទាក់ទាញការវិនិយោគពីសំណាក់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក៕

Loading...