អស្ចារ្យ​កម្ពុជា​អភិវឌ្ឍន៍ទ្វេដង ! មាន​ក្រុមហ៊ុនជាង៥០ របស់ខេត្តគ័ងទុង មកសិក្សាឈ្វេងយល់ពីការវិនិយោគនៅកម្ពុជា

ចុមយក្សហើយសហគ្រិនវិនិយោគជាង ៥០ ក្រុមហ៊ុនរបស់ខេត្តគ័ងទុង នៃប្រទេសចិន បានមកសិក្សាឈ្វេងយល់អំពីការវិនិយោគនៅកម្ពុជា នាក្នុងកិច្ចប្រជុំពាណិជ្ជកម្មគ័ងទុងអន្តរជាតិស្តីពី ការអភិវឌ្ឍសំណង់អាគារ ឆ្នាំ២០១៨ នៅសណ្ឋាគារ Phnom Penh Royal Palace នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

លោក ​ហ៊ឹន​ ចិន្តា អគ្គលេខាធិការរង នៃគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់បានលើកឡើងថា កម្ពុជាស្វាគមន៍គ្រប់អ្នកវិនិយោគបរទេសមិនថាប្រទេសចិន សហគមន៍អឺរ៉ុប ឬក៏ប្រទេសអង់គ្លេសទេ កម្ពុជាស្វាគមន៍រាល់ការវិនិយោគបរទេស ទាំងអស់ទៅលើអចលនទ្រព្យ ក៏ដូចជាការសាងសង់នូវសំណង់ធំៗ ដូចនៅក្នុងទីក្រងភ្នំពេញ និងនៅក្រុងព្រះសីហនុ។ ហើយខេត្តព្រះសីហនុសព្វថ្ងៃនេះ មានអាគារខ្ពស់​ៗ​ ប្រណីតៗ កើតឡើងដោយ​សារការវិនិយោគនៅក្នុងស្រុក ជាមួយអ្នកវិនិយោគបរទេស ជាពិសេសអ្នក វិនិយោគចិនបាននាំមុខគេនៅកម្ពុជា។

លោកបន្តថា បច្ចុប្បន្ននេះទឹកប្រាក់វិនិយោគចិននៅកម្ពុជា មានការកើនឡើង​ទាក់ទង នឹងអចលនទ្រព្យសាងសង់សំណង់ផ្សេងៗ ដូចជាអាគារស្នាក់នៅអគារពាណិជ្ជកម្ម និងការងារពាណិជ្ជកម្មផ្សេងៗ ហើយថ្មីនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសនៅតាមសេចក្តីថ្លែងការណ៍អំពីសៀវភៅសរៀបចំដែនដី ដើម្បីបើកផ្លូវ​ដល់រាល់អ្នកវិនិយោគទុន មកពីក្រៅស្រុកមកធ្វើការវិនិយោគទៅលើសំណង់អាគារស្នាក់នៅ និងផ្នែកខាងកសិកម្ម កសិឧស្សាហកម្ម ដើម្បីលើកកម្ពស់សក្តានុពលសេដ្ឋកិច្ចនៅកម្ពុជា។

លោក​សង្ឃឹមថា បងប្អូនពាណិជ្ជករ និងអ្នកវិនិយោគចិនទាំងអស់នៅគ័ងទុង ក៏ដូចជាពាណិជ្ជករ អ្នកវិនិយោគិននៅក្នុងប្រទេសចិនទាំងមូល នឹងពិចារណា ចូលរួមនូវការវិនិយោគនៅកម្ពុជាបានកាន់តែច្រើនថែមទៀត តាមរយៈការសាងសង់អាគារផ្សេងៗ ពាណិជ្ជកម្ម កសិឧស្សាហកម្មជាដើម។ កម្ពុជានឹងទទួលអនុ​ញ្ញាតឱ្យវិនិយោគបរទេសពេញលេញ។ លោកបន្តថា បងប្អូនអ្នកវិនិយោគមកពីប្រទេស ចិននឹងសិក្សាបន្ថែមទៀត ថាតើនៅកម្ពុជាអាចវិនិយោគបានយ៉ាងដូចម្តេច មានច្បាប់បទដ្ឋានអ្វីខ្លះដែល​អាចឱ្យបងប្អូនទទួលយកបាន។

លោក ជ័ង ស្យុងមីង អគ្គលេខាធិការវេទិកាការអភិវឌ្ឍពាណិជ្ជកម្មខេត្តគ័ងទុង ខាងវិស័យសំណង់ ដីធ្លី ឆ្នាំ២០១៨ ប្រទេសចិន បានលើកឡើងដែរថា បច្ចុប្បន្ននេះជនជាតិ ចិននៅលើទឹកដីកម្ពុជាមានប្រមាណ១០០ម៉ឺននាក់ បានកំពុងធ្វើការតាមអាជីពរបស់ខ្លូន នៅកម្ពុជា។ លោ​ក​​បន្តថា ការដែលជនជាតិចិនមកនៅកម្ពុជាច្រើននេះ អាចបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា គឺមានភាពស្និទ្ធស្នាល ហើយកម្ពុជាជាប្រទេស ដែលមានប្រជាជនរីករាយរាក់​ទាក់ ហើយសេដ្ឋកិច្ចកម្ពុជាបានកើនឡើងប្រមាណ ៧ភាគរយ ជារៀងរាល់ឆ្នាំជាប់គ្នា ដែលតួលេខនេះត្រូវបានធនាគារពិភពលោកវាយតម្លៃ កម្ពុជាជាប្រទេសជាប់ចំណាក់ថ្នាក់ទី៦ ជាប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយលឿន បើគិតជាមួយប្រទេសអាស៊ាន។

លោកបានឱ្យដឹងទៀតថា ការវិនិយោគរបស់ក្រុមហ៊ុនចិននៅក្រៅស្រុកមានទំហំ រហូតដល់២២០០០លានដុល្លារអាម៉េរិក ក្នុងនោះក្រុមហ៊ុនចិនបានមកធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជាមានចំនួន៤៤ភាគរយ នៃការវិនិយោ​​គ​​ទាំ​ងអស់នៅកម្ពុជា។ ក្នុងនោះអ្នកវិនិយោគចិនបានធ្វើការអភិវឌ្ឍទៅលើវិស័យសំណង់ តាមរយៈ​សហព័ន្ធក្រុម ហ៊ុនចិន ដែលបានធ្វើការប្រមែប្រមូលសហគ្រាសមកធ្វើការ លើផ្នែកសំណ​ង់ និងអាជីវកម្ម ផ្សេងៗទៀត ដោយយោងតាមគោលនយោបាយ «ផ្លូវមួយ ខ្សែមួយ» របស់ប្រទេសចិន៕