មុខ​របរ​ច្នៃត្បូងកំពុង​ពេញ​និយ​ម​បំផុត​ក្នុង​ខេត្តប៉ៃលិន​ដែលអាចរកចំណូលរាប់ពាន់ដុល្លារ​

ប៉ៃលិន ៖ ខេត្តប៉ៃលិន​ជាខេត្ត​មួយ​សម្បូរទៅ​ដោយ​ធនធានធម្មជាតិ​ដ៏មានតម្លៃបំផុត​​ទាំង​ក្នុងដី និង​នៅលើដី ហើយ​វា​បាន​រកចំណូល​ឲ្យ​ប្រជាពលរដ្ឋ​បាន​យ៉ាង​ច្រើន​ក្រាស់ក្រែល​ផងដែរ​ ដែល​បច្ចុប្បន្ន​នេះ​ខេត្តប៉ៃលិន​មាន​ត្បូង​ជាច្រើន​ប្រភេទ​មាន ត្បូងទទឹម​ និងត្បូងកណ្តៀង​ជាច្រើន បាន​ដាក់លក់នៅតាម​ទីផ្សារ​។

អាជីវកម្មនេះ​ក៏បានទាក់ទាញភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​​យ៉ាងច្រើនកុះករ​ផងដែរ កាលណាពួកគេមក​ទស្សនា​គេមិន​ភ្លេច​ទៅទស្សនាកន្លែង​ច្នៃ និងលក់ត្បូង​ ដែលបាន​ដាក់តម្រៀប​គ្នា​ជាជួរ​ ជាមួយទូរកញ្ចក់​ចាំដោយ​ត្បូង​បែបធម្មជាតិ​ដ៏សែនស្រស់ត្រកាល។ ចម្ងាយពីទីតាំងប្រវត្តិសាស្រ្តនេះប្រហែល១០០ម៉ែត្រមានផ្ទះអាជីវករច្នៃត្បូងយីហោ លី ពៅ មួយកន្លែងដែលបានបើកអាជីវកម្មមួយនេះតាំងពីឆ្នាំ២០០២មកម្លេះ។

លោកសាន ហ្វារីត ជាអ្នកលក់ត្បូងក្នុងហាងមួយនេះបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នហាងរបស់គាត់លក់ដាច់បានច្រើន​គួរសម ពិសេសរដូវកាលដែលសម្បូរភ្ញៀវទេសចរណ៍ឆ្លងកាត់ទាំងភ្ញៀវជាតិ និងបរទេស​ដែលពួកគាត់ចាប់អារម្មណ៍​យ៉ាងខ្លាំងទៅលើគុណភាព និងភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរ ដែលពួកគាត់ខិតខំកែច្នៃត្បូងរបស់ខ្មែរ ឡាវ អាហ្រ្វិក និងប្រទេសនានាផ្សេងទៀតនៅជុំវិញពិភពលោក។

នកលក់រូបនេះ បន្ថែមថា ទោះបីជាអាចលក់ដាច់ច្រើនទៅកាន់ភ្ញៀវទេសចរណ៍ក្តី ប៉ុន្តែងាកមកការលក់ក្នុងតំបន់វិញ គឺមិនសូវមានដំណើរការល្អប៉ុន្មានឡើយ ដែលតម្រូវឲ្យអ្នករកស៊ីរបរមួយនេះត្រូវប្រើប្រាស់ជំនួយសម្រាប់ផ្សព្វផ្សាយឲ្យបានឆ្ងាយជាងតំបន់ដែលខ្លួនកំពុងតែបោះទីតាំងទើបអាចលក់ដាច់បានច្រើន៕