អតីតគ្រូក្លិបគោជល់អាល្លឺម៉ង់ដឹកនាំ Saints បញ្ចប់ភាពមិនចាញ់២២ប្រកួតជាប់គ្នារបស់ Arsenal

ក្រុម Southampton ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Ralph Hasenhuttl បានបញ្ចប់ភាពមិនចាញ់២២ប្រកួតជាប់គ្នារបស់ Arsenal និងឈ្នះក្នុងផ្ទះខ្លួនឯងក្នុងក្របខ័ណ្ឌ Premier League ជាលើកដំបូងតាំងពីខែមេសាមក ដោយការតែតរបស់ Charlie Austin ក្នុងនាទី៨៥យប់ថ្ងៃអាទិត្យទី១៦ខែធ្នូឆ្នាំ២០១៨។

ហើយនេះក៏ជាជ័យជម្នះលើកដំបូងក្នុងគ្រប់ពានរង្វាន់ទាំងអស់របស់ Saints ក្នុងរដូវកាលនេះតាំងពីខែកញ្ញាមក។

ក្នុងការប្រកួតយប់មិញ ម្ចាស់ផ្ទះ Saints បានបើកការនាំមុខមុនដង មុនធានាបានជ័យជម្នះ ដោយគ្រាប់បាល់របស់ Austin។

Danny Ings បើកការនាំមុខឱ្យ Saints ក្នុងនាទីទី២០ រួច Henrikh Mkhitaryan តាមស្មើឱ្យ Arsenal ក្នុងនាទី២៨។ នៅនាទី៣០ Ings ដដែល បើកការនាំមុខជាលើកទី២ឱ្យក្រុមរបស់ខ្លួនក្នុងនាទី៤៤។ ស្រាប់តែនៅនាទី៥៣ Mkhitaryan ដដែល ជាអ្នកតាមស្មើឱ្យក្រុមកាំភ្លើងធំ។

តែ៥នាទីមុនចប់ម៉ោងធម្មតា Austin តែតគ្រាប់ជ័យជម្នះយក៣ពិន្ទុសម្រាប់ Saints ទាល់តែបាន ហើយបាននាំក្រុមឡើងផុតពីតំបន់ក្រហម ទៅឈរចំណាត់ថ្នាក់ទី១៧។

ក្រោយចប់ការប្រកួត លោក Ralph Hasenhuttl ដែលមានរហស្សនាម “Klopp នៃតំបន់ភ្នំ Alps” អំឡុងពេលដឹកនាំ RB Leipzig បានរត់ចូលអបអរជាមួយកីឡាករនៅលើទីលាន។ បន្ទាប់មកគ្រូជនជាតិអាល្លឺម៉ង់រូបនេះបានសុំទោសលោក Emery ចំពោះការភ្លេចចាប់ដៃ។

ពាក់ព័ន្ធនឹងការប្រកួត លោក Ralph និយាយអ្វីដែលក្រុមលោកអាចធ្វើបានក្នុងពេល១សប្ដាហ៍គឺពិតជាមហស្ចារ្យ។ ក្រុមលេងប្រកបដោយអាំងតង់ស៊ីតេខ្លាំង ផ្ដោតលើការប្រកួតពេញលេញ និងគ្មានភាពភ័យខ្លាចទាល់តែសោះនៅពេលមានឱកាស។

ចំណែកលោក Emery វិញបានលើកឡើងថាក្រុមរបស់លោកអាចចាញ់នៅពេលណាមួយ ហើយទីបំផុតគឺចាញ់យប់មិញ ក្រោយមិនចាញ់២២ប្រកួតជាប់គ្នា៕