ទស្សនា​វីដេអូ ចាន់ វឌ្ឍនាកា លើក​បាល់​ជ្រុង​ឱ្យ​មិត្តរួម​ក្រុម PKNS តែត​ចូល​​ក្រុម​ធារី ថ្ងៃ​បើក​ឆាក​លីគ​កំពូល​ម៉ាឡេស៊ី

ខ្សែ​ប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ក្នុងការ​ប្រកួត​បើក​ឆាក​រដូវកាល​២០១៩​របស់​ក្រុម PNKS នៅ​ទឹកដី​ក្រុម Terengganu ដែល​មាន​ខ្សែ​បម្រើ​ឆ្នើម​កម្ពុជា ប៊ីន ចន្ថា ធារី​ កាល​ពី​យប់​ថ្ងៃ​សុក្រ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៩។

វឌ្ឍនាកា ត្រូវ​បាន​ផ្ដល់​ទំនុក​ចិត្ត​ពី​គ្រូ​បង្វឹក Rajagopal ក្នុង​ការ​រ៉ាប់រង​បាល់ set-piece​។ នៅ​ពាក់​កណ្ដាល​វគ្គទី​២ កូន​ប្រុស​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម បាន​លើក​បាល់​ចេញ​ពី​ជ្រុង​ខាង​ស្ដាំ​ បាន​យ៉ាង​ល្អ ឱ្យ​មិត្ត​រួម​ក្រុម PKNS តែត​បញ្ចូល​ទី​យក​គ្រាប់​នាំ​មុខ​។ តែ​នៅ​ចុង​វគ្គទី​២ ក្រុម​​ម្ចាស់​ផ្ទះ Terengganu បាន​វាយ​បក​យក​ស្មើ​វិញ​ទាល់​តែ​បាន​សម្រេច បន្ទាប់​ពី​ព្យាយាម​សង្កត់​​នៅ​ចុង​ម៉ោង​។

វឌ្ឍនាកា ត្រូវ​បាន​ប្ដូរ​ចេញ​ក្នុងនាទី​៩០+១​ ដោយ​គ្រូ PKNS ដាក់​ចូល​ខ្សែ​ការពារ​បន្ថែម​ដើម្បី​ពង្រឹង​កំពែង​មុខ​ទី​របស់​ខ្លួន​ ហើយ​ទី​បញ្ចប់ ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​​ស្មើ​គ្នា​១-១។

សូមរំឭកថា ក្នុងការ​ចូលលេង​ប្រកួត​មិត្តភាព​ត្រៀម​បើក​រដូវកាល វឌ្ឍនាកា ក៏​បាន​ស៊ុត​បញ្ចូល​ទី​ឱ្យ PKNS ផងដែរ​ក្នុងការ​ប្រកួត​​ទល់នឹង​ PKNP៕