ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលទំនាក់ទំនងស្នេហារវាងតារាសម្ដែងប្រុសស្រីលោក Gun Naphat និង នាង Marie មានរឿងប្រេះឆាមក ក៏មានពាក្យចចាមរាមថា មានអ្នកទី៣ចូលជ្រៀតជ្រែក និងគ្រួសារខាងប្រុសមិនពេញចិត្តខាងស្រីទៀតផង ធ្វើឲ្យមហាជនជាច្រើនលឺហើយពិតជាភ្ញាក់ផ្អើល និងអាណិត Marie ខ្លាំងណាស់ មិននឹកស្មានថាគេគិតបែបហ្នឹងចំពោះនាងនោះទេ។
ជាក់ស្ដែងថ្មីៗនេះ ដើម្បីឲ្យមហាជននិងហ្វេនៗជាច្រើនអស់ចម្ងល់ Gun ក៏បានចេញមុខបកស្រាយរឿងនេះនៅក្នុងបណ្ដាញសង្គមខ្លួនលើកដំបូង និងថែមទាំងបង្ហើបថាលោកបាននិយាយជាមួយ Marie រួចហើយ ហើយក៏យល់ព្រមកាន់ដៃគ្នាបន្ដដំណើរទៅមុខទៀតផងដែរ។
ក្នុងនោះលោក Gun បានរៀបរាប់ថា «ខ្ញុំជឿជាក់ថា រាល់សេចក្តីស្នេហា តែងតែមានពេលវេលាល្អហើយក៏មានឧបសគ្គ។ ពេលខ្លះ ក៏មិនយល់ពីគ្នា ដូចដែលបានកើតឡើង នៅក្នុងករណីរបស់ខ្ញុំ ខ្ញុំសារភាពថា យើងត្រូវដើរថយក្រោយមួយជំហានម្តងៗ សាកល្បងមើលអ្នកផ្សេង អាចនឹងមានពេលវេលា ដើម្បីពិនិត្យមើល រឿងរ៉ាវផ្ទាល់ខ្លួនរបស់យើង តែខ្ញុំមិនដែលគិតធ្វើបាបមនុស្សដែលខ្ញុំស្រលាញ់នោះទេ។ថ្មីៗនេះ ពួកយើងបាននិយាយគ្នាហើយថា យើងទាំងពីរនឹងត្រៀមខ្លួន ដើម្បីបន្តតស៊ូជាមួយគ្នា។ ហើយ ថ្ងៃនេះ ខ្ញុំនៅតែមានឱកាសថែរក្សារបស់ដ៏មានតម្លៃសម្រាប់ខ្ញុំផងដែរ។ ខ្ញុំត្រូវតែធ្វើឱ្យអស់ពីសមត្ថភាព។ ហើយកាលពីមុនមកនេះ ដែលខ្ញុំមិនបានចេញមកបង្ហាញអ្វី ព្រោះតែខ្ញុំចង់និយាយដោយភាពជឿជាក់ លើការដើរទៅមុខ ថាតើពួកយើងនឹងធ្វើបែបណា?
ប៉ុន្តែ នៅពេលកើតការរិះគន់ អំពីសកម្មភាពរបស់ខ្ញុំ ព្រមទាំងការពិតដែល ខ្ញុំមិនបាននិយាយអ្វីដែលបានកើតឡើង តែចង់ណែនាំថា ខ្ញុំរីករាយនឹងស្តាប់ ហើយចំពោះអ្នកដែលចង់ស្ដី ឬចង់បន្ទោសអ្នកណា សូមស្តីបន្ទោសឲ្យខ្ញុំតែម្នាក់ឯងបានហើយ ខ្ញុំទទួលខុសត្រូវតែខ្លួនឯង ហើយក៏សូមអភ័យទោស និងសូមអរគុណចំពោះការយោគយល់ផងដែរ»។
ក្រោយពេលលឺបែបនេះហើយ ហ្វេនៗជាច្រើនពិតជាត្រេកអរ ដែលក្រោយភ្លៀងមេឃស្រឡះ ពោលគឺអ្នកទាំងពីរបានត្រូវរូវគ្នាវិញ ព្រមកាន់ដៃគ្នាបន្ដដំណើរទៅមុខទៀតសារជាថ្មីបន្ដទៀតហើយ៕
អត្ថបទដោយ៖ស៊ីវលី